CAMBO REPORT

Popup Advertising5 seconds

Vivo NEX ចេញ​ជា​ផ្លូវ​ការ ជាមួយ​អេក្រង់ Super AMOLED លាត​ស្ទើរ​ពេញ​ទំហំ ៦.៥៩ អ៊ីញ និង​កម្លាំង​ម៉ាស៊ីន​កប់​តែ​ម្ដង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតការបង្ហាញខ្លួនរបស់ Vivo NEX ត្រូវបានចេញជាផ្លូវការហើយ ដោយកាលពីយប់មិញនេះ ក្រុមហ៊ុនបានធ្វើ ព្រឹត្តការណ៍សម្ពោធចេញ Vivo NEX នៅក្នុងប្រទេសចិន ដែលវាគឺជាស្មាតហ្វូន ដែលទាក់ភ្នែកមនុស្ស ជាច្រើនលាននាក់ បន្ទាប់ពីបានបង្ហាញ ទូរសព្ទគម្រូអនាគត នៅក្នុងព្រឹត្តិការណ៍ MWC ២០១៨ កន្លងទៅ ដែលពេលនោះ វាមានឈ្មោះថា Vivo APEX ប៉ុន្តែពេលនេះ វាមានឈ្មោះថា NEX។

Vivo APEX ពិតជាមានរូបរាងហំហួន រូបរាងចាំងស្រស់ស្អាត ជាមួយនឹងអេក្រង់លេចធ្លោ ដោយនៅផ្ទៃខាងមុខ របស់វាត្រូវបំពាក់ជាមួយនឹងអេក្រង់ លាតស្ទើរគ្មានគែម ដោយគេហៅថា Ultra FullView “Zero Screen” ដែលនេះ គឺជាកម្រិតអេក្រង់លាត ដែលមានគែមខ្លីបំផុត នាពេលបច្ចុប្បន្ន ធ្វើឲ្យអេក្រង់ របស់វាលាត ៩១.២៤ % នៅពេញផ្ទៃ ខាងមុខតែម្ដង មានទំហំសរុប ៦.៥៩ អ៊ីញ ជាប្រភេទអេក្រង់ Super AMOLED និងមានកម្រិត បង្ហាញរូបភាព Full HD+ (2316 x 1080 ភិចស៊ែល) ជាមួយដង់ស៊ីតេ អេក្រង់ ៣៨៨ ភិចស៊ែល ក្នុងមួយអ៊ីញ។

ការធ្វើអេក្រង់លាតធំពេញផ្ទៃទាំង ៣ និងសល់ចង្កាខាងក្រោម បន្ដិចបែបនេះ ធ្វើឲ្យមនុស្សគ្រប់គ្នា ស្ងើចសរសើរមែនទែន ហើយយើងក៏មិនបាន ឃើញវាមានបំពាក់ រន្ធស្ដាប់សម្លេង និងស៊េនស័រនិយាយ ទូរសព្ទនៅផ្នែកខាងលើ នោះដែរ ដោយក្រុមហ៊ុនបាន បំពាក់បច្ចេកវិទ្យា រលកសម្លេងថ្មីហៅថា SoundCasting Technology ដែលស៊េនស័រនេះ វានឹងធ្វើឲ្យទូរសព្ទមានរំញ័រ ដើម្បីបង្កើតជាសម្លេង ហើយក្រុមហ៊ុនក៏បានអះអាងថា វាមិនមានគុណភាពសម្លេងអន់ ដូចជាអ្វីដែលក្រុមហ៊ុនដទៃ បានធ្វើនោះទេ (Xiaomi Mix ជំនាន់ទី ១) ដោយវានឹងផ្តល់សាច់ សម្លេងបាស និងសម្លេងស្រាលបានល្អ ហើយនៅបង្កប់ ស៊េនស័រនិយាយទូរសព្ទ នៅជាមួយអេក្រង់ផងដែរ។ សូម្បីតែកាមេរ៉ាមុខ ក៏ត្រូវបានបង្កប់ នៅក្នុងតួខ្លួនដែរ ដោយនៅពេល ប្រើប្រាស់វានឹងហូត ចេញក្រៅ ថែមទាំងបញ្ចេញសម្លេង ដូចជាមនុស្សយន្ដផងដែរ នៅពេលហូត។

កាមេរ៉ាខាងមុខនេះ ត្រូវបានប្រើប្រាស់ស៊េនស័រទំហំ ៨ មេហ្គាភិចស៊ែល Aperture f/2.0 ដែលថតបានទូទៅ ដូចស្មាតហ្វូនធម្មតាអញ្ចឹង ហើយនៅខាងក្រោយ គឺជាកាមេរ៉ាភ្លោះ ដោយមួយគ្រាប់ទំហំ ១២ មេហ្គាភិចស៊ែល Aperture f/1.8 ប្រើប្រាស់ស៊េនស័រ Sony IMX363 ចាប់រូបភាពច្បាស់ក្នុង ទំហំ ១.៤ មីក្រូភិចសែល និងមានមុខងារ ទប់លំនឹង ៤ អ័ក្សផងដែរ ជំនួយដល់ការថតវីឌីអូ បានដល់កម្រិត 4K ឲ្យកាន់តែមានលំនឹង ចំណែកមួយគ្រាប់ទៀត គឺជាកាមេរ៉ាជំនួយទំហំ ៥ មេហ្គាភិចស៊ែល Aperture f/2.4 សម្រាប់ផលិត រូបភាព Bokeh Effect និង Wide Aperture ជាដើម។

អ្វីដែលក្រុមហ៊ុន Vivo ធ្វើបានមុនគេ និងតែងធ្វើបានល្អនោះ គឺបច្ចេកវិទ្យាស្កេនម្រាមដៃ លើអេក្រង់ នេះតែម្ដង។ ស្របពេលដែលក្រុមហ៊ុនដទៃ មិនទាន់មានបច្ចេកវិទ្យានេះ ក្រុមហ៊ុន Vivo និង Xiaomi បានព្យាយាមខ្លាំងណាស់ ទៅលើការផលិតវា ជាក់ស្ដែងសម្រាប់ស៊េនស័រ ស្កេនម្រាមដៃលើអេក្រង់ ជំនាន់ទី ៣ របស់ Vivo នេះ ក្រុមហ៊ុនអះអាងថា វាធ្វើការបាន ប្រសើរជាង X21 UD ប្រមាណជា ១០% សម្រាប់ការសម្គាល់ និងដោះសោរ។ លើពីនេះទៅទៀត បច្ចេកវិទ្យាសម្លេង ក៏សំខាន់ណាស់ដែរ ហើយ Vivo ក៏មិនធ្វើឲ្យអ្នក អស់សង្ឃឹមដែរ ដោយបានបំពាក់ ជាមួយនឹង បច្ចេកវិទ្យាសម្លេង 3D កម្រិត ៧.១ Channel ដែលបានសហការ ជាមួយនឹង dtsX ផ្ដល់ឲ្យអ្នកនូវសម្លេង Hi-Fi ដែលមានគុណភាពខ្ពស់ នៅពេលដែលដោតកាសស្ដាប់។

Vivo NEX ត្រូវបានបែងចែកចេញជា ២ ម៉ូឌែលគឺ NEX S និង NEX A ដោយត្រកូល NEX S ត្រូវបានបំពាក់កម្លាំង ម៉ាស៊ីនកប់តែម្ដង ជាមួយនឹង៖

 

•    ឈីបនាគរាជ ៨៤៥

•    ស៊ីភីយូ ៨ គ្រាប់ល្បឿន ២.៧ ជីកាហឺត + ១.៧ ជីកាហឺត

•    ក្រាហ្វិច Adreno 630

•    រ៉េម ៨ ជីកាបៃ

•    អង្គផ្ទុកទិន្នន័យ ១២៨ ឬ ២៥៦ ជីកាបៃ

•    ដំណើរការដោយ Android Oreo និងប្រើផ្ទៃអ៊ីនធើហ្វេសថ្មីហៅថា Energy UI

•    ថាមពលថ្មទំហំ ៤,០០០ មីលីអំពែ ប្រើប្រាស់រន្ធសាក Type-C និងមានក្បាលឆ្នាំងសាក ២២.៥ វ៉ាត់អាចសាកថ្ម បានលឿន។

•    ចំណែកឯម៉ូឌែល NEX A វិញវាត្រូវបានប្រើប្រាស់ឈីប Snapdragon 710 ដែលស្ថិតក្នុង លំដាប់បង្គួរប៉ុណ្ណោះ មានរ៉េម ៦ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ ក្រៅពីនេះ មានលក្ខណៈសម្បត្តិ ដូចគ្នាទាំងអស់។

 

ក្រុមហ៊ុនមិនផ្ដោតសំខាន់តែលើម៉ាស៊ីននោះទេ នៅលើ Vivo NEX ទាំងពីរម៉ូឌែលនេះ វាត្រូវបានក្រុមហ៊ុនសហការ ជាមួយនឹង Tencent Games ដែលបង្កើតបានជា មុខងារ Gaming Engine ដើម្បីជួយសម្រួលដល់ ដំណើរការ ផ្នែករឹង និងផ្នែកទន់ របស់ទូរសព្ទ ផ្ដល់ឲ្យអ្នកប្រើប្រាស់ នូវបទពិសោធន៍លេងហ្គេម យ៉ាងឡូយតែម្ដង។

ជាចុងក្រោយ ក្រុមហ៊ុនក៏បានបញ្ចេញនូវបច្ចេកវិទ្យា Voice Assistant ផ្ទាល់ខ្លួនថ្មី ផងដែរ ដោយនៅខាងឆ្វេងទូរសព្ទ យើងទទួលបាន ប៊ូតុងថ្មីហៅថា Jovi AI ដែលធ្វើការ ស្រដៀងនឹង Bixby, ThinQ អញ្ចឹងដែរ ដោយយើងអាចបញ្ជា វាដោយប្រើប្រាស់សម្លេង ប្រើដើម្បីពិនិត្យ ព័ត៌មានលំអិត និងស្វែងរកទិញ -ល-។ យ៉ាងណាមិញ វាប្រើប្រាស់ជា ភាសាចិនកុកងឺ ដោយើងនៅមិន ទាន់ដឹងថា អាចប្រើប្រាស់ ភាសាអង់គ្លេសបានឬ ក៏អត់នោះទេ។

Vivo NEX នឹងត្រូវចេញលក់ជាផ្លូវការឆាប់ៗនេះហើយ ជាមួយនឹងជម្រើស ២ ពណ៌គឺខ្មៅ និង ក្រហម ដោយតម្លៃរបស់វា មិនទាបនោះទេ ទៅតាមម៉ូឌែល៖

 

•    ម៉ូឌែល NEX S ឈីបនាគរាជ ៨៤៥ រ៉េម ៨ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ២៥៦ ជីកាបៃ (តម្លៃ ៧៨០ ដុល្លារ)

•    ម៉ូឌែល NEX S ឈីបនាគរាជ ៨៤៥ រ៉េម ៦ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ (តម្លៃ ៧០២ ដុល្លារ)

•    ម៉ូឌែល NEX A ឈីបនាគរាជ ៧១០ រ៉េម ៦ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ (តម្លៃ ៦០៩ ដុល្លារ)

សរុបមក ទាំងនេះគឺជាលក្ខណៈសម្បត្តិត្រួសៗរបស់ Vivo NEX S និង NEX A ដែលយើងឃើញថា ចំណុចលេចធ្លោ ច្រើនគួរសម ដូចជាអេក្រង់លាតកប់, អាចស្កេនម្រាមដៃ លើអេក្រង់បាន, មានថ្មធំ សាកបានលឿន, កម្លាំងម៉ាស៊ីនកប់, ប្រព័ន្ធប្រតិបត្តិការណ៍ថ្មី ជាមួយបច្ចេកវិទ្យា សម្លេង AI ផ្ទាល់ខ្លួន និងបច្ចេកវិទ្យា ទ្រទ្រង់ហ្គេម, និងបច្ចេកវិទ្យា សម្លេង Hi-Fi ផងដែរ។ អញ្ចឹង តើប្រិយមិត្តយល់ យ៉ាងណាដែរ ចំពោះស្មាតហ្វូនអនាគត ដែលក្រុមហ៊ុន Vivo ទើបតែបានបង្ហាញ ខាងលើនេះ? អាចទាក់ចិត្ត អ្នកបានប៉ុណ្ណា? ហើយកុំភ្លេចរង់ចាំ ទស្សនាការបង្ហាញលក្ខណៈសម្បត្តិ របស់វាពីក្រុមការងារ ខេមបូរីផត៕

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ