CAMBO REPORT

Popup Advertising5 seconds

ASUS ចេញកុំព្យូទ័រថ្មីមាន​កម្រាស់​ស្ដើង បំពាក់​ដោយ​អេក្រង់ 4K ប្រើ​ស៊ីភីយូ Core i9 និង​មាន​ក្រាហ្វិច GTX 1050 Ti

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីៗនេះក្រុមហ៊ុន ASUS ទើបតែបានបញ្ចេញនូវកុំព្យូទ័រយួរដៃស៊េរីថ្មីមួយមានឈ្មោះថា ZenBook Pro 15 (UX550G) ដែល​ជា​កុំព្យូទ័រយួរ​ដៃ​ស្ថិត​ក្នុង​ប្រភេទ​កុំព្យូទ័រ​អ្នក​ធ្វើការការិយាល័យបែប Business ត្រូវបានរចនារូបរាងយ៉ាងប្រណិត មានរូបរាងតូចស្ដើង និងមានកម្លាំងខ្លាំងផងដែរ អ្វីដែលពិសេសអំពីវាគឺគុណភាពតែម្ដង ដែលវាមានស្ទើគ្រប់បែបយ៉ាងដែលយើងត្រូវការ បើទោះជា​ក្រាហ្វិច​ដាច់របស់វា ស្ថិតក្នុងលំដាប់មធ្យមក៏ដោយ។ ទីមួយគឺរូបរាង ដោយសារតែការផលិត ZenBook Pro 15 គឺសម្រាប់អ្នក​ធ្វើការការិយាល័យលំដាប់ខ្ពស់ដូចនេះ រូបរាងរបស់វាគឺស្អាត ដោយស្រោបខ្លួនដោយអាលុយមីញ៉ូមពណ៌ខ្មៅពេញមួយតួខ្លួនតែម្ដង ជាមួយនឹងខ្សែឆូតពណ៌ទឹកមាស ដែលមានកម្រាស់ត្រឹមតែ ១៨.៩ មីលីម៉ែត្រប៉ុណ្ណោះ ជាមួយនឹងទំងន់ ១.៨៦ គីឡូក្រាម។ 



 


ចំណែកឯផ្នែកខាងក្នុងពេលបើកគម្រប យើងនឹងឃើញអេក្រង់ទំហំ ១៥.៦ អ៊ីញដែលមានគែមខ្លី ក្ដាចុចមានសភាពរៀបរយល្អ និង​មាន​ភ្លើង Backlit ផងដែរ ប៉ុន្តែយើងមិនទទួលបាននូវ NumKey នោះទេ។ ចំណែកផ្នែកអេក្រង់វាជាអេក្រង់ Wide-View ដែល​បង្ហាញ​ក្នុងទំហំ ១៧៨ ដឺក្រេ និងមានកម្រិតបង្ហាញរូបភាព 4K (3840 x 2160 ភិចស៊ែល) មានដង់ស៊ីតេអេក្រង់ 282ppi និង​កម្រិតពណ៌ Adobe RGB 100% sRGB 132% ផងដែរ។ អេក្រង់ប៉ុណ្ណេះ អាចឲ្យយើងទស្សនាវីដេអូបានច្បាស់ម៉ត់កប់តែម្ដង ការបង្ហាញពណ៌ក៏អំណោយផងដែរ លើសពីនេះ ZenBook 15 Pro ក៏បានបំពាក់នូវបាសបំពងសម្លេង Harman Kardon ដែល​មាន Subwoofer និងទ្រទ្រង់ជាមួយបច្ចេកវិទ្យា SonicMaster Sound System របស់ ASUS ទៀតផង។



ផ្នែកម៉ាស៊ីនខាងក្នុងវិញ ZenBook Pro 15 បានបំពាក់នូវឈីបស៊ីភីយូ Core i9-8950HK ដែលជាឈីបលំដាប់ខ្ពស់មានស៊ីភីយូ 6 Core និង 12 Thread រត់ក្នុងល្បឿនធម្មតា ២.៩ ជីកាហឺត និងបង្កើនល្បឿនដល់ ៤.៨ ជីកាហឺតឯណោះ ស៊ីភ្លើង ៤៥ វ៉ាត់ និងមាន​ទំហំ L3 Cache ១២ មេកាបៃ ហើយក៏មាន Intel Graphic 630 ផងដែរ។ ចំណែកឯរ៉េមវិញជាប្រភេទ DDR4 មានល្បឿន Bus ២,៤០០ មេកាហឺត អាចទ្រទ្រង់ដល់ ១៦ ជីកាបៃ ហើយក៏មានក្រាហ្វិចដាច់បន្ថែមមួយទៀតផងដែរគឺ NVIDIA GTX 1050 Ti ដែល​ជា​ប្រភេទឈីប GDDR5 មានទំហំ VRAM ៤ ជីកាបៃ ល្មមអាចលេងហ្គេមធំៗបានច្រើនគួរសម។ សម្រាប់កុំព្យូទ័រស្ដើងបែបនេះ វា​មិនមាន HDD ២.៥ អ៊ីញបំពាក់នោះទេ ដោយវាប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ SSD NVMe ដែលមានជើងដោត PCI Express 3.0 ទំហំ ១ តេរ៉ាបៃ ដែលមានចំនួន ៤ Slot ឯណោះសម្រាប់ប្រើប្រាស់។



អញ្ចឹងទាំងនេះគឺជាលក្ខណៈសម្បត្តិមួយចំនួនរបស់ ZenBook Pro 15 ដែលជាកុំព្យូទ័រស្ដើង រូបរាងប្រណិត មានអេក្រង់ច្បាស់កប់ និង​មាន​កម្លាំង​ម៉ាស៊ីនខ្លាំងផងដែរ លើសពីនេះវាក៏មានក្រាហ្វិចដាច់បន្ថែម ដែលយើងមិនងាយនឹងឃើញកុំព្យូទ័រស្ដើងបែប Business ឡើយ។ យ៉ាងណាមិញគួរឲ្យស្ដាយ ដែលក្រុមហ៊ុនមិនទាន់បញ្ចាក់អំពីថ្ងៃដាក់លក់ និងតម្លៃរបស់វានៅឡើយទេ ប៉ុន្តែវា​មិន​មែន​ជាកុំព្យូទ័រតម្លៃទាបឡើយ បើមើលទៅលើអេក្រង់ និងម៉ាស៊ីនខាងក្នុងដែលវាប្រើ គឺខ្ទស់ពាន់ដុល្លារទៅហើយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: WCCF Tech Tag: កុំព្យូទ័រ