CAMBO REPORT

Popup Advertising5 seconds

Xiaomi Mi Pad 4 នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៥ មិថុនា​ខាង​មុខនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតក្រុមហ៊ុន Xiaomi នៅតែព្យាយាមបញ្ចេញថេប្លេតជំនាន់ថ្មី របស់ខ្លួនដដែល ដោយមិនបោះបង់នោះទេ ហើយតែងតែព្យាយាម រក្សាតម្លៃរបស់វា ឲ្យទាបជាងគេផងដែរ។ កាលពីជំនាន់ Mi Pad 2 វាទទួល បានជោគជ័យខ្ពស់ ដោយសារតែតម្លៃ របស់វាមិនដល់ ២០០ ដុល្លារឡើយ ប៉ុន្តែបានប្រើប្រាស់ នូវអេក្រង់ 2K កម្លាំងម៉ាស៊ីនខ្លាំងគួរសម ជាមួយបន្ទះឈីប Intel Atom ប៉ុន្តែនៅជំនាន់ Mi Pad 3 មិនសូវជោគជ័យ ប៉ុន្មាននោះទេ ព្រោះតម្លៃវាថ្លៃ ជាងមុនច្រើន។ ហើយក៏ប្រើប្រាស់ ឈីបខ្សោយជាងមុន ផងដែរ ដោយជ្រើសរើស ឈីប MediaTek លំដាប់ថវិកាប៉ុណ្ណោះ និងចំណុចមួយចំនួនធំ ក៏មិនបានបង្កើន អោយល្អជាងមុនដែរ។

យ៉ាងណាមិញ សម្រាប់ Mi Pad 4 ដែលបង្ហាញខ្លួន នៅថ្ងៃទី ២៥ ខាងមុខនេះ ទំនងជាមានលក្ខណៈសម្បត្តិ ប្លែកច្រើន សូម្បីតែរូបរាង ក៏បានកែប្រែថ្មីផងដែរ បើក្រលេក ទៅលើរូបភាព Poster ដែល Xiaomi បានចុះផ្សាយ ខាងលើនេះ បង្ហាញថា Mi Pad 4 នឹងមានរូបរាង ស្រដៀងនឹង iPad mini អញ្ចឹងដែរ ដោយខាងលើមាន សន្ទះមួយ និងកាមេរ៉ាលៀនចេញបន្ដិច ហើយសម្រាប់រន្ធ បំពងសម្លេង ក៏មិនមែន នៅខាងក្រោយទៀតដែរ និងមានអេក្រង់ដល់ ៨ អ៊ីញ ធំជាងមុនបន្ដិច។ អេក្រង់របស់ Mi Pad 4 គេរំពឹងថា វានៅតែប្រើប្រាស់ អេក្រង់ LCD ដដែល ជាមួយនឹងកម្រិត បង្ហាញ 1536 x 2046 ភិចស៊ែល និងដង់ស៊ីតេ 320 PPi ដែលប្រហែលជា មិនមែនជា អេក្រង់ខ្នាត 18:9 Ratio ឡើយ។
ឯផ្នែកកម្លាំងម៉ាស៊ីនវិញ បានលេចលឺដំណឹងមកថា វាអាចនឹងប្រើប្រាស់ឈីប Snapdragon 660 ដែលស្ថិតនៅលំដាប់ បង្គួរដូចជា Nokia 7 Plus និង Mi Note 3 ដែរ ជាមួយល្បឿនស៊ីភីយូ ២.០ ទៅ ២.២ ជីកាហឺត និងមានរ៉េម ៤ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃឡើងទៅ។ Mi Pad 4 និងដំណើរកាដោយ Android Oreo 8.1 ស្រោបដោយ MIUI 10 មកស្រាប់ និងមានកាមេរ៉ា ក្រោយទំហំ ១៣ មេហ្គាភិចស៊ែល និងមានកាមេរ៉ាមុខ ៥ មេហ្គាភិចស៊ែល ព្រមទាំងទំហំថ្មធំ ៦,០០០ មីលីអំពែ និងប្រើប្រាស់បច្ចេកវិទ្យា សាកថ្មលឿន ២ អំពែ ជាមួយក្បាលសាក ១០ វ៉ាត់ផងដែរ។

អញ្ចឹង ទាំងអស់នេះ គឺជាអ្វីដែលយើងបានដឹងអំពី Mi Pad 4 ដែលវានឹងចេញជាផ្លូវការ នៅថ្ងៃទី ២៥ មិថុនា ខាងមុខនេះហើយ ដែលតម្លៃរបស់វា យើងអាចទាយបានថា ក្រោម ៣០០ ដុល្លារប៉ុណ្ណោះ ដូច្នេះប្រសិនបើអ្នក ដែលកំពុងប្រើប្រាស់ Mi Pad 2 ឬ Mi Pad 3 អ្នកអាចរង់ចាំមើល Mi Pad 4 ដែលត្រៀមប្រកាស ចេញនេះបាន ដើម្បីស្វែងយល់ថា តើគួរតម្លើង ឬក៏អត់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ថេប្លេត