CAMBO REPORT

Popup Advertising5 seconds

ស្វែង​យល់​ពី​មូល​ហេតុ​សំខាន់​ៗ​ដែល​អ្នក​គួរ​ផ្ទុក​ឯក​សារ​លើ​ពពក (Cloud Storage)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាដំបូង យើងគួរតែស្វែងយល់ពី Cloud Storage ឬ Cloud Drive ជាមុនសិន ហើយនេះគឺជា សេវាកម្មមួយ ដែលអនុញ្ញាត អោយអ្នក ប្រើប្រាស់ អាចធ្វើការ រក្សាទុកឯកសារ ឬទិន្នន័យផ្សេងៗ ដូចជា កម្មវិធី, រូបភាព, វីដេអូ ឯកសារ ឬច្រើនទៀត លើពពក ជំនួសដល់ ការរក្សាទុក ឯកសារក្នុង Hard Disk ឬ External Devices ហើយ ជាមួយ សេវាកម្ម Cloud Storage នេះ មានប្រជាប្រិយភាព ខ្លាំងណាស់ នៅជុំវិញពិភពលោក ព្រោះនៅពេលនេះ មានសេវាកម្មនេះច្រើន ដែលយើងអាចប្រើប្រាស់បានទាំងអស់។


សព្វថ្ងៃនេះ លោកអ្នកមាន ជម្រើសច្រើនណាស់ ដើម្បីសម្រេច ចិត្តចង់ប្រើ Cloud Storage របស់ក្រុមហ៊ុន ណាមួយ ក៏បាន តាមចិត្ត អ្នកចង់ មានទាំង គិតលុយ និង ឥតគិតលុយ ប៉ុន្តែជាធម្មតា របស់ដែល ឥតគិតលុយ អាចផ្ទុកទិន្នន័យ ជាមួយទំហំមានកំណត់ និងត្រូវចំណាយលុយ ប្រសិនបើអ្នកប្រើ​ ចង់បានទំហំ ប្រើប្រាស់បន្ថែម។ យើងមានគំនិតមួយ ចង់ឲ្យអ្នកប្រើប្រាស់ Cloud Drive របស់ក្រុមហ៊ុនផ្សេងៗ ដើម្បីប្រមូលបានទំហំ នៃការប្រើប្រាស់ច្រើនដែរ (ឧទាហរណ៍ យើងប្រើប្រាស់ Google Drive ផ្ទុកពេញ រួចយើងអាចទៅប្រើប្រាស់ Dropbox បន្ថែមបាន ហើយបើពេញទៀត យើងអាចទៅប្រើប្រាស់ OneDrive ទៀតបាន)។ តើបងប្អូន មានដឹងដែរឬទេ ថាតើ ហេតុផលចម្បងអ្វី ខ្លះទៅ បានជា មនុស្សមួយ ចំនួនចូលចិត្ត ប្រើវាដើម្បីរក្សា ទុកទិន្នន័យ? ខាងក្រោមនេះ ជាចម្លើយ ដែលមិត្តអ្នកអានគួរ ស្វែងយល់។


1.    បញ្ហាសុវត្ថិភាព: ធានាបាននូវ សុវត្ថិភាពខ្ពស់ ជាងការ យកទិន្នន័យ ទុកលើ Hard Disk ឬ External Devices ព្រោះការ រក្សាទុក ទិន្នន័យលើ ម៉ាស៊ីនកុំព្យូទ័រ អាចជួបហានិភ័យខ្ពស់ ដូចជា កុំព្យូទ័រ ឬ Hard Disk ខូច ឬក៏ មេរោគចូល វាយប្រហារ ជាដើម។


2.    ការចូលប្រើ ឬ ទាញយកទិន្នន័យ: អនុញ្ញាតអោយ មនុស្សជាច្រើននាក់ នៅតំបន់ផ្សេងៗគ្នា អាចធ្វើការ អាប់ឡូដ ឯកសារផ្សេងៗ ទៅរក្សាទុក ឬ ក៏ ទាញយកឯកសារមកប្រើប្រាស់ តាមតម្រូវការ របស់គេបាន យ៉ាងងាយស្រួល អោយតែ មានអ៊ីនធឺណេត។


3.    ទំនុកចិត្ត និង ស្ថេរភាព: ការយកឯកសារ ទៅទុកលើពពក ទទួលបាន នូវទំនុក ចិត្តខ្ពស់ និង ស្ថេរភាព ព្រោះពេល Sign In ប្រើប្រាស់ វាមានកញ្ចប់ សេវាកម្ម អោយយើង ជ្រើសរើស មានទាំងទំហំ និង រយៈពេល។


4.    ចំណុះច្រើនជម្រើស: លោកអ្នកអាច ជ្រើសរើស ចំណុះផ្ទុក ទិន្នន័យ បានច្រើនទំហំ និង រយៈពេល វែងឬខ្លី អាស្រ័យ ទៅតាមតម្លៃ ដែលខាង ក្រុមហ៊ុនផ្តល់ជូន។


គួរបញ្ជាក់ថា លោកអ្នក អាចធ្វើការ Access ទៅកាន់ Cloud Storage របស់អ្នកបានទាំងនៅលើ Browser នៃកុំព្យូទ័រ ឬ កម្មវិធី លើ ស្មាតហ្វូន និង ថេប្លេត ក៏បានដែរ។ មិនតែប៉ុណ្ណោះទេ ទាក់ទិនទៅនឹង ការចែករំលែក ឯកសារវិញ ក៏មានភាព ងាយស្រួលដែរ ដល់អ្នក ប្រើប្រាស់ជាពិសេស ការប្រើប្រាស់ លក្ខណៈការងារក្នុងការិយាល័យ តែម្តង។ ចំពោះលោកអ្នក ដែលធ្លាប់ ប្រើ Cloud Storage តើបងប្អូន គិតយ៉ាងណា ចំពោះ សេវាកម្ម Cloud Storage ? តើលោកអ្នក បានស្គាល់ Cloud Storage ណាខ្លះ? យើងក៏ចង់ណែនាំពី Cloud Storage ដែលពេញនិយមរបស់ ក្រុមហ៊ុនល្បីៗដល់អ្នក ទាំងអស់គ្នាបានស្គាល់ និងអាចចុះឈ្មោះ ប្រើប្រាស់បាន មានដូចជា Dropbox, Google Drive, pCloud, OneDrive, Amazon Drive, Mega, Tresorit, SpiderOak, Box, Knowhow Cloud, MediaFire, iCloud, Mozy និងច្រើនទៀត។


សរុបមក Cloud Storage ឬ Cloud Drive ពិតជា មានប្រយោជន៍ខ្លាំង ដល់អ្នកប្រើប្រាស់គ្រប់ៗគ្នា នៅពេលដែលពួកគេ ចង់រក្សាទុកឯកសារ ឬទិន្នន័យអ្វីមួយ បានងាយស្រួល បំផុតទៅលើពពក ហើយការចែករលែក ទៅកាន់អ្នកដទៃក៏រហ័ស និងអាចទាញយក ទិន្នន័យពីក្នុងនោះមកវិញ បានគ្រប់ទីកន្លែង តាមរយៈកុំព្យូទ័រ និងស្មាតហ្វូនក៏បាន ដោយតម្រូវភ្ជាប់ ជាមួយអ៊ីនធើណេតជានិច្ច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 weeks ago
ប្រភព: Good Cloud Storage Tag: ចំណេះដឹងទូទៅ