CAMBO REPORT

Popup Advertising5 seconds

ស្វាគមន៍​ការ​បង្ហាញ​វត្ត​មាន​ជា​ផ្លូវ​ការ របស់​បិសាច​ល្បឿន​ OnePlus 6!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតក្រុមហ៊ុន OnePlus ដែលពីមុនមក ធ្លាប់មានភាពក្មេងខ្ចី ក្នុងទីផ្សារស្មាតហ្វូន និងមានទីស្នាក់ការកណ្ដាលប្រចាំនៅប្រទេសចិន បានប្រកាសចេញជាផ្លូវការនូវកំពូលស្មាតហ្វូនរបស់ខ្លួនជាផ្លូវការហើយ មានឈ្មោះហៅថា OnePlus 6 ដែលមាន រហ័សនាមហៅថា បិសាចល្បឿន។

 


ជាមួយនឹង OnePlus 6 ដែលបានប្រកាសចេញ នៅក្នុងរាត្រីថ្ងៃទី 16 ខែឧសភា ឆ្នាំ2018 នៅទីក្រុងឡុងដុង ចក្រភពអង់គ្លេស បានធ្វើឲ្យទីផ្សារស្មាតហ្វូន​របស់ក្រុមហ៊ុននេះកើន​ ឡើងបន្ថែមទៀត នៅពេលដែល OnePlus បានផ្គត់ផ្គង់ចំនុចចាំបាច់ ដែលទីផ្សារបច្ចុប្បន្នកំពុងត្រូវការ។ ក្រុមហ៊ុនចិននេះបានសិក្សា និងយល់បានច្បាស់អំពីតម្រូវការជាក់ស្ដែងហើយបានផលិត និងវេចខ្ចប់ផ្នែករឹង ច្រកបញ្ចូលគ្នាជាមួយផ្នែកទន់ ដើម្បីផលិតបាននូវ កំពូលស្មាតហ្វូនមួយ អាចប្រកួតប្រជែង ក្នុងទីផ្សារបាន។ អញ្ចឹងចង់ដឹងថា OnePlus 6 ឆ្នាំនេះ មានអ្វីប្លែក ដែលអាចធ្វើឲ្យអ្នកដក ប្រាក់ទិញវាយក មកប្រើប្រាស់នោះ សូមអានអត្ថបទ ព័ត៌មានលម្អិត ដូចខាងក្រោម៖


រចនាបទថ្មី


ពីមួយជំនាន់ទៅមួយជំនាន់ OnePlus ក៏មិនខុសពីក្រុមហ៊ុនផ្សេងៗទៀតដែរ គឺបានផ្លាស់ប្ដូររូបរាងថ្មី សម្រាប់ស្មាតហ្វូនរបស់ខ្លួន ដោយឆ្នាំនេះ OnePlus 6 មានរចនាបទបែបទាន់សម័យ ដោយការពារខ្លួនទាំងមុខ និងខាងក្រោយដោយ ផ្ទាំងកញ្ចក់ស្វិត Corning Gorilla Glass 5 មានគែមព័ទ្ធជុំវិញ ជាលោហៈធាតុដដែល។ OnePlus ហៅរចនាបទ ឌីហ្សាញថ្មីនេះថា Bold Design វាកោងសងខាង ធ្វើឲ្យវាមានភាពងាយស្រួល ក្នុងការចាប់ក្នុងប្រអប់ដៃ ពិសេសនៅបន្តមានរន្ធដោតកាស 3.5mm ដដែល។

 


ខាងស្ដាំមានប៊ូតុង Power និងប៊ូតុង Alert Slider ដែលបានផ្លាស់ប្ដូរទីតាំងថ្មី ដោយរក្សាប៊ូតុងសម្លេង នៅខាងឆ្វេងដដែល អមជាមួយនឹងរន្ធដាក់ ស៊ីមកាតចំនួន 2។ អាចនិយាយជារួមថា OnePlus 6 មានការកែប្រែរូបរាងបានច្រើន ដោយផ្លាស់ប្ដូរពី លោហៈមកប្រើកញ្ចក់ ធ្វើឲ្យសេវាទូរស័ព្ទ កាន់តែខ្លាំងជាងមុន មិនចម្លងកម្ដៅក្ដៅដូចមុន ថែមទាំងធ្វើឲ្យវា មានទម្ងន់ស្រាលត្រឹមតែ 177ក្រាម ប៉ុណ្ណោះ មានបណ្ដោយ155.7mm ទទឹង 75.4mm និងកម្រាស់ 7.75mm ដែលប៉ុនគ្នាទៅនឹង OnePlus 5T ដែរ។


អេក្រង់ក្បាលឆកដ៏ពេញនិយម


OnePlus 6 អាចដោះសោរតាម រយៈការសម្គាល់មុខ ត្រឹមតែ 0.4 វិនាទី ដោយប្រើកាមេរ៉ាខាងមុខ ហើយវាពិតជាមាន ក្បាលឆកពិតមែន ដោយចំនុចឆកនោះ គឺជាចំនុចដែល មិនអាចខ្វះបាន។ វារួមមានដូចជាសេនស័រកាមេរ៉ា រន្ធបញ្ចេញសម្លេង និងសេនស័រសំខាន់ៗ ដោយផ្ទៃខាងមុខមាន អេក្រង់គ្របដណ្ដប់ដល់ 84% ទៅហើយធ្វើឲ្យការ ប្រើប្រាស់មើលទៅ ពេញភ្នែកម៉ាពេញចិត្ត។ ទោះបីជាយ៉ាងណា ក៏ដោយ វានៅតែបន្តប្រើប្រាស់ បន្ទះបង្ហាញជាប្រភេទ Optic AMOLED ដដែល មានកម្រិត Ratio 19:9 ជាមួយសមត្ថភាពបង្ហាញរូបភាព កម្រិត Full HD+ ឬ 1080 x 2280p ក្នុងទំហំអេក្រង់ 6.28 អ៊ីញ។

 


វាមិនមែនជាអេក្រង់ល្អ ផ្ដាច់គេនោះទេ អាចថាវាស្ថិតនៅកម្រិត កណ្ដាលប៉ុណ្ណោះ ខណៈពេលនេះមាន កំពូលស្មាតហ្វូនជាច្រើន បានលោតដល់ការ ប្រើប្រាស់អេក្រង់ពពួក OLED ថែមទាំងមាន កម្រិតបង្ហាញរូបភាពដល់ 2K ទៅហើយ។ តែមិនថ្វីនោះទេ Optic AMOLED របស់ OnePlus ក៏ជួយខ្លាំងផងដែរ ទៅលើការសន្សំសំចៃថ្ម។


បិសាចល្បឿន


កាលដែលទីផ្សារយើងហៅ ស្មាតហ្វូននេះជា បិសាចល្បឿននោះ ក៏ដោយសារតែវា មានល្បឿនកប់ពិតមែន ដោយ OnePlus 6 ប្រើប្រាស់បន្ទះឈីប នាគរាជ Snapdragon 845 ចុងក្រោយគេ ជាប្រភេទឈីបមាន CPU 8 គ្រាប់ ដោយ 4 គ្រាប់រត់ក្នុងល្បឿន 2.8GHz និង 4 គ្រាប់ទៀតរត់ ក្នុងល្បឿន 1.7GHz អមមកជាមួយ GPU Adreno 630 ថ្មី។ កម្លាំងប៉ុណ្ណេះ បើធៀបទៅនឹង OnePlus 5T វាលឿនជាងមុន 30% ទាំងល្បឿន និងកម្លាំងក្រាហ្វិច និងស៊ីថ្មតិចជាងមុន 10% ផងដែរ។

 


បិសាចល្បឿននេះនៅ តែបន្ត ប្រើប្រាស់ RAM ទំហំ 6GB សម្រាប់ម៉ាស៊ីនមាន អង្គផ្ទុកទិន្នន័យ 64GB និងលោតដល់ 8GB សម្រាប់ម៉ាស៊ីន មានអង្គផ្ទុកទំហំ 128GB និងទំហំ 256GB ជាប្រភេទ UFS 2.1 សម្រាប់តម្រូវការជាក់ស្ដែង ដែល OnePlus ពុំធ្លាប់បានបង្កើត ឡើងពីមុនមក។ កម្លាំងម៉ាស៊ីនប៉ុណ្ណេះ គឺកប់ហើយ សម្រាប់ស្មាតហ្វូនឆ្នាំ 2018 ដែលវាមាន CPU ផុតលេខ អមមកជាមួយនឹង ការច្របាច់បញ្ចូលគ្នា ជាមួយផ្នែកទន់ បានយ៉ាងល្អ ធ្វើឲ្យ OnePlus 6 មានល្បឿនកប់ ស៊េរីតែម្ដង។


កាមេរ៉ាថ្មី


OnePlus 6 នៅតែបន្តមាន កាមេរ៉ាភ្លោះដដែល ដោយវាផ្លាស់ប្ដូរទីតាំង មកនៅចំនុចកណ្ដាល នៅលើសេនស័រស្កេន ម្រាមដៃបន្តិច។ កាមេរ៉ាមានទំហំ 16 មេហ្គាភិចសែល ដែល OnePlus បានពង្រីកទំហំសេនស័រចំនួន 19% ធ្វើឲ្យវាថតបានរហ័ស កាត់បន្ថយគ្រាប់រំខាន ពិសេសធ្វើឲ្យវាថត បានកាន់តែប្រសើរ សម្រាប់ការថត នៅពេលរាត្រី ជាមួយកម្រិត Aperture ធំបំផុត f/1.7។

 


សម្រាប់កាមេរ៉ាទី 2 វិញមានទំហំ 20 មេហ្គាភិចសែល វាជួយច្រើនសម្រាប់ មុខងារថតរូបបែប Portrait ដែលបែកចែកផ្ទៃ Foreground និង Background ឲ្យដាច់បានស្អាតល្អ បើកសិទ្ធិឲ្យកាមេរ៉ា ថតរូបបានរហ័ស លែងចាំយូទៀតហើយ។ កាន់តែពិសេសជាងនេះ ទៅទៀតការថតវីដេអូ នឹងកាន់តែរលូនជាងមុន ព្រោះ OnePlus ប្រើប្រាស់សេនស័ របស់ SONY លេខ IMG 519 ថ្មី ដែលមានមុខងារ OIS និងបានអភិវឌ្ឍន៍មុខងារ EIS ជំនួយបន្ថែមទៀត ធ្វើឲ្យការថតវីដេអូកម្រិត 4K ល្បឿន 60fps មានសភាពល្អដាច់ កាត់បន្ថយរំញ័របានប្រសើរ និងថតវីដេអូយឺត បានល្បឿន 480fps ក្នុងកម្រិត HD។

 


យ៉ាងណាក៏ដោយ OnePlus នៅមិនទាន់ឈាន ជើងចូលទីផ្សារកាមេរ៉ា ដែលមានមុខងារ AI នៅឡើយទេ អាចថាក្រុមហ៊ុននេះ នៅក្មេងខ្ចី ឬចាំបញ្ចេញមុខងារ AI ជំនួយផ្នែកកាមេរ៉ានេះ នៅលើ OnePlus 6T ក៏ថាបាន ព្រោះវាត្រូវការ ការច្នៃប្រឌិត និងអភិវឌ្ឍន៍ ច្រើនគួរសមដែរ។ ចំនែកកាមេរ៉ាខាងមុខទំហំ 16 មេហ្គាភិចសែល អាចថតរូបបែប Portrait បានដូចកាមេរ៉ា ខាងក្រោយអញ្ចឹងដែរ ថែមទាំងអាចប្រើប្រាស់ Mode ដើម្បីលេងស្ទាយ Effect ទៀតផង។


អាវក្រោះការពារទឹក


ទីបំផុត OnePlus 6 មានអាវក្រោះការពារទឹក និងធូលីដែរហើយ មានន័យថាអ្នក លែងខ្វាយខ្វល់ថាស្មាតហ្វូនរបស់អ្នកនឹងត្រូវ ចូលទឹកពេលជិះក្រោម មេឃកំពុងភ្លៀង ទៅដើរកំសាន្ត ឬកំពប់ទឹកលើ ជាដើម។ អគុណទៅដល់ កញ្ចក់ខាងក្រោយ និងខាងមុខ ដែលធ្វើឲ្យស្មាតហ្វូន មួយនេះអាចមុជទឹកបាន ជាមួយនឹងកម្រិត IP54។

 


ដំណើរការដោយ Android O មិនមែន P


Google ទើបនឹងប្រកាសចេញ Android P កាលពីសប្ដាហ៍ទៅមិញ ដូច្នេះ OnePlus 6 នឹងដំណើរការដោយ Android Oreo 8.1 ចេញពីប្រអប់ស្រាប់ ដោយស្រោបខ្លួនដោយស្បែក UI Oxygen OS និងបន្តឡើងទៅកាន់ Android P នៅពេលឆាប់ៗខាងមុខ ដោយមិនទាន់មានប្រភព ច្បាស់ការនៅឡើយ ដោយបច្ចុប្បន្នក្រុមការងារ OnePlus បានកំពុងដុតដៃ ដុតជើងអភិវឌ្ឍន៍ប្រព័ន្ធ ប្រតិបត្តិការថ្មីនេះឲ្យបានឆាប់រហ័ស នឹងបញ្ចេញកំណែ Update សម្រាប់ម្ចាស់ OnePlus 6 ទាំងអស់។


នៅតែសាកថ្មលឿន


OnePlus 6 មានទំហំថ្ម 3300mAh អាចផ្គត់ផ្គង់ឲ្យ ទូរស័ព្ទរបស់អ្នក បានពេញមួយថ្ងៃបាន ថែមទាំងអាចសាកថ្មបាន រហ័សតាមដុំសាក Dash Charge ដែលសាកក្នុងល្បឿន 5V @4A មានន័យថា សាកថ្មកន្លះម៉ោង ម្ចាស់របស់វាអាចប្រើទូរស័ព្ទ បានពេញមួយថ្ងៃតែម្ដង ពិតជាពិសេសសម្រាប់ អ្នកមមាញឹកខ្លាំង (នេះដោយយោងតាម ការអះអាងរបស់ OnePlus ផ្ទាល់។)


ថ្ងៃចេញលក់ និងតម្លៃទីផ្សារអន្តរជាតិ


OnePlus 6 នឹងចាប់ផ្ដើមបើក លក់ជាផ្លូវការនៅថ្ងៃទី 22 ខែឧសភា ឆ្នាំ2018 នេះឯង ដោយតម្លៃសម្រាប់ទីផ្សារអន្តរជាតិគឺ៖


•    OnePlus 6 RAM 6GB Memory 64GB តម្លៃ USD 529.00


•    OnePlus 6 RAM 8GB Memory 128GB តម្លៃ USD 579.00


•    OnePlus 6 RAM 8GB Memory 256GB តម្លៃ USD 629.00


សម្រាប់តម្លៃខាងលើ ម្ចាស់ OnePlus អាចទិញយកមក ប្រើប្រាស់បានចំនួន 3 ពណ៌ ដោយក្ដារដំបូងអាចស្វែងរកទិញបាន តែពណ៌ខ្មៅរលោង និងខ្មៅស្រអាប់សិនប៉ុណ្ណោះ ចំនែកពណ៌ស លាយទឹកមាស នឹងចេញលក់នៅ ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2018 ជាប្រភេទ Limited Editon ដែលទិញមិនទាន់ ដឹងតែអស់ពីស្តុកតែម្ដង។ ចំនែកការមកដល់ទីផ្សារ ស្រុកខ្មែរជាលើកដំបូង វាអាចនឹងថ្លៃជាងនេះ បន្តិចបន្តួច តែនឹងធ្លាក់មកនៅក្នុង តម្លៃប្រហាក់ប្រហែល ទីផ្សារអន្តរជាតិក្នុងរយៈពេលខ្លី។

 


មតិយោបល់របស់ខេមបូរីផត


OnePlus 6 ធ្វើបានល្អច្រើន ជុំវិញរចនាបទថ្មី ទាន់សម័យ ដែលអ្នកប្រើប្រាស់ ទូទៅចង់បាន និងត្រូវការ។ វាគឺជាកំពូលស្មាតហ្វូន មានក្បាលឆក តែក៏មិនចោទ ជាបញ្ហាអ្វីដែរ ដោយកន្លែកឆកនោះ សម្រាប់ដាក់កាមេរ៉ា និងរន្ធបញ្ចេញសម្លេង។ ផ្ទុយមកវិញវាមានផ្ទៃ អេក្រង់លាទកប់មិនធម្មតា មើលទៅពេញភ្នែក ដោយប្រើផ្ទាំង AMOLED ដែល ជាមួយកម្រិត បង្ហាញរូបភាព Full HD+ ដដែល ជាហេតុធ្វើឲ្យកម្លាំងថ្ម 3400mAh នៅក្នុងម៉ាស៊ីនអាចរស់ បានយូរាប់សិបម៉ោង ថែមទាំងអាចសាកថ្មបាន រហ័សជាមួយនឹងបច្ចេកវិទ្យា Dash Charge។

 

 

 



ម្យ៉ាងវិញទៀតការយក OnePlus 6 តាមខ្លួន ឬប្រើប្រាស់សម្រាប់ ជីវភាពប្រចាំថ្ងៃនឹង កាន់តែប្រសើរ ព្រោះវាមានអាវក្រោះ ការពារធូលី និងទឹក អនុញ្ញាតឲ្យអ្នកយកវា តាមខ្លួនបានយ៉ាងប្រសើរ អាចថាជិះកាត់ភ្លៀង ប្រើប្រាស់ដោយពុំចាំ បាច់ខ្លាចទឹកជាដើម។ ទោះបីមានចំនុចលេចធ្លោ ច្រើនក៏ដោយ OnePlus 6 នៅមិនទាន់ទំនើបខ្លាំងនោះទេ ខណៈពេលកាមេរ៉ារបស់ OnePlus 6 នៅមិនទាន់មុខងារ AI ជំនួយ ថែមទាំងរក្សាកម្រិត បង្ហាញរូបភាពនៅដដែល ពិសេសនៅបន្តដាំខ្ទឹម ជាមួយនឹង Optic AMOLED ជាច្រើនជំនាន់ទៅហើយ។ ម្យ៉ាងវិញទៀត OnePlus 6 នៅតែបន្ត ដំណើរការដោយ Android Oreo 8.1 ដដែល ពេលបើកចេញពីប្រអប់ តែនឹងឡើងទៅ Android P ឆាប់ៗខាងមុខ។ ហេតុដូច្នេះ សម្រាប់ប្រិយមិត្ត ដែលស្រលាញ់ និងនិយមស្មាតហ្វូនដែលមាន ល្បឿនលឿនអាចពិចារណា ជាមួយ OnePlus 6 បាន ព្រោះឆ្នាំនេះ វាមានការវិវឌ្ឍន៍ខ្លួនច្រើន ហើយបើអ្នកជា អតិថិជនរបស់ OnePlus ទៀតនោះ OnePlus 6 គឺជាអ្វីដែលអ្នកមិន គួរមើលរំលង ខណៈពេលដែល OnePlus 5/5T របស់អ្នកត្រូវចូលនិវត្ត។

 


ព័ត៌មានបន្ថែមខេមបូរីផត នឹងធ្វើការ Review បង្ហាញអ្នកទាំងអស់គ្នា ឲ្យបានដឹងអំពី សមត្ថភាពពិតប្រាកដរបស់ OnePlus 6 ថាតើវាមានចំនុចវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ? អញ្ចឹងកុំភ្លេចរង់ចាំ មើលទាំងអស់គ្នាណា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 5 days ago
ប្រភព: OnePlus Tag: ទូរស័ព្ទ