CAMBO REPORT

Popup Advertising5 seconds

ASUS ចេញ​កុំព្យូទ័រ​ថ្មី ZenBook Pro 15 បំពាក់​ស៊ីភីយូ Core i9 អេក្រង់ 4K និង​មាន TouchPad ជា​អេក្រង់​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតការបែកធ្លាយរបស់ក្រុមហ៊ុន ASUS ត្រូវបានក្លាយជាការពិតហើយ កាលពីប៉ុន្មានថ្ងៃមុន ASUS បានលេចធ្លាយ ចេញនូវព័ត៌មានអំពី TouchPad ដើម្បីប្រជែងជាមួយនឹង Touchbar របស់ MacBook Pro រួមកហើយ ហើយវាទើបតែបាន បង្ហាញខ្លួនជាផ្លូវការ នៅទីក្រុងតៃប៉ិ កាលពីម្សិលមិញនេះ ក្នុងព្រឹត្តិការណ៍ Computex 2018 ជាមួយនឹងគុណភាពផលិតប្លែក និងធ្វើឲ្យអ្នកចូលរួម ក៏ដូចជាពិភព កុំព្យូទ័រយួរដៃ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ផងដែរ។

ZenBook Pro 15 គឺជាកុំព្យូទ័រកំពូល ដែលក្រុមហ៊ុន ASUS បានយកមកតាំងបង្ហាញ ក្នុងព្រឹត្តឹការណ៍ Computex 2018 នោះ។ ដូចអ្វីដែលយើងបាន ដឹងហើយថា ZenBook គឺជាត្រកូល ដែលជាកុំព្យូទ័រ UltraBook ដែលមានកម្រាស់ស្ដើង និងផ្ដោតលើគុណភាព នៃការរចនា ភាពស៊ីវីល័យប៉ុណ្ណោះ អញ្ចឹងកម្លាំងម៉ាស៊ីន របស់វា យើងមិនអាចយក ទៅបៀបធៀបកុំព្យូទ័រកំពូល របស់ពពួក Gaming Laptop បាននោះទេ។ យ៉ាងណាមិញ នៅក្នុងម៉ាស៊ីនរបស់ ZenBook Pro 15 ក្រុមហ៊ុនបានខ្ចប់នូវ កម្លាំងគ្រប់គ្រាន់តែម្ដង ពិសេសគឺមាន បច្ចេកវិទ្យាថ្មី បំពាក់អេក្រង់នៅលើ TouchPad នេះតែម្ដង។

គុណភាពផលិតរបស់ ZenBook Pro 15 ពិសេសជាប្រសើរ ដោយវាត្រូវបានស្រោបខ្លួន ដោយអាលុយមីញ៉ូមខាងលើ និងខាងក្រោមផងដែរ ហើយមើលខាងក្រៅ ពិតជាសាមញ្ញ Classic បែបអ្នកជំនួញ និងរក្សារូបរាងស្ដើង ១៨.៩ មីលីម៉ែត្រ មានទំងន់ត្រឹមតែ ១.៨ គីឡូក្រាមប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុន បានកាត់បន្ថយនូវគែមអេក្រង់ ខាងលើឲ្យមកខ្លីបំផុត ដើម្បីឲ្យរូបរាង តូចងាយយកតាមខ្លួន។ អេក្រង់នេះ ជាប្រភេទ IPS ការពារចំណាំងផ្លាត ដែលមានទំហំ ១៥.៦ អ៊ីញ ជាមួយកម្រិតបង្ហាញ រូបភាព 4K ច្បាស់កប់តែម្ដង ជាមួយកម្រិត Contrast 1200:1 និងកម្រិតពន្លឺ ៤០០ នីត។ ចំណែកក្ដារចុច ត្រូវបានរចនាស្រដៀងនឹង MacBook ដែរ និងមានភ្លើង Backlit ពណ៌សពីក្រោម ហើយនៅពីលើ ក៏មានស៊េនស័រ IR កាមេរ៉ា ដែលប្រើប្រាស់សម្រាប់ ស្គេនទម្រង់មុខ ដើម្បីដោះសោរ។

នៅខាងក្រោមបន្ដិច យើងបានឃើញ Touchpad ដ៏ប្លែកភ្នែក ព្រោះក្រុមហ៊ុនបានបោះជំហ៊ានថ្មី មួយទៀតទៅជាការ បំពាក់ ScreenPad វិញ ដើម្បីប្រជែងជាមួយ Touchbar របស់ MacBook Pro។ ដូចអ្វីដែលយើង បានដឹងហើយថា ក្រុមហ៊ុន Apple តែងតែបំពាក់មកនូវ TouchPad ដែលមានគុណភាពខ្ពស់ ស្គាល់ ម្រាមដៃបានល្អ ចំណែកឯ ScreenPad ទំហំ ៥.៥ អ៊ីញនៅលើ ZenBook Pro 15 នេះក៏កាន់តែស្គាល់ប្រសើរ ច្រើនផងដែរ ព្រោះវាធ្វើការ ដូចជាអេក្រង់ទូរសព្ទអញ្ចឹង ពោលវាធ្វើការ បានដូច TouchPad ធម្មតា ប៉ុន្តែនៅពេល ដែលយើងចុច F6 នៅលើ Keyboard វានឹងបង្ហាញ ជាអេក្រង់វិញ ជាមួយនឹងកម្រិត បង្ហាញរូបភាព ម៉ត់ច្បាស់ល្អ Full HD (1920 x 1080 ភិចស៊ែល) ហើយយើងអាច ប្រើប្រាស់វា ជាមួយនឹងកម្មវីធី ដែលយើងត្រូវការ ដូចជាប្រើប្រាស់ជា App Launcher, ម៉ាស៊ីនគិតលេខ, ប្រតិទិន, Num Key, និងកម្មវីធីតន្ដ្រីជាដើម ពិសេសគឺយើងក៏អាច ប្រើប្រាស់វានៅក្នុងកម្មវីធី បានផងដែរ ដូចជាចាក់ វីឌីអូនៅលើ YouTube ជាដើម ប៉ុន្តែយើងក៏ត្រូវការ Add Chrome extension បន្ថែម។

ផ្នែកកម្លាំងម៉ាស៊ីនខាងក្នុងវិញ ម៉ាស៊ីនមួយនេះ បានបំពាក់មកជាមួយនឹងឈីបជំនាន់ទី ៨ របស់ Intel លេខ Core i9-8950HK Hexa-Core ប៉ុន្តែវាក៏មានម៉ូឌែល Core i5-8300H និង i7-8750H ផងដែរ តាមការជ្រើសរើស របស់អ្នក អមជាមួយនឹងរ៉េមប្រភេទ DDR4 ដែលអាចទ្រទ្រង់ដល់ ១៦ ជីកាបៃ មានក្រាហ្វិច Intel មកស្រាប់ និងបានបន្ថែមនូវឈីប NVIDIA GTX 1050 Ti ទំហំ ៤ ជីកាបៃ ភ្ជាប់មកជាមួយទៀតផង និងមានអង្គផ្ទុកទិន្នន័យ SATA SSD អាចទ្រទ្រង់ដល់ទំហំ ៥១២ ជីកាបៃ ព្រមទាំងមាន រន្ធដាក់ M.2 PCIe ដល់ ១ តេរ៉ាបៃ ផងដែរ និងមានថាមពលថ្ម ៧១ វ៉ាត់ម៉ោង អាចប្រើប្រាស់បានដល់ ១០ ម៉ោង តាមការអះអាង របស់ក្រុមហ៊ុន។

សម្រាប់រន្ធតំណរភ្ជាប់ដែលយើងទទួលបានមានដូចជា រន្ធ USB-A ចំនួន ២, រន្ធ USB Type-C ចំនួន ២ ដោយមួយជាប្រភេទ Thunderbolt 3, HDMI 1.4, និងរន្ធដាក់ SD Card ហើយក៏មានរន្ធ បំពងសម្លេងរបស់ក្រុមហ៊ុន Harman Kardon ជាមួយនឹងប្រព័ន្ធសម្លេង SonicMaster Premium Audio របស់ក្រុមហ៊ុន ASUS ផងដែរ។ ZenBook Pro 15 នឹងត្រូវដាក់លក់ជាផ្លូវការ ចាប់ពីពាក់កណ្ដាល ខែកក្កដា ២០១៨ ខាងមុខនេះទៅហើយ ដោយតម្លៃរបស់វា ថ្លៃគួរសម ចាប់ផ្ដើមពី ២,២៩៩ ដុល្លារ ឡើងទៅសម្រាប់ម៉ូឌែល Core i9។ 

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Asus Tag: កុំព្យូទ័រ