CAMBO REPORT

Popup Advertising5 seconds

ចុង​ឆ្នាំ​នេះ Intel នឹង​ចេញ CPU មាន Core និង Thread ច្រើន ដើម្បី​កុង​គ្នា​ជាមួយ AMD ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ព្រឹត្តិការណ៍ Computex ឆ្នាំ 2018 នេះ ក៏មិនខុសពីឆ្នាំទៅមិញៗដែរ យើងសង្កេតឃើញថាមាន ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បាននាំយកផលិតផលថ្មីៗ របស់ខ្លួនទៅបង្ហាញ ឲ្យមហាជនបានដឹង បានឃើញ បានសាកល្បង អំពីអ្វីដែលថ្មី ជាផលិតទើបនឹងបានច្នៃប្រឌិត បានក្ដៅៗ ដែលត្រូវបានបង្កើតឡើង ឲ្យកាន់តែប្រសើរជាងជំនាន់មុន។ ក្នុងនោះ Intel ក៏បានធ្វើឲ្យមហាជន និងពិភពលោកទាំងមូល ភ្ញាក់ផ្អើលជុំវិញ គម្រោងយក្ស ដែលនឹងមកដល់ នាចុងឆ្នាំ 2018 នេះ ក្នុងការនាំយក បន្ទះឈីប CPU ដែលមាន Cores និង Threads ច្រើន ដើម្បីកុងគ្នា ជាមួយនឹង AMD។

CPU ជំនាន់ថ្មី ដែល Intel បង្កើតឡើងថ្មីនេះ គឺដើម្បីកុងគ្នាជាមួយនឹងឈីប CPU របស់ AMD ពពួក Threadripper ដោយ Intel បានបង្ហើបឲ្យដឹងបន្តិចថា ឈីបជំនាន់ថ្មីរបស់ខ្លួននោះ គឺជាពពួក Extreme Edition ដែលមាន Core លោតដល់ទៅ 28 គ្រាប់ និងមាន Threads ឡើងទៅ 56 Threads ឯណោះ ពិតជាសាហាវ ហួសនិស្ស័យមែន។ ជាងនេះទៅទៀត ល្បឿនដែល CPU ជំនាន់ថ្មីនេះ អាចរត់បាននោះ គឺលោតដល់ 5GHz ឬ 5000MHz ឯណោះ ដូចទៅនឹង Intel Core i7-8086K ដែរ តែឈីបនេះ មានល្បឿនលឿនជាង សម្រាប់ប្រើប្រាស់បែប Multicore ដោយប្រើប្រាស់តែ Socket មួយគ្រាប់គត់។

ទោះបីជាយ៉ាងណាក៏ដោយ Intel នៅមិនទាន់បង្ហើបឲ្យដឹង កាន់តែស៊ីជម្រៅ ថាតើឈីប CPU ថ្មីនោះស្ថិតនៅត្រកូលណា ប្រើប្រាស់ Architecture អ្វីនោះដែរ ដឹងតែថាវានឹងមាន តម្លៃថ្លៃកប់ពពក ទៅបានហើយ មិនមែនជាឈីប CPU បង្កើតឡើង សម្រាប់ធ្វើការលំៗ យកតែលុយឡើយ។ ជាក់ស្ដែងសម្រាប់ទីផ្សារ បច្ចុប្បន្នឈីប CPU ពពួក Core i9 បែប Extreme Edition លេខ 7980XE ដែលមាន Core 18 និង Threads ដល់ 32 នោះ មានលក់ក្នុងទីផ្សារខ្ទង់ 2000$ ចុះទម្រាំលោតដល់ 28 Cores និង 56 Threads វិញ តើ Intel នឹងលក់ថ្លៃ កម្រិតណាទៅ? ប្រិយមិត្តអាចពិចារណា ដោយខ្លួនឯងបាន ហើយខេមបូរីផត នឹងចេញផ្សាយ បន្ថែមទៀត ពេលដំណឹងថ្មីៗ មកដល់ជុំវិញឈីបថ្មីនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: PC Gamer Tag: កុំព្យូទ័រ