CAMBO REPORT

Popup Advertising5 seconds

Nokia X6 ប្រកាស​ចេញ​ជាមួយ​នឹង​អេក្រង់​ឆក កាមេរ៉ា​ភ្លោះ រ៉េម 6GB និង​មាន​តម្លៃ​ខ្ទង់ ២០០ ដុល្លារ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន HMD Global កាលពីល្ងាចម្សិលមិញនេះ បានពាំនាំ Nokia X ត្រលប់មកវិញសាជាថ្មី ម្ដងទៀតហើយ ដែលម្ដងនេះ ពិតជាពិសេសមែនទែន ដោយទូរសព្ទ Nokia X6 បំពាក់មកនូវកម្លាំង ម៉ាស៊ីនល្អគ្រាន់បើ និងមានរូបរាង យ៉ាងស្រស់ស្អាត ផងដែរ ប៉ុន្តែត្រូវបានដាក់លក់ នៅក្នុងតម្លៃខ្ទង់ ២០០ ដុល្លារជាងប៉ុណ្ណោះ ដែលជាតម្លៃ សមរម្យជាងទូរសព្ទ Xiaomi ទៅទៀត បើប្រៀបធៀបជាមួយនឹង ទូរសព្ទដែលមានម៉ាស៊ីន ប្រហាក់ប្រហែលគ្នានេះ។

Nokia X6 គឺជាស្មាតហ្វូនដែលមានការរចនាតួខ្លួនខាងមុខ និងខាងក្រោយជាកញ្ចក់ និងស៊ុមជុំវិញជាលោហៈធាតុ ខាងមុខមានអេក្រង់ឆក កំពុងតែពេញនិយម ដែលមើលទៅ ស្រដៀងនឹង Nova 3e ដែរពិសេសមានសល់ គែមក្រោម និងអក្សរ Nokia នៅកន្លែងនោះ។ នេះជាអេក្រង់ IPS LCD ដែលមានទំហំ ៥.៨ អ៊ីញ វិមាត្រអេក្រង់ 19:9 Ratio និងកម្រិតបង្ហាញ រូបភាព Full HD+ (2280 x 1080 ភិចស៊ែល) ហើយក៏បានការពារ ដោយកញ្ចក់ Gorilla Glass 3 ផងដែរ។

ផ្នែកខាងក្រោយ វាមានកាមេរ៉ាភ្លោះ កាមេរ៉ាភ្លោះទម្រង់បញ្ឈរ ជាមួយភ្លើង LED Flash ហើយមានស៊េនស័រ ស្កេនម្រាមដៃ និងអក្សរ Nokia ក៏ជាទម្រង់បញ្ឈរដែរ ស្ថិតនៅកណ្ដាល ទូរសព្ទទាំងអស់។ កាមេរ៉ាភ្លោះនោះ មួយគ្រាប់ មានទំហំ ១៦ មេហ្គាភិចស៊ែល ជាស៊េនស័រ RGB កម្រិត Aperture f/2.0 និងមួយគ្រាប់ទៀត ជាស៊េនស័រ Monochrome កម្រិត Aperture f/2.2 នៅក្នុងនោះ ក្រុមហ៊ុនក៏បានច្នៃនូវ បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត AI ផងដែរ ដើម្បីចាប់សម្គាល់ នូវវត្ថុ បន្ថែមពណ៌ឲ្យត្រូវ នឹងកាលៈទេសៈ ក៏ដូចជាមានមុខងារ Portrait ថតព្រាល ផ្ទៃខាងក្រោយ ថែមទាំង Portrait Lighting Effect ស្រដៀងនឹង iPhone 8+/X ទៀតផង។

ចំណែកឯកាមេរ៉ាខាងមុខ វិញមានទំហំធំដល់ ១៦ មេហ្គាភិចស៊ែល ចាប់កម្រិតភាពច្បាស់ ១ មីក្រូនភិចស៊ែល និងមាន Aperture f/2.0 ដែលច្បាស់ល្អ សម្រាប់ការផលិត រូបភាពខាងក្រោយ និងខាងមុខបានច្បាស់ តំណាលគ្នា ជាមួយមុខងារ Bothie របស់ Nokia។

ផ្នែកកម្លាំងម៉ាស៊ីនរឹតតែគួរឲ្យចាប់អារម្មណ៍ ដោយសារតែក្រុមហ៊ុន Nokia បានបំពាក់ឈីប Snapdragon 636 យើងបានឃើញ នៅលើ Redmi Note 5 រួចមកហើយ ដែលជាឈីបស្ថិត នៅលំដាប់បង្គួរមួយ និងទទួលបាន ពិន្ទុដល់ខ្ទង់ ១០ ម៉ឺនជាង ផងដែរពី Antutu។ ក្នុងឈីបនោះយើង ទទួលបានស៊ីភីយូ Octa-Core មានល្បឿន ១.៨ ជីកាហឺត និងមានអង្គក្រាហ្វិត Adreno 509 ហើយទំហំរ៉េមគឺ ៤ ជីកាបៃ ជាមួយនឹង អង្គផ្ទុកទិន្នន័យ ២ ជម្រើសដូចជា ៣២, ៦៤ ជីកាបៃ ឬក៏ជ្រើសរើសយក ម៉ូឌែលរ៉េម ៦ ជីកាបៃ ជាមួយអង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ ហើយពួកវា ក៏អាចបន្ថែមមេម៉ូរីកាត បានដល់ ២៥៦ ជីកាបៃផងដែរ។ Nokia X6 ត្រូវបានប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1 ចេញពីប្រអប់ និងប្រើប្រាស់នូវ Pure Android របស់ Google តែម្ដង ដែលមានភាពសាមញ្ញ ក្នុងការប្រើប្រាស់។ លើសពីនេះ វាក៏មានមុខងារស្កេន ទម្រង់មុខ ដើម្បីដោះសោរ មានអង់តែន WiFi លឿន, និងប្រើ Bluetooth 5.0 ជាដើម។

ថាមពលថ្មរបស់ Nokia X6 មានទំហំ ៣,០៦០ មីលីអំពែ ដែលមិនសូវជាធំប៉ុន្មានទេ សម្រាប់មាឌរបស់វា ប៉ុន្តែគុណភាពយើង មិនទាន់ដឹង នៅឡើយ។ យ៉ាងណាមិញ វាក៏បានបំពាក់នូវ រន្ធសាកថ្ម USB-C ដែលទ្រទ្រង់នូវ បច្ចេកវិទ្យាសាកថ្ម លឿន Quick Charge 3.0 ផងដែរ ដោយក្រុមហ៊ុនអះអាងថា ត្រឹមតែ ៣០ នាទី វាអាចសាកពី ០ ទៅដល់ ៥០% ឯណោះ។

Nokia X6 នឹងត្រូវចាប់ផ្ដើមដាក់លក់នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី ២១ ឧសភា ខាងមុខនេះហើយ ជាមួយនឹង ជម្រើសពណ៌ខ្មៅ, ពណ៌ទឹកប៊ិច, និងពណ៌ប្រាក់ ហើយតម្លៃរបស់វា សមរម្យល្មមប្រើ តែម្ដងគឺ៖

 

•    ម៉ូឌែលរ៉េម ៤ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៣២ ជីកាបៃ (តម្លៃ ២០៤ ដុល្លារ)
•    ម៉ូឌែលរ៉េម ៤ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ (តម្លៃ ២៣៦ ដុល្លារ)
•    ម៉ូឌែលរ៉េម ៦ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ (តម្លៃ ២៦៦ ដុល្លារ)

 

អញ្ចឹងទាំងនេះគឺព័ត៌មាន និងលក្ខណៈសម្បត្តិត្រួសៗរបស់ Nokia X6 ហើយសម្រាប់ ព័ត៌មានលំអិត និងមុខងារថ្មីៗ ល្អៗរបស់វា យើងនឹងបង្ហាញលំអិត នៅក្នុងវីឌីអូបង្ហាញ លក្ខណៈសម្បត្តិ នៅពេលដែលវា មកដល់ទីផ្សារ ប្រទេសកម្ពុជាយើង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ