CAMBO REPORT

Popup Advertising5 seconds

ចំនុច​ស្នូល​ទាំង 4 ធំ​ៗ ដែល​យើង​រំពឹង​ទុក​ពី​ព្រឹត្តិ​ការណ៍ Google I/O ឆ្នាំ 2018

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សប្ដាហ៍ក្រោយ ដល់ពេល Google បង្ហាញស្នាដៃថ្មីទៅដល់ ពិភពលោកទៀតហើយ នៅក្នុងព្រឹត្តិការណ៍ Google I/O ឆ្នាំ 2018 ដូច្នេះក្រុមអភិវឌ្ឍន៍កម្មវិធី មិនតិចនោះទេ នឹងមានវត្តមាន នៅទីនោះ ដើម្បីចូលរួម ស្វែងយល់ អំពីអ្វី ដែល Google កំពុងដឹកនាំ ពិភពលោកទៅរក ពីមួយឆ្នាំទៅមួយឆ្នាំ ឲ្យកាន់តែប្រសើរឡើង។ សម្រាប់យើងដែល ជាអ្នកប្រើប្រាស់ បើទោះបីជាយល់ដឹង មិនស៊ីជម្រៅ ឬមិនបានចូលរួម ទស្សនាដោយផ្ទាល់ ក៏អាចមើលតាមការ ផ្សាយបន្តផ្ទាល់បានដែរ ហើយក្នុងនោះ ចំនុចស្នូលទាំង 4 ដែលយើងរំពឹងទុកខ្លាំង ជាងគេសម្រាប់ព្រឹត្តិការណ៍ Google I/O ឆ្នាំនេះ រួមមានដូចជា៖

 

1.    Android P

 

អ្វីដែលពិភពលោកចង់ដឹង ចង់ឮ និងចង់ស្វែងយល់ឲ្យដឹងកាន់តែច្រើន និងស៊ីជម្រៅបន្ថែមនោះគឺ ប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មីគឺ Android P ដោយអក្សរ P នេះនៅប្រកាសឲ្យពេញ ឈ្មោះជាផ្លូវការ ក្នុងព្រឹត្តិការណ៍ Google I/O ឆ្នាំនេះ។ Android P បានធ្វើតេស្ដ និងដាក់ឲ្យដំណើរការ នៅលើស្មាតហ្វូនមួយចំនួន តូចរួចទៅហើយ ដោយត្រៀមនឹងបើកឲ្យចេញ ដំណើរការជាផ្លូវការ នៅចុងឆ្នាំ 2018 នេះភាគច្រើន និងកាន់តែច្រើន នៅដើមឆ្នាំ 2019 សម្រាប់ស្មាតហ្វូន កម្រិតកណ្ដាល និងភាគច្រើននៅលើ កំពូលស្មាតហ្វូន មិនខុសពីឆ្នាំមុនៗ នោះទេ។

2.    Android Wear > Wear OS

 

នាឡិកាវៃឆ្លាតភាគច្រើន គឺដំណើរការដោយ Wear OS ដែលជាប្រព័ន្ធប្រតិបត្តិការ បង្កើតឡើងសម្រាប់ប្រើនៅលើនាឡិកាវៃឆ្លាត របស់ក្រុមហ៊ុនជាច្រើន តែមិនទាំងអស់នោះទេ ព្រោះក្រុមហ៊ុនខ្លះដូចជា Apple មាន watchOS របស់ខ្លួន ហើយ Samsung ក៏បានប្រើ Tizen ផងដែរ។ យ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ 2018 Google នឹងបញ្ចេញនូវ Wear OS ជំនាន់ថ្មី ដែលបន្ថែមមកជាមួយនឹង មុខងារថ្មី ប្លែក សម្រាប់ប្រើប្រាស់ជាមួយ ជីវភាពប្រចាំថ្ងៃ របស់មនុស្ស អមមកជាមួយនឹងការ ដុះខាត់បន្ថែម ជុំវិញប្រព័ន្ធ សុវត្តិភាព បទពិសោធន៍ ក្នុងការប្រើប្រាស់ជាដើម ពិសេសអាចនឹងលេច មុខនូវមុខងារថ្មី បន្ថែមក៏ថាបាន។



3.    Chrome OS

 

ប្រព័ន្ធប្រតិបត្តិការ Chrome OS នៅស្រុកខ្មែរយើងគឺមិនពេញនិយម សោះតែម្ដង ដោយសារតែវានៅមិនទាន់ ទូលំទូលាយខ្លាំង ម្យ៉ាងកុំព្យូទ័រ នៅស្រុកយើង 90% ទៅហើយគឺដំណើរការដោយ Windows។ សម្រាប់ទីផ្សារ អន្តរជាតិវិញ Chrome OS ក៏មានមុខមានមាត់ ផងដែរ ដែលវាល្អបំផុតសម្រាប់ ការកំសាន្ត ពិសេសគឺឆែក អ៊ីនធឺណិតលេង ដែលវាតម្លើង សម្រាប់ម៉ាស៊ីន ដែលមានតម្លៃធូរថ្លៃ ហើយឆ្នាំនេះ Chrome OS អាចនឹងមានការ កែប្រែធំជាមួយនឹងការ ប្រើប្រាស់ទូលំទូលាយជាងមុន គឺថាវាអាចមាន កម្មវិធី សម្រាប់ប្រើប្រាស់ ជាមួយច្រើនជាងមុន អាចប្រជែងជាមួយនឹង ម៉ាស៊ីនកុំព្យូទ័របាន តែមិនបានខ្លាំងទាំងស្រុង នោះទេ ព្រោះ OS នេះជា OS ខ្នាតតូចហើយស្រាល សម្រាប់បំពេញកិច្ចការ តូចតាចប៉ុណ្ណោះ។ ឆ្នាំ 2018 Chrome OS អាចនឹងមាន មុខងារថ្មី ឬការវិវឌ្ឍន៍ខ្លួនថ្មីមួយ ដែលយើងមិនអាចនឹកស្មានដល់ក៏ថាបាន។

4.    Google Assistant

 

បច្ចុប្បន្ន Google Assistant បានកំពុងចូលរួមចំនែកបម្រើមហាជនជាច្រើន ទូទាំងពិភពលោក វាចូលរួមចំនែកខ្លាំង សម្រាប់ការប្រើប្រាស់ទូទៅ ជាមួយនឹងស្មាតហ្វូន រាប់លានគ្រឿង ដោយឆ្នាំ 2018 នេះ Google ច្បាស់ណាស់ នឹងធ្វើឲ្យមុខងារមាន ប្រជាប្រិយភាពមួយនេះ កាន់តែឆ្លាតជាងមុន។ ជាក់ស្ដែងយើងបានឃើញនៅលើ LG G7 ThinQ រួចទៅហើយជាមួយនឹងការ ប្រើប្រាស់ការបញ្ជា ដោយសម្លេងថ្មី ដែលអាចជាមុខងារ ថ្មីមួយទៀត ដែល Google Assistant ជំនាន់ថ្មី អាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះ Google Assistant នឹងកាន់តែ មានសុវត្ថិភាព កាន់តែឆ្លាត កាន់តែរហ័ស និងម៉ត់ចត់ ជាងមុន ជុំវិញការប្រើប្រាស់ ព្រោះវាមិនត្រឹមតែដើរតួ ជាជំនួយការ របស់យើងនោះទេ វានឹងជួយយើងគ្រប់ពេល និងគ្រប់នាទី ពេលយើងត្រូវការជំនួយ ហើយអ្វីដែលថ្មី នឹងត្រៀមលាតត្រដាង នាសប្ដាហ៍ក្រោយ។ សង្ឃឹមថា Google Assistant នឹងមានមុខងារប្លែកៗ ដែលធ្វើឲ្យយើងទប់ អារម្មណ៍មិនបាន។

ចំនុចស្នូលទាំង 4 ធំៗនេះ នឹងត្រូវបានលាតត្រដាងកាន់តែច្បាស់ លែងមានភាពស្រពិចស្រពិល ទៀតហើយនៅសប្ដាហ៍ ក្រោយនេះ ដោយ Google បានត្រៀមខ្លួន និងរៀបចំរួចរាល់ នូវការបង្ហាញឲ្យពិភពលោក បានដឹងអំពីអ្វី ដែលថ្មី ប្លែក មិនធ្លាប់មានពីមុនមក។ ដូច្នេះចង់ដឹងព័ត៌មាន កាន់តែច្បាស់ កុំភ្លេចតាមដានជាមួយ ខេមបូរីផត ទាំងអស់គ្នា នៅពេលដំណឹងថ្មីៗ បានមកដល់!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: Engadget Tag: Lifestyle