CAMBO REPORT

Popup Advertising5 seconds

តើ​បាតុភូត​រន្ទះ​កើត​ឡើង​ដោយសារ​អ្វី? ធ្វើ​យ៉ាង​ណា​ដើម្បី​ជៀស​វាង​ពី​វា?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះគឺជាខែមិថុនា ជារដូវដែលប្រទេសកម្ពុជាយើង ទទួលរបបខ្យល់មូសុងវស្សា បក់មកពីទិសនិរតី ធ្វើឲ្យអាកាសធាតុ នឹងមានភ្លៀងធ្លាក់ ញឹកញាប់បន្ដិច ហើយក៏បានចាប់ផ្ដើមចូល ទៅក្នុងរដូវវស្សាផងដែរ ដោយចាប់ពីខែកក្កដា ទៅដល់ខែតុលា ប្រទេសកម្ពុជាយើងនឹង ទទួលរបបទឹកភ្លៀង គ្រប់គ្រាន់ពេញលេញតែម្ដង។ ស្របពេលដែលធាតុអាកាស បានពាំនាំយកទឹកភ្លៀងមក វាក៏អាចបង្កទៅជាគ្រោះ ធម្មជាតិមួយចំនួនផងដែរ ដូចជាបង្កទៅជា ទឹកជំនន់ បាតុភូតផ្គររន្ទះ និងផ្សេងៗទៀត នៅក្នុងរដូវវស្សានេះ។ អញ្ចឹងថ្ងៃនេះ យើងនឹងសិក្សាលំអិត អំពីបាតុភូតរន្ទះ និងផ្គរលាន់ តើពួកវាកើតឡើង ដោយសារអ្វី? មានផលប៉ះពាល់អ្វីខ្លះ? ហើយតើធ្វើយ៉ាងណា ដើម្បីជៀងវាងពីបាតុភូត រន្ទះនេះ? នៅក្នុងអត្ថបទនេះ វាអាចនឹងវែងបន្ដិច សម្រាប់ការអានរបស់អ្នក ប៉ុន្ដែប្រិយមិត្ដនឹង យល់ច្បាស់តែម្ដង អំពីវា។

មុននឹងអាចនិយាយអំពីមូលហេតុដែលកកើតបាតុភូតរន្ទះបាន យើងគប្បីស្វែងយល់អំពី ការកកើតនៃអគ្គិសនី ជាមុនសិន។ តាមពិតទៅ អគ្គិសនីអាចកើតឡើង បានច្រើនរបៀបណាស់ តាមប្រទេសមួយចំនួនផ្គត់ផ្គង់អគ្គិសនី ដោយបំលែងមកពីទួប៊ីន នៃកម្លាំងខ្យល់ ឬរលក ហើយខ្លះទៀតត្រូវការ ប្រើប្រាស់ថាមពលធ្យូងថ្ម និងខ្លះប្រើប្រាស់ពន្លឺព្រះអាទិត្យ ដើម្បីបំលែង -ល-។ អញ្ចឹងអគ្គិសនី កើតឡើងដោយសារកម្លាំងជាច្រើន ឧទាហរណ៍ជាក់ស្ដែង ប្រសិនបើយើងគ្រាន់តែ យកលោហៈធាតុអ្វីមួយ ទៅត្រដុសនឹងជញ្ជាំង វានឹងបង្កើត ទៅជាកម្ដៅ និងមានបន្ទុកអគ្គិសនី ផងដែរ អាចធ្វើឲ្យវាមានកម្លាំងស្រូប លោហៈធាតុតូចៗនានា ដូចជាម្ជុល ដែកគោល ឲ្យទៅតោងជាប់ ជាមួយវាបានមួយ រយៈពេលខ្លី ដូចជាមេដែកអញ្ចឹង ដែលអន្ដរកម្មនេះ គេឲ្យឈ្មោះថា បន្ទុកអគ្គិសនី បណ្ដោះអាសន្ន (Static Electrical Charge)។

នៅស្រទាប់បរិយាកាសខាងលើក៏មានអន្ដរកម្ម ស្រដៀងគ្នានេះដែរ ដោយនៅលើពពក គឺមានផ្ទុកទៅដោយ ម៉ូលីគុលទឹក និងទឹកកក តូចៗជាច្រើន ជាក់ស្ដែងនៅពេលដែល យើងធ្វើដំណើរឡើង ទៅលើភ្នំបូកគោ ដោយធ្វើដំណើរ កាត់ពពក អ្នកនឹងមាន អារម្មណ៍រងា និងមានសំណើមផងដែរ។ ម៉ូលីគុលទឹក និងទឹកកក រាប់លានទាំងអស់នោះ វាបានធ្វើដំណើរ ទៅមកៗទង្គិចគ្នា នៅក្នុងពពកនោះ (ដោយសារកម្លាំងខ្យល់ បក់វាទៅមក) ទើបវាបានបង្កើត ទៅជាបន្ទុកអគ្គិសនី បណ្ដោះអាសន្ន ហើយប្រសិនបើពពកកាន់តែក្រាស់ (ពពកពណ៌ខ្មៅ) នោះបញ្ជាក់ថា វានឹងមានបន្ទុកអគ្គិសនី កាន់តែច្រើនផងដែរ។ បន្ទុកអគ្គិសនីមាន ប៉ូលចំនួន ២ គឺវិជ្ជមាន (+) និង អវិជ្ជមាន (-) ហើយបើយើង មើលទៅលើមេដែក នៅពេលដែលវាមាន ប៉ូលដូចគ្នា វានឹងច្រានគ្នាចេញ ផ្ទុយទៅវិញ ប្រសិនបើប៉ូលផ្ទុយគ្នា វានឹងទាញគ្នាចូល នេះហើយជាធាតុបង្កនៃ ដំណើររបស់រន្ទះ។ រន្ទះ នឹងកើតមានឡើង នៅពេលដែលបន្ទុកអគ្គិសនី អវិជ្ជមាន (-) បានប្រទះនឹង បន្ទុកវិជ្ជមាន (+) វានឹងទាញចូលគ្នា ភ្ជាប់ចរន្ដអគ្គិសនី បង្កើតទៅជាភ្លើងជះពន្លឺ មួយពព្រិចភ្នែក ដែលមើលទៅយើង អាចគិតថា វាបាញ់ពីមេឃ មកផ្ទៃខាងក្រោម ប៉ុន្តែវាគ្រាន់តែភ្ជាប់ បន្ទុកអគ្គិសនី និងពេលដែលវាប៉ះគ្នា បណ្ដាលឲ្យវាបញ្ចេញ ជាភ្លើងចរន្ដភ្លឺខ្លាំង។

រន្ទះត្រូវបានគេបែងចែកចេញជា ៣ ប្រភេទគឺ៖

 

•    នៅពេលដែលបន្ទុកអវិជ្ជមាន (-) ភ្ជាប់ទៅបន្ទុកវិជ្ជមាន (+) នៅក្នុងបណ្ដុំពពក តែមួយហៅថា Intra-Cloud ឬ IC

•    នៅពេលដែលបន្ទុកអវិជ្ជមាន (-) នៃបណ្ដុំពពកមួយ ភ្ជាប់ទៅកាន់បន្ទុកវិជ្ជមាន (+) នៅបណ្ដុំពពកមួយ ផ្សេងទៀតហៅថា Cloud-to-Cloud ឬ CC

•    នៅពេលដែលបន្ទុកអវិជ្ជមាន (-) នៃបណ្ដុំពពកមួយ ភ្ជាប់មកកាន់បន្ទុកវិជ្ជមាន (+) នៅលើផែនដីយើង ហៅថា Cloud-to-Ground ឬ CG

 

បន្ទុកអគ្គិសនីនៅលើពពក ធ្វើដំណើរមិនទៀតទាត់ឡើយ ដោយសារតែវាត្រូវបានកម្លាំង បក់ទៅមក ហើយនៅពេល ដែលបន្ទុកអគ្គិសនី នៅលើពពក បណ្ដុំច្រើន ទៅដោយបន្ទុកអវិជ្ជមាន (-) និងបានបក់បន្ទុកវិជ្ជមាន (+) ចេញឆ្ងាយអស់ ស្របពេលដែលបានប្រទះ បន្ទុកវិជ្ជមាន (+) ជាច្រើន នៅផ្ទៃខាងក្រោម វានឹងបង្កើតជាបាតុភូតរន្ទះ មកលើផ្ទៃខាងក្រោមតែម្ដង ដូចនេះវាមិនទៀតទាត់ កន្លែងឡើយ និងបង្កើតទៅជាភ្លើង អគ្គិសនីយ៉ាងខ្លាំងមួយ។

ប៉ុន្ដែជាទូទៅ រន្ទះភ្ជាប់មកកាន់ផ្ទៃខាងក្រោម ដោយព្យាយាមស្វែងរកកន្លែង ដែលនៅខ្ពស់ជាងគេ (ប្រសិនបើមាន) ជាក់ស្ដែងនៅតាមវាល តំបន់ទំនាប ឬវាលស្រែ វាព្យាយាមស្វែងរកកន្លែងខ្ពស់ៗ ដែលមានបន្ទុកវិជ្ជមាន (+) ដូចជាដើមត្នោត ដើមឈើខ្ពស់ជាដើម ហេតុដូចនេះហើយ ប្រសិនបើអ្នកជ្រកភ្លៀង នៅក្រោមដើមឈើ នៅតំបន់វាល នោះគឺជាកន្លែង ដ៏គ្រោះថ្នាក់បំផុត ព្រោះភាគរយនៃរន្ទះ ដែលអាចនឹងកើតឡើង មានច្រើន ខ្លាំងណាស់។ ឧទាហរណ៍ជាក់ស្ដែងអាគារ CN Tower ក្នុងទីក្រុង Toronto ប្រទេសកាណាដា វាជាអាគារខ្ពស់ជាងគេ នៅក្នុងទីក្រុង ដូចនេះវាត្រូវរន្ទះបាញ់ ជាមធ្យម ៧៥ ដងក្នុងមួយឆ្នាំ ហើយនៅក្នុងឆ្នាំ ២០១១ វាត្រូវបានបំបែក កំណត់ត្រាថ្មីមួយ ដោយមានភ្លៀងធ្លាក់ខ្លាំង ហើយត្រឹមតែ រយៈពេល ៨៤ នាទី វាត្រូវបាន រន្ទះបាញ់ដល់ ៥៣ ដងឯណោះ។

រន្ទះមានកម្លាំងខ្លាំងណាស់ ដោយថាមពលអគ្គិសនីរបស់វា ជាមធ្យមគឺ ២៧៧ គីឡូវ៉ាត់ម៉ោង ដែលនេះជាថាមពលខ្លាំង អាចផ្គត់ផ្គង់អំពូលភ្លើង ដែលប្រើថាមពល ១០០ វ៉ាត់ នៅក្នុងផ្ទះរបស់យើង បានដល់ជាង ១ ខែពេញឯណោះ។ ម្យ៉ាងទៀត រន្ទះមានកម្ដៅក្ដៅខ្លាំង ដោយកម្ដៅរបស់វា ឡើងដល់ ៥៣,០០០ ហ្វារិនហៃ ឬប្រហាក់ប្រហែល ២៩,០០០ អង្សាសេ (នៅក្នុងបរិយាកាស) ដែលក្ដៅជាងផ្ទៃខាងលើ របស់ព្រះអាទិត្យ រហូតដល់ទៅ ៥ ដងឯណោះ។ កម្ដៅរបស់រន្ទះនេះហើយ ដែលធ្វើម៉ូលីគុលតូចៗ របស់ខ្យល់ ឡើងកម្ដៅ យ៉ាងខ្លាំងក្នុងមួយរំពេច និងធ្វើឲ្យម៉ូលីគុល របស់ខ្យល់នោះ វារង្គើខ្លាំងផងដែរ បង្កើតទៅជាសន្ទឹកសម្លេង ប្រដេញគ្នាយ៉ាងខ្លាំង ដែលយើងហៅថា ផ្គរលាន់ ។ ផ្គរលាន់ នេះមានកម្លាំងសម្លេងខ្លាំងណាស់ ប្រសិនបើអ្នកនៅជិត នឹងទីតាំង ដែលរន្ទះកើតឡើង ត្រឹមចម្ងាយ ៩ ទៅ ១០ ម៉ែត្រ អ្នកនឹងបានលឺសម្លេងរន្ទះដូចជា សម្លេងគ្រាប់បែក TNT Bomb ដែលមានទម្ងន់ ៥ គីឡូក្រាម បានផ្ទុះអញ្ចឹង។

តើកម្លាំងរន្ទះអាចសម្លាប់មនុស្សបានមែនទេ? ចម្លើយគឺ ពិតខ្លាំងណាស់ ប៉ុន្តែមិនទាំងអស់នោះទេ ព្រោះពេលខ្លះ កម្លាំងនៃការបញ្ជូនអគ្គិសនីតូច អញ្ចឹងមនុស្ស ដែលត្រូវរន្ទះមានសង្ឃឹមរស់ ច្រើនដែរ ជាក់ស្ដែងនៅក្នុង សហរដ្ឋអាមេរិច អ្នកត្រូវរន្ទះបាញ់ មានត្រឹមតែ ១០% ប៉ុណ្ណោះ ដែលបាត់បង់ជីវិត ចំណែកអ្នកត្រូវ រន្ទះប្រហែល ៩០% ទៀតត្រូវបានរស់រាន មានជីវិតឡើងវិញ។ ចំណែកឯនៅក្នុង ប្រទេសកម្ពុជាយើងវិញ នៅក្នុងឆ្នាំ ២០១៦ មានអ្នកស្លាប់ដោយសារ ត្រូវរន្ទះសរុប ១០៦ នាក់, ក្នុងឆ្នាំ ២០១៧ មានអ្នកស្លាប់ដោយរន្ទះ ប្រមាណ ៨០ នាក់, ហើយនៅដើមឆ្នាំ ២០១៨ រយៈពេលត្រឹមតែ ៥ ខែដំបូងនេះ មានអ្នកស្លាប់ ៦៨ នាក់ រងរបួស ៧៥ នាក់ និងមានគោក្របី មិនតិចជាង ៧០ ក្បាលទេ ដែលបានងាប់ នេះបើយោងតាម សារព័ត៌មាន អាស៊ីសេរីខ្មែរ ដែលចុះផ្សាយ កាលពីថ្ងៃទី ០១ ខែមិថុនា ២០១៨។

តើរន្ទះអាចបង្កទៅជាផលប៉ះពាល់អ្វីខ្លះដល់រាងកាយរបស់យើង? ថ្វីត្បិតតែពេលខ្លះរន្ទះ មិនអាចឆក់យកជីវិតរបស់មនុស្សបាន ប៉ុន្តែរន្ទះអាចបង្កគ្រោះថ្នាក់ ធំៗចំនួន ២ ដោយសារតែ កម្ដៅក្ដៅ និងចរន្ដអគ្គិសនីដ៏ខ្លាំងរបសវា។ សម្រាប់កម្ដៅ វាអាចធ្វើឲ្យស្បែក របស់យើងខ្លោច ប៉ុន្តែវាមិនក្ដៅខ្លាំង ដូចជាចរន្ដរន្ទះនៅក្នុង បរិយាកាសខ្យល់ឡើយ ដោយវាអាចត្រឹមតែ ធ្វើឲ្យរលាក និងខ្លោចមួយ ចំនួនប៉ុណ្ណោះ។ ចំណែកឯ ចរន្ដអគ្គិសនី របស់រន្ទះវិញ វាអាចរត់កាត់នៅក្នុងសរីរាង្គកាយ របស់មនុស្សដូចជា បេះដូង, សួត, និងប្រព័ន្ធប្រសាទជាដើម អាចបង្កផលប៉ះពាល់ ជាច្រើនដូចជា ធ្វើឲ្យគាំងបេះដូង, ប្រកាច់, ប៉ះពាល់ដល់ខួក្បាល, ខួចខួរឆ្អឹងខ្នង និងបាត់បង់ការចងចាំ ឬភ្លេចភ្លាំងជាដើម។ ជាពិសេសចរន្ដអគ្គិសនីនោះ វាធ្វើឲ្យគ្រាប់ឈាមក្រហម ក្នុងខ្លួនរបស់អ្នក បែកចេញមកក្រៅ ពីសរសៃឈាម ទៅកាន់ក្រពេញ នៃស្បែកខាងក្រៅរបស់មនុស្ស បង្កទៅជាស្នាមជាំ ហើយក៏គ្រោះថ្នាក់ខ្លាំង ផងដែរ ព្រោះឈាមក្រហមរត់ចេញមក ខាងក្រៅ និងធ្វើឲ្យបរិមាណ ឈាមក្រហមខាងក្នុង សរសៃឈាម ដំណើរមិនបានល្អ នោះទេ។

ហើយចុងក្រោយ ចរន្ដឆក់របស់រន្ទះក៏អាចធ្វើឲ្យអ្នកបាត់បង់ ចំណង់ផ្លូវភេទផងដែរ និងធ្វើឲ្យយើង បាត់បង់នូវអរម៉ូន បន្ដពូជ និងពិបាកក្នុងការមានបុត្រ ក្លាយជាមនុស្ស អសមត្ថភាពផ្លូវភេទ។ មិនថាតែរន្ទះនោះទេ សូម្បីតែការ ឆក់ខ្សែភ្លើង ចរន្ដភ្លើងធម្មតា របស់យើង ក៏ធ្វើឲ្យយើងបាត់បង់ អរម៉ូនភេទនេះដែរ ដូចនេះសូមប្រុងប្រយ័ត្ន ជាមួយចរន្ដអគ្គិសនី។ ហើយប្រសិនបើយើង បានឃើញ ពន្លឺដ៏ភ្លឺរបស់រន្ទះ នៅចំពីមុខ ដោយផ្ទាល់ ជាមួយនឹងចំងាយជិត នោះភ្នែករបស់អ្នកនឹងអាច មានបញ្ហា ដោយសារតែរ៉េទីន (Retina) ចាំងពន្លឺស្ញាចខ្លាំងពេក ធ្វើឲ្យងងឹតមើលអ្វី មិនឃើញ លុះត្រាតែវាសម្រួលមក ដូចដើមវិញ ប្រើរយៈពេលរាប់ម៉ោង ឬអាចដល់ រាប់ថ្ងៃឯណោះ ដែលវាដូចជាយើងសម្លឹង មើលព្រះអាទិត្យដោយភ្នែក ទទេរអញ្ចឹង។ បើប្រៀបធៀបឲ្យចំ រ៉េទីនរបស់ភ្នែក វាមិនអាចសម្របបានភ្លាមៗនោះទេ នៅពេលដែលពន្លឺដែលចូល មកក្នុងភ្នែក និងផ្លាស់ប្ដូរ យ៉ាងឆាប់រហ័សពេក ឧទាហរណ៍ ដូចជាយើងប្រើប្រាស់ កុំព្យូទ័រនៅពេលយប់ ភ្លាមៗស្រាប់តែ ដាច់ភ្លើង នោះភ្នែករបស់អ្នក នឹងមើលអ្វីមិនឃើញ នោះឡើយ លុះត្រាតែមួយស្របក់ទើប រ៉េទីនរបស់ភ្នែកសម្រប នឹងពន្លឺខ្សោយនោះបាន និងចាប់ផ្ដើមមើលឃើញ ឡើងវិញ។

អញ្ចឹងតើយើងត្រូវធ្វើយ៉ាងណាដើម្បីការពារខ្លួនពីរន្ទះបាន? ដើម្បីការពារដោយសុវត្ថិភាពល្អបំផុត អ្នកមិនត្រូវចេញក្រៅផ្ទះ នៅពេលភ្លៀងធ្លាក់ នោះទេ ព្រោះដំបូលផ្ទះល្វែង ឬផ្ទះវីឡា របស់អ្នករឹងមាំ អាចការពារពីរន្ទះបាន យ៉ាងងាយ ហើយកម្លាំងរបស់រន្ទះ ក៏មិនខ្លាំងអាចទម្លុះពិដាន បានដែរ អាចត្រឹមតែ បាក់បែកប៉ុណ្ណោះ ដោយខ្ញុំបានជួបប្រទះ ដោយផ្ទាល់ ច្រើនមកហើយ។ ហើយប្រសិនបើអ្នក ស្ថិតនៅខាងក្រៅ សូមអ្នកចាកចេញ ឲ្យឆ្ងាយពីប្រភពទឹក ដោយសារទឹកងាយនឹង ចំលងចរន្ដណាស់ និងអាចឆក់មកដល់យើងបាន ហើយត្រូវស្វែងរកកន្លែង ជ្រកដោយសមរម្យ ប៉ុន្តែសូមកុំជ្រក នៅក្រោមដើមឈើ ឬក្បែរកន្លែងដែលមានកម្ពស់ខ្ពស់ៗ ដូចជាបង្គោលភ្លើង អង់តែនជាដើម។ ម្យ៉ាងទៀត សូមលោកអ្នកកុំប្រើប្រាស់ នូវឧបករណ៍អេឡិចត្រូនិច ដែលមានចរន្ដអគ្គិសនី និងងាយ ចម្លងអគ្គិសនី ដូចជាទូរសព្ទដៃ, វិទ្យុ, ទូរទស្សន៍ជាដើម។

ចុះប្រសិនបើមានអ្នកត្រូវរន្ទះបាញ់ តើយើងត្រូវជួយសង្គ្រោះ ដោយរបៀបណា? នៅពេលដែលមនុស្សម្នាក់ ត្រូវរន្ទះបាញ់ គេប្រាកដជាបាត់បង់ ស្មារតីហើយ ដូចនេះសូមប្រញាប់ ធ្វើចលនាបេះដូងដល់ ជនរងគ្រោះភ្លាមៗ ដើម្បីឲ្យបេះដូងរបស់គេ ដំណើរការធម្មតា មិនបង្កគ្រោះថ្នាក់ ជាការគាំងបេះដូង ជាដើម។ ទីពីរ គឺយើងត្រូវ ផ្ដល់កម្ដៅដល់ ជនរងគ្រោះ ដូចជាយកក្រណាត់ ឬភួយដណ្ដប់ខ្លួនជាដើម ដើម្បីឲ្យក្នុងខ្លួនរបស់គេ មានកម្ដៅ សរសៃឈាម រត់បានស្រួល និងចុងក្រោយ សូមបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ជាបន្ទាន់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Tech Insider, RFA, Phnom Penh Post Tag: វិទ្យាសាស្ត្រ