CAMBO REPORT

Popup Advertising5 seconds

9 ចំនុច​ធំ​ៗ ដែល​យើង​រំពឹង​ទុក​ពី​ព្រឹត្តិ​ការណ៍​ហ្គេម​ប្រចាំ​ឆ្នាំ E3 2018

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ព្រឹត្តិការណ៍យក្ស បង្ហាញអំពីហ្គេមធំៗ ហ្គេមថ្មីៗ ហ្គេមល្បី សម្រាប់ឆ្នាំ 2018 ដែលយើងគ្រប់គ្នា បានស្គាល់ និងដឹងរួចទៅហើយ នោះគឺ E3 ត្រៀមនឹងមកដល់ នាសប្ដាហ៍ក្រោយនេះហើយ ធ្វើឡើងនៅ Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ជាមួយនឹងការ ចូលរួមយ៉ាងច្រើន ពីសំណាក់ក្រុមអ្នក អភិវឌ្ឍន៍ហ្គេម ពិសេសហ៊ុនផលិត ហ្គេមធំៗតែម្ដង។ អញ្ចឹងតើឆ្នាំ 2018 នេះ យើងនឹងទទួលបាន អ្វីដែលប្លែក? ប៉ុន្មានជា 2-3 សប្ដាហ៍ កន្លងមកនេះ យើងទទួលបានដំណឹងក្ដៅៗ ជាច្រើនជុំវិញហ្គេមធំៗ ដែលត្រៀមនឹងមកដល់ ឆាប់ៗខាងមុខនេះ រួមមានដូចជា Call of Duty: Black Ops 4, Battlefield 5, Rage 2, Fallout 76, Pokemon: Lets Go និង Assassin’s Creed Odyssey ជាដើម តែហ្គេមទាំងនោះ មានខ្លះជាដំណឹងផ្លូវការ ហើយខ្លះគ្រាន់តែ ជាព័ត៌មាន និងវីដេអូ បែកធ្លាយប៉ុណ្ណោះ ដោយដំណឹងពិតប្រាកដ នឹងត្រូវលាតត្រដាងក្នុង ព្រឹត្តិការណ៍ E3 ដោយខាងក្រោម គឺជាអ្វីដែលយើងរំពឹងទុក។

The Other Pokemon Game

 

កាលពីពេលថ្មីកន្លងទៅ មានដំណឹងលេចឮជាច្រើនជុំវិញហ្គេម Pokemon ដោយឆ្នាំនេះ វានឹងអាចបង្ហាញខ្លួននៅលើ Platform ជាច្រើនទៀត រួមមានហ្គេមសម្រាប់ លេងនៅលើ Nintendo Switch ជាដើម។ ក្នុងនោះអ្វីដែលយើងបាន ដឹងគឺថា Pokemon Let’s Go នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ។

 

Metroid Prime 4

 

ឆ្នាំមុនមានអ្នកចូលចិត្តលេងហ្គេមមិនតិចនោះទេ ដែលភ្ញាក់ផ្អើលអំពី គម្រោងហ្គេម Metroid បានកំពុងស្ថិតនៅក្នុងការផលិត ហើយ E3 ឆ្នាំនេះ វាអាចនឹងបង្ហាញខ្លួន ជាមួយនឹងឈុតឆាកប្លែកៗ ដែលមានលេង នៅលើម៉ាស៊ីនហ្គេម Nintendo Switch ត្រៀមនឹងចេញ ឲ្យលេងជាផ្លូវការ នៅឆ្នាំ 2019។

 

Star Fox

 

ហ្គេមប្រណាំងឡាន Star Fox គឺជាហ្គេមមួយ ដែលទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកលេងហ្គេមទូទៅ ហើយឆ្នាំនេះ វាអាចនឹងបង្ហាញខ្លួនម្ដងទៀត ក្នុងព្រឹត្តិការណ៍ E3 ជាហ្គេមជំនាន់ថ្មី អាចនឹងមានឈ្មោះ ហៅជាផ្លូវការថា Star Fox Grand Prix ដែលមានលេងច្រើន នៅលើម៉ាស៊ីនហ្គេមទូទៅ ថែមទាំងមានលេងនៅ លើម៉ាស៊ីន Switch។


Rage 2 និង Fallout 76

 

ប៉ុន្មានឆ្នាំកន្លងមកនេះ មានដំណឹងលេចឮជាច្រើនជុំវិញក្រុមផលិតហ្គេម Bethesda បានធ្វើការយ៉ាងសកម្មជុំវិញការនាំយក ហ្គេមជំនាន់ថ្មី មកកាន់ទីផ្សារ ហើយឆ្នាំនេះ ដូចប្រិយមិត្ត ដែលចូលចិត្តតាមដាន ព័ត៌មានហ្គេម ប្រាកដ ជាដឹងគឺថាហ្គេម Rage 2 និង Fallout 76 នឹងត្រូវយកមកប្រកាស ជាផ្លូវការក្នុង ព្រឹត្តិការណ៍ E3។

 

Kingdom Hearts វគ្គ 3

 

E3 ឆ្នាំនេះ ហ្គេម Kingdom Hearts ដែលជាហ្គេមដ៏ល្បីល្បាញមួយក្នុងទីផ្សារហ្គេមជប៉ុន នឹងចេញវគ្គទី 3 ថ្មី ជាមួយនឹងសាច់រឿង កាន់តែញាក់សាច់បន្ថែមទៀត ពិសេសមានក្រាហ្វិច គួរឲ្យទាក់ទាញ និងចង់លេងបំផុត ហើយវាអាចនឹងត្រូវ ប្រកាសថ្ងៃចេញជាផ្លូវការ កំឡុងពេលធ្វើ បទបង្ហាញផងដែរ។

 

ហ្គេម The Avengers

 

មិនត្រឹមតែខ្សែភាពយន្តនោះទេ ព្រឹត្តិការណ៍ E3 ឆ្នាំនេះហ្គេម The Avengers ដែលមានតួអង្គ Hero ជាច្រើន អាចនឹងបង្ហាញខ្លួន ជាសាធារណៈ ជាហ្គេមមួយដែលមហាជន ជាច្រើនចង់ដឹងចង់ឃើញ ថាតើវាជាហ្គេមប្រភេទអ្វី ឲ្យប្រាកដ ផ្សងព្រេង Open World, RPG ឬជាហ្គេមយុទ្ធសាស្ត្រធម្មតា។ Square Enix ដែលសហការណ៍ជាមួយ Marvel នឹងបង្ហាញ នាសប្ដាហ៍ក្រោយ។

 

Beyond Good & Evil 2

 

ឆ្នាំទៅមិញ Ubisoft បានឆក់យកចំណាប់អារម្មណ៍អ្នកលេងហ្គេម មិនតិចនោះទេជុំវិញហ្គេម វគ្គថ្មីគឺ Beyond Good & Evil 2 ជាហ្គេមកំពុងស្ថិត នៅក្នុងការផលិត យ៉ាងដុតដៃដុតជើង ដែលឆ្នាំនេះ វាអាចនឹងប្រកាសចេញ ជាផ្លូវការ អមមកជាមួយនឹង ឈុតឆាកថ្មីៗ ជុំវិញការលេង ហ្គេមថ្មីនេះ។

 

Gears of War / Forza / Halo 6 អាចនឹងចេញវគ្គថ្មី

 

Microsoft មិនដែលអវត្តមាននៅក្នុងព្រឹត្តិការណ៍ E3 ខ្លាំងណាស់ ដូច្នេះឆ្នាំនេះ Microsoft អាចនឹងមានហ្គេមមួយ ក្នុងចំនោមហ្គេមទាំងបី ខាងលើ យកមកបង្ហាញពិភពលោក ឲ្យបានដឹងជុំវិញដំណើរការ នៃការផលិត ក៏ដូចជាថ្ងៃ ដែលអាចនឹងប្រកាសចេញ ថែមមកជាមួយនឹងការ ប្រកាសចេញនូវផលិតផល ផ្នែករឹងមួយចំនួន សម្រាប់ប្រើប្រាស់ ជាមួយនឹងម៉ាស៊ិន Xbox ទៀតផង។

 

កំពូលហ្គេម Anthem បាញ់កប់និស្ស័យ

 

ឆ្នាំនេះ E3 មិនអាចខ្វះបាននោះទេជុំវិញហ្គេម Anthem ដែលបានឆក់យកចំណាប់អារម្មណ៍ អ្នកលេងហ្គេមជាច្រើនលាននាក់ កាលពីពេលកន្លងទៅ ហើយក្រុមហ៊ុន ផលិតហ្គេមទៀតសោត ក៏បានពន្យារពេល ចេញថែមទៀត ពិតជាថំាចិត្តមែនទែន។ អញ្ចឹង Bioware សប្ដាហ៍ក្រោយនេះ អាចនឹងមាន ដំណឹងល្អ សម្រាប់អ្នកគាំទ្ររបស់ខ្លួន ជុំវិញវត្តមានផ្លូវការ ដែលហ្គេម Anthem នឹងចេញលក់ក្នុងទីផ្សារ ជាផ្លូវការ។

 

ទាំងនេះគឺជាអ្វីដែលយើងកំពុងរំពឹងទុក ដែលអាចនឹងកើតមានឡើង ក្នុងព្រឹត្តិការណ៍ E3 ឆ្នាំ 2018 នេះ ហើយទាំង 9 ហ្គេមខាងលើ នៅមិនទាន់អស់ នៅឡើយទេ ព្រោះថានៅមានហ្គេម ក៏ដូចជាបង្ហាញ ដែលគួរឲ្យភ្ញាក់ផ្អើលផ្សេងៗ ទៀត ដែលយើងមិនបាន រំពឹងទុកមុនបាន។ អញ្ចឹងបើអ្នកចូលចិត្ត លេងហ្គេម កុំភ្លេចតាមដានព្រឹត្តិការណ៍នេះ ទាំងអស់គ្នា នាសប្ដាហ៍ក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 2 weeks ago
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម