CAMBO REPORT

Popup Advertising5 seconds

លេចធ្លាយ Samsung អាចនឹង​មាន​ម៉ូឌែល Galaxy J6 នៅ​ក្នុង​ឆ្នាំ 2018 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់​ស្មាត​ហ្វូន​លំដាប់​មធ្យម​ខ្សែស្រឡាយ J  របស់​ក្រុម​ហ៊ុន Samsung  ដែល​បាន​ចេញ​មក​ជា​ច្រើន​ស៊េរីមក​ហើយ រួមមាន Galaxy J2, J3, J5 និង J7 ជាដើម ជាមួយនឹងលក្ខណៈសម្បត្តិល្អគួរសម ទាំងកម្លាំងម៉ាស៊ីន និង​ការ​ប្រើប្រាស់​ទូទៅ ម្យ៉ាងវិញទៀត តម្លៃរបស់វាក៏សមរម្យផងដែរ។ ហើយសម្រាប់ឆ្នាំ 2018 នេះ វាក៏អាចនឹងមានវត្តមាន J លេខថ្មីបន្ត​ទៀត ដើម្បីអោយអ្នកទាំងអស់បានឃើញ និងបានទិញយកទៅប្រើប្រាស់ផងដែរ។


 


យ៉ាងណា នាពេលថ្មីៗនេះ ក៏ស្រាប់តែមានព័ត៌មានលេចធ្លាយរូបភាពផូស្ទ័រ ពីស្មាតហ្វូនអក្សរ J មួយស៊េរីគឺ Galaxy J6 សម្រាប់​ចេញ​ក្នុង​ឆ្នាំ 2018 នេះ ដោយបង្ហាញពីផ្ទៃខាងមុខ រួមជាមួយលក្ខណៈសម្បត្តិមួយចំនួនផងដែរ។ បើនិយាយពីលក្ខណៈសម្បត្តិ ស្មាតហ្វូននេះ ត្រូវបានគេបង្ហាញថា វានឹងមានអេក្រង់លាតមានទំហំ 5.6 អ៊ីញ ប្រភេទ Super AMOLED ជាមួយកម្រិតបង្ហាញ 720 x 1480 ភិចសែល និងមាន Aspect Ratio 18.5:9។ ទូរសព្ទនេះ នឹងប្រើប្រាស់បន្ទះឈីប Exynos 7870, មាន RAM ទំហំ 3GB ជាមួយអង្គចងចាំទំហំ 32GB និង RAM ទំហំ 4GB សម្រាប់អង្គចងចាំទំហំ 64GB   ដែលទំហំ RAM ប៉ុណ្ណេះ វាអាចជួយដំណើរការ​កម្លាំង​ម៉ាស៊ីន បានល្អគួរសម សម្រាប់ការប្រើប្រាស់ផងដែរ។ ហើយសម្រាប់កាមេរ៉ាវិញ ត្រូវបានគេបង្ហើបអោយដឹងថា វាអាច​នឹង​បំពាក់​​កាមេរ៉ាមុខទំហំ 8 មេហ្គាភិចស៊ែល រួមជាមួយភ្លើង Flash ជំនួយមួយគ្រាប់ ចំណែកកាមេរ៉ាខាងក្រោយ មានទំហំ 13 មេហ្គាភិចស៊ែល អមនឹងភ្លើង LED មួយគ្រាប់ ដើម្បីជំនួយដល់ការថតរូប ឬវីដេអូ នៅកន្លែងដែលមានពន្លឺទាប និងងងឹតជាដើម។ ក្នុងនោះ វាក៏នឹងមានស៊េនស័រស្កេនម្រាមដៃ ស្ថិតនៅផ្នែកខាងក្រោយហ្នឹងផងដែរ។ ស្មាតហ្វូននេះ នឹងមានបំពាក់ថាមពលថ្មទំហំ 3000 mAh ដោយវាអនុញ្ញាត អោយអ្នកអាចប្រើប្រាស់ បានយូរគួរសម ទាំងការនិយាយ ឬលេង​បណ្តាញ​សង្គម​អ៊ីនធើណេត​ផ្សេងៗ។



Galaxy J6 អាចនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ចេញពីប្រអប់មកស្រាប់តែម្តង ហើយស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លូនជាលើកដំបូងនៅប្រទេសឥណ្ឌា ថ្ងៃទៅ 25 ខែឧសភា ឆាប់ៗខាងមុខនេះ រួចទើបបន្តមក​ទីផ្សារ​ប្រទេស​ផ្សេងៗ​ទៀត។ ចំពោះតម្លៃវិញគឺ 205 ដុល្លារ សម្រាប់ RAM 3GB / អង្គចងចាំទំហំ 32GB និង 245 ដុល្លារ សម្រាប់ RAM 4GB / អង្គចងចាំទំហំ 64GB។ យ៉ាងណា យើងក៏មិនទាន់ច្បាស់ថា ថាវានឹងដូចការបង្ហាញពីខាងលើ ទាំងស្រុងនោះដែរ គឺមាន​តែ​រង់​ចាំ​ព័ត៌មានផ្លូវការពី Samsung ប៉ុណ្ណោះ ទើបអស់ចិត្ត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: PhoneArena Tag: ទូរស័ព្ទ