CAMBO REPORT

Popup Advertising5 seconds

កាមេរ៉ា​របស់ Huawei P20 Pro និង XZ2 Premium យើង​អាច​តម្លើង​ ISO បាន​ខ្ពស់​បំផុត​នា​ពេល​បច្ចុប្បន្ន! តើ​កម្រិត ISO ទាំង​នោះ​ជួយ​អ្វី​បាន​ខ្លះទៅ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននេះ ក្រុមហ៊ុនទូរសព្ទនានា កំពុងតែព្យាយាមប្រជែងគ្នាខ្លាំងមែនទែន ទៅលើគុណភាពកាមេរ៉ានៃទូរសព្ទ លំដាប់កំពូលរបស់ខ្លួន ច្រើនជាងផ្នែក ផ្សេងៗទៀត។ នាដើមឆ្នាំ ២០១៨ នេះ ស្មាតហ្វូនកំពូលដូចជា Huawei P20 Pro និង Xperia XZ2 Premium សុទ្ធសឹងតែបានលោត ទៅមុខងារយ៉ាងខ្លាំង លើផ្នែកកាមេរ៉ានេះ ហើយកាមេរ៉ារបស់ Huawei P20 Pro មានទៅដល់ ៣ គ្រាប់ឯណោះ ចំណែកក្រុមហ៊ុន Sony ក៏បានឈានជើងចូល ទីផ្សារកាមេរ៉ាភ្លោះផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាងនេះទៅទៀតនោះ គឺកាមេរ៉ារបស់ទូរសព្ទទាំង ២ លើនេះ វាមានកម្រិត ISO ខ្ពស់ខ្លាំង ជាងទូរសព្ទធម្មតា ដោយនៅលើ XZ2 Premium កម្រិត ISO អាចឡើងបានដល់ 12,800 សម្រាប់ការថតវីឌីអូ និង 51,200 សម្រាប់ការថតរូបភាព ចំណែកឯកាមេរ៉ា P20 Pro យើងអាចតម្លើង ISO បានរហូតដល់ 102,400 ឯណោះ អញ្ចឹងប្រិយមិត្តមួយចំនួន អាចនឹងឆ្ងល់ថា តើហេតុអ្វីបានជាកាមេរ៉ា វាអាចឡើង ISO បានខ្ពស់យ៉ាងនេះ? ហើយវាកម្រិត ISO ទាំងនេះមាន អត្ថប្រយោជន៍អ្វី?

នៅពេលដែលយើងនិយាយទៅដល់កម្រិត ISO របស់កាមេរ៉ា យើងមិនអាចនិយាយ រំលងល្បឿន Shutter Speed និង កម្រិត Aperture បាននោះទេ ព្រោះពួកវាត្រូវ ប្រទាក់ក្រឡាគ្នា ដូចជាសំបុកពីងពាង យ៉ាងអញ្ចឹង។ ប្រសិនបើនៅលើ ពពួកកាមេរ៉ា DSLR អ្វីដែលគេលើក មកនិយាយមុន គឺប្រាកដជាល្បឿន Shutter Speed ជាមិនខាន ហើយក្រោយមកទើបគេ ជ្រើសរើសកម្រិត Aperture និង ISO ក្រោយគេ។ នៅលើកាមេរ៉ាទូរសព្ទដៃ របស់យើងក៏មិនខុសគ្នាប៉ុន្មានដែរ ព្រោះបើយើងចង់ គ្រប់គ្រងប្លង់ ដូចជាថតយក សកម្មភាពមានចលនានោះ យើងប្រាកដជា ត្រូវកំណត់ Shutter Speed ជាមុនមិនខាន។ Shutter Speed ឬយើងអាចហៅថាល្បឿន នៃការថតយក វាគឺជាការកំណត់រយៈពេល នៃការថតយក ក្នុងមួយប៉ុស្ដិ៍ ដោយភាគច្រើន នៅលើទូរសព្ទដៃល្បឿនយូរ បំផុតបានដល់ ៣០ វិនាទី។ មានន័យថារូបភាព ដែលយើងថតមួយប៉ុស្ដិ៍ ជាធម្មតា យើងចុចប៊ូតុងភ្លាម វាថតយកក្រឹបៗតែម្ដង ប៉ុន្តែនៅពេលយើងកំណត់យក Shutter Speed រយៈពេលវែង វានឹងចាប់យករូបភាព ក្នុងរយៈពេលយូរ ឧទាហរណ៌យើងជ្រើសរើស យក Shutter Speed ៥ វិនាទី ដូចនេះរូបភាព នឹងថតយកក្នុងរយៈពេល ចាប់ពីយើងចុច រហូតដល់ រយៈពេល ៥ វិនាទី ដើម្បីឲ្យសកម្មភាពមាន ចលនាទាំងអស់ ពួកវានឹងមានសកម្មភាព ព្រាលហូរ Smooth ស្មើល្អ ដូចជាទឹកហូរ យ៉ាងអញ្ចឹង ដែលគេឲ្យឈ្មោះថា Long Exposer។ ហើយនៅពេលថត យើងត្រូវរក្សាលំនឹងឲ្យបានល្អ មិនឲ្យវារង្គើ បើមានរំញ័រតែបន្ដិច រូបភាពនឹងព្រាល ខ្លាំងតែម្ដង ហើយយើងក៏ត្រូវ កំណត់នូវ Aperture ក៏ដូចជា ISO ផងដែរ ជាពិសេសការថត នៅពេលថ្ងៃ ដើម្បីកុំឲ្យពន្លឺភ្លឺខ្លាំងពេក ចេញជាស្ញាច ព្រោះរយៈពេលប៉ុន្មានវិនាទី ដែលយើងកំណត់ វានឹងធ្វើការស្រូបពន្លឺ ចូលកាន់តែច្រើន (កាន់តែវែង កាន់តែស្រូបពន្លឺខ្លាំង)។

ផ្ទុយទៅវិញ នៅពេលដែលយើងថតរូបភាពនៅក្នុងល្បឿន Shutter Speed រយៈពេលខ្លីដូចជា 1/500 ឬ 1/8000 វិនាទី វានឹងចាប់យករូបភាព ក្នុងរយៈពេលយ៉ាងខ្លី ធ្វើរូបភាពដែលមាន សម្មភាពទាំងនោះ វានៅនឹងថ្កល់ ឲ្យយើងបាន ឃើញច្បាស់ មិនមែនហូរ ដូចជារូបភាពខាងលើ នោះទេ។ ហើយរូបភាពប្រភេទនេះ ហៅថា Short Exposer ដោយយើងក៏ត្រូវ កំណត់នូវ ISO និង Aperture ដូចគ្នា បើពុំដូចនោះទេ រូបភាព នឹងមានសភាពងងឹត។

មកដល់ Aperture វិញគឺជាមុខងារ ដែលមិនសូវជាទូលំទូលាយប៉ុន្មានទេ នៅលើស្មាតហ្វូន វាគឺជាមុខងារដែលធ្វើការ សម្រាប់ឲ្យពន្លឺ ស្រូបចូលខ្លាំង និងធ្វើឲ្យរូបភាពព្រាលផ្ទៃ ខាងក្រោយខ្លាំងជាដើម។ មានន័យថាការមេរ៉ាទូរសព្ទ របស់យើងមាន Aperture តូចដូចជា Aperture f/2.2 រូបភាពរបស់យើងថត មិនសូវឃើញផុសស្អាត ល្អនោះទេ ហើយការស្រូបពន្លឺ ក៏មិនបានល្អប៉ុន្មានដែរ នៅពេលខ្សោយពន្លឺ ប៉ុន្តែប្រសិនបើ Aperture f/1.5 ការថតរូបភាព នឹងផុសស្អាត ដោយស្វ័យប្រវត្តិ ដោយយើងចាប់ ចំណុច Focus ត្រង់ណាវានឹងច្បាស់ល្អ នៅត្រង់នោះ ប៉ុន្តែកន្លែងមិន Focus នឹងព្រាលស្អាតល្អ ក៏ដូចជាការស្រូបពន្លឺ នៅពេលយប់ ក៏អំណោយផលល្អផងដែរ។ នៅលើ កាមេរ៉ា DSLR កម្រិត Aperture នេះយើងអាចកំណត់ និងបង្វិលបាន នៅលើកែវលេនកាមេរ៉ា ប៉ុន្តែសម្រាប់ទូរសព្ទយើងវិញ មិនអាចកំណត់បាន នោះទេ ដោយបច្ចុប្បន្នយើង ឃើញមានតែស្មាតហ្វូន Galaxy S9/S9+ ប៉ុណ្ណោះ ដែលអាចផ្លាស់ប្ដូរ កម្រិត Aperture បាន ហើយវាក៏មាន Aperture ធំជាង កាមេរ៉ាទូរសព្ទនានាផងដែរ នាពេលបច្ចុប្បន្ននេះ។

មកដល់ចំណុច ISO របស់យើងវិញ ជាចំណុចដែលអ្នកថតរូប គិតចុងក្រោយគេ ហើយបើពន្យល់ ឲ្យងាយយល់អំពី ISO វាគឺជាពន្លឺសិប្បនិមិត្ត របស់កាមេរ៉ា មានន័យថា ISO កាន់តែខ្ពស់ រូបភាពកាន់តែភ្លឺ។ ប៉ុន្តែស្របពេល ដែលវាភ្លឺ កម្រិតភាពច្បាស់ម៉ត់ នៃរូបភាពក៏ចាប់ផ្ដើម ថយចុះផងដែរ ហើយគ្រាប់ Noise រំខាន នឹងកើតមានឡើង កាន់តែច្រើន បើយើងឡើង ISO ខ្ពស់ខ្លាំងពេក។ ទើបជាទូទៅ ការថតរូបភាពនៅទិដ្ឋភាព មានពន្លឺគ្រប់គ្រាន់ និងរូបភាពទេសភាព Landscape យើងត្រូវរក្សាកម្រិត ISO ឲ្យកម្រិតទាបបំផុត តាមដែលអាចធ្វើបាន ដើម្បីឲ្យរូបភាពមាន គុណភាពច្បាស់ម៉ត់ល្អ ហើយបើខ្វះពន្លឺ គេសុខចិត្តតម្លើង Aperture ឬក៏ Shutter Speed ជំនួសវិញ ប៉ុន្តែក៏ត្រូវមើល តាមកាលៈទេសៈ ជាក់ស្ដែងផងដែរ។

អញ្ចឹងយើងបានដឹងហើយថា ISO កាន់តែខ្ពស់ វានឹងធ្វើឲ្យគុណភាព នៃរូបភាពចាប់ផ្ដើម បាត់បង់សាច់ Detail និងចេញគ្រាប់ Noise កាន់តែច្រើន ប៉ុន្តែហេតុអ្វីបានជា Sony និង Huawei ព្យាយាមអនុញ្ញាត ឲ្យ ISO នៅលើកាមេរ៉ាទូរសព្ទ របស់ខ្លួនឡើង ខ្ពស់បែបនេះ? ចម្លើយគឺ ពន្លឺ ត្រូវហើយ ISO គឺជាពន្លឺសិប្បនិមិត្ត នៃកាមេរ៉ា។ បើយើងក្រលេកទៅលើ XZ2 Premium គេបានអះអាងថា កាមេរ៉ារបស់គេ ថតបានភ្លឺច្បាស់ជាងការ មើលឃើញរបស់ ភ្នែកមនុស្សយើងទៅទៀត ថែមទាំងអាចថតវីឌីអូ 4K បែប HDR បានទៀតផង។ អញ្ចឹងកម្រិតពន្លឺ ISO ពិតជាមានសារៈសំខាន់ណាស់ នៅពេលដែលយើង ថតនៅកាលៈទេសៈ ខ្សោយពន្លឺ ដើម្បីអាចផលិតពណ៌ បានត្រឹមត្រូវ និងរក្សាល្បឿន Shutter Speed ឲ្យមកទាប ថតយកបានលឿន និងកាត់បន្ថយកម្រិត ព្រាលនៃរូបភាព របស់វត្ថុដែលមាន ចលនាជាដើម។

ហើយប្រសិនបើយើងប្រៀបធៀបគ្នារវាងរូបភាព ដែលបានថតចេញ ដោយកាមេរ៉ា Huawei P20 Pro ប្រៀបធៀបនឹង iPhone X ពីការ ធ្វើតេស្ដនៅក្នុង DxO Mark យើងនឹងបានឃើញ ជាក់ស្ដែងតែម្ដង។ ដោយរូបភាព ដែលថតដោយ P20 Pro វាមានសភាពច្បាស់ល្អ រក្សាពណ៌បាន ត្រឹមត្រូវដដែល ពន្លឺអំពូលក៏មិនស្ញាច ហើយរូបភាពមាន ចលនាទាំងអស់ មានសភាពនៅនឹងល្អ។ ផ្ទុយទៅវិញរូបភាព ដែលថតចេញពី iPhone X វានឹងព្យាយាម តម្លើងល្បឿន Shutter Speed ធ្វើឲ្យការចាប់យករូបភាព យឺតជាងបន្ដិច ដូចនេះវត្ថុដែលមាន សកម្មភាពដូចជាឡាន និងមនុស្សកំពុងដើរ វានឹងមាន សភាពព្រាល។ ហើយដោយសារតែ Shutter Speed វាវែងជាង ដូចនេះការស្រូបយក ពន្លឺនឹងមានសភាពស្ញាច អាចប៉ះពាល់ដល់ការ ចាក់ពណ៌នៃវត្ថុ ដទៃទៀត ហើយបើយើងរក្សា ដៃមិននឹងល្អទេនោះ ផ្ទៃរូបភាពទាំងមូល នឹងព្រាលតែម្ដង។

អញ្ចឹងទាំងនេះ គឺជាអ្វីដែលកម្រិត ISO ខ្ពស់នៃកាមេរ៉ាទូរសព្ទកំពូលទាំង ២ អាចធ្វើទៅបាន ដោយក្រុមហ៊ុន Huawei និង Sony ធ្វើបានល្អមែនទែន ទៅលើការបើកសិទ្ធិ ឲ្យកម្រិត ISO ឡើងខ្ពស់បែបនេះ ដែលពិតជាជំនួយ មួយផ្នែកធំទៅដល់ការ ថតរូបភាព និងវីឌីអូរបស់យើង នៅកាលៈទេសៈ ខ្សោយពន្លឺ បើទោះជាយើងថត ដោយប្រើប្រាស់មុខងារ Auto ក៏ដោយ ក៏វាអាចគណនានូវ មុខងារទាំងនោះ ឲ្យមានភាពសមស្រប ជាមួយគ្នាផងដែរ។ ដូចនេះ កម្រិត ISO នៅលើកាមេរ៉ាទូរសព្ទ និងកាមេរ៉ាអាជីពនានា វាជាជំនួយមួយផ្នែក ដល់ការថតរបស់អ្នក ដែលអាចជាផ្នែក ដែលយើងគួរសិក្សាលំអិត អំពីអត្ថប្រយោជន៍របស់វា ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 weeks ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ