CAMBO REPORT

Popup Advertising5 seconds

នេះ​ជា Lamborghini Urus 2019 តម្លៃ ២ សែន​ដុល្លារ មាន​កម្លាំង​ខ្លាំង​កប់ អាច​ជិះ​ដល់​ល្បឿន 300 Km/h យ៉ាងផុយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រសិនបើប្រិយមិត្តធ្លាប់ស្គាល់ក្រុមហ៊ុនរថយន្ដរបស់អ៊ីតាលី Lamborghini នេះ លោកអ្នកប្រាកដជាស្គាល់ តាមរយៈរថយន្ដស្ព័រទាបៗ ដែលគេធ្លាប់បញ្ចេញ លក់ជាក់ជាមិនខាន។ ប៉ុន្តែម្ដងនេះ ហាក់ដូចជាប្លែក ព្រោះមួយគ្រឿងនេះ មិនមែនជា រថយន្ដស្ព័រទេ ពោលវាជា រថយន្ដខ្នាត SUV ដែលមា នកៅអីអង្គុយ ២ ជួរ និងគូទក្រោយ សម្រាប់ដាក់អីវ៉ាន់ និងបានបន្ថែម ឈ្មោះថ្មីហៅថា Urus។ ហើយបើនិយាយ ដល់កម្លាំងម៉ាស៊ីនវិញ គឺកប់តែម្ដង ដោយសារវាមាន ម៉ាស៊ីនធំរត់ក្នុងល្បឿនលឿន ហើយក៏អាចប្រើ ជាមួយនឹងផ្លូវដី មានកាលៈទេសៈ លំបាកៗផងដែរ។

ទៅលើរចនារូបរាងរបស់វាអ្នកអាចឃើញហើយ វាមិន សូវកាចដូចជារថយន្ដស្ព័ររបស់ Lamborghini នោះទេ ប៉ុន្តែក៏មិនស្លូតដែរ អាចបើកនៅក្នុង ទីក្រុងក៏ទាក់ទាញ បើនៅតាមផ្លូវ Off road ក៏បានដែរ។ វារចនាជារាងជ្រុងៗ ដូចកាលពីមុនអញ្ចឹង ថ្នាំពណ៌របស់រថយន្ដ ក៏រលោងស្អាត ផ្នែកខាងមុខ មិនសូវស្មុគស្មាញច្រើនដែរ វារចនាឡើង ដូចជារថយន្ដ SUV កាត់រថយន្ដស្ព័រអញ្ចឹង ដោយចង្កៀង LED វាអូសមួយខ្សែរួចបែកជា ២ ទៅនឹងភ្លើងស៊ីញ៉ូ ហើយខាងលើជា ចង្កៀងកូតហ្វាចំនួន ៥ គ្រាប់។

មកផ្នែកខាងក្រោយ ក៏ទាក់ទាញម្យ៉ាងដែរ វាដូចជាមនុស្សយន្ដ ដោយចង្កៀងរចនាឡើង ស្រដៀងខាងមុខដែរ គឺមានចង្កៀងមួយខ្សែ និងបែកជា ២ ហើយមកខាងក្រោម មានរន្ធស៊ីម៉ាំងចំនួន ៤ គ្រាប់។

រថយន្ដទាំងមូលគឺមានទម្ងន់ ២,២០០ គីឡូក្រាម និងបណ្ដោយ ៥.១ ម៉ែត្រ និងកម្ពស់ ១.៦ ម៉ែត្រ។ នៅផ្នែកខាងក្នុង គឺមានកៅអីអង្គុយបាន ៤ នាក់ និងមានធុងសាំងចំណុះ ៨៥ លីត្រ។ ហើយបើ និយាយមកដល់កង់វិញ វាមានយ៉ាន់ទំហំ ៩.៥ អ៊ីញនៅខាងមុខ ជាលោហៈធាតុ មានការរចនាស្រស់ស្អាត និងប្រើសំបក កង់ទំហំ 285/45 ចំណែកផ្នែក ខាងក្រោយប្រើយ៉ាន់ទំហំ ១០.៥ អ៊ីញ និងប្រើសំបកកង់ 315/40 អមជាមួយនឹង ប្រព័ន្ធហ្វ្រាំងទាំង ៤ ដែលមានកម្រាស់ក្រាស់ដល់ ៤០ មីលីម៉ែត្រ នៅខាងមុខ និង ៣០ មីលីម៉ែត្រ នៅខាងក្រោយ បង្កើតឡើង ដោយសារធាតុ កាប៉ូនស៊េរ៉ាមិច ដែលគេអះអាងថា វាចាប់បានស៊ីល្អ ដោយអ្នកបើកល្បឿន 100 km/h ចាប់មកដល់ល្បឿន 0 km/h ប្រើចំងាយត្រឹមតែ ៣៣ ម៉ែត្រប៉ុណ្ណោះ។

មកដល់កម្លាំងម៉ាស៊ីន គឺជាផ្នែកដែលទាក់ទាញជាងគេបំផុត ពីរថយន្ដនេះ ដោយវាបាន ប្រើប្រាស់នូវម៉ាស៊ីនទំហំ ៤ លីត្រ Turbocharge ដែលមានចំនួន ៨ ស៊ីឡាំង (V8 Engine) មានកម្លាំងម៉ាស៊ីន ៦៥០ កម្លាំងសេះ មានល្បឿនរង្វិលជុំ អតិបរមា ៦,៨០០ rpm មានចង្កឹះលេខ ៨ លេខជាប្រភេទ លេខអូតូ និងកម្លាំងបង្វិល ៦២៧ ហ្វីតផោន ដែលផ្ដល់ឲ្យកង់ របស់វាមានសន្ទុះខ្លាំង និងរត់បាន លឿនល្អ អាចជាន់ពី 0 ទៅដល់ 100 km/h ប្រើពេលត្រឹមតែ ៣.៦ វិនាទីប៉ុណ្ណោះ ប្រហាក់ប្រហែលនឹង រថយន្ដ Bugatti ខ្នាតបង្គួរ មួយទៅហើយ និងអាចជាន់ ដល់ល្បឿន 200 km/h ប្រើពេល ១២.៨ វិនាទី និងរត់ដល់ល្បឿន អតិបរមា បានដល់ 305 km/h។

ចំណែកឯការស៊ីសាំងវិញ ក៏តិចផងដែរ មិនដូចជារថយន្ដខ្នាតធំ និងរថយន្ដស្ព័រឡើយ។ បើបើកនៅក្នុងទីក្រុង មានចរាចរណ៍ចង្អៀត វាស៊ីសាំងប្រមាណ ១៦.៧ លីត្រក្នុង ១០០ គីឡូម៉ែត្រ និងផ្លូវ Highway វិញវាស៊ីត្រឹមតែ ៩.៧ លីត្រប៉ុណ្ណោះក្នុង ១០០ គីឡូម៉ែត្រ។ ដូចនេះជាមធ្យម វាស៊ីសាំង ១២ លីត្រក្នុង ១០០ គីឡូម៉ែត្រ ហើយការបញ្ចេញ កាកសំនល់ពុល ក៏តិចផងដែរត្រឹមតែ ២៧៩ ក្រាម ក្នុងមួយគីឡូម៉ែត្រ។

មកមើលក្នុងកាប៊ីនខាងក្នុងរបស់រថយន្ដទំនើប Lamborghini Urus នេះវិញយើញឃើញថា វារឹតតែទាក់ទាញ ដោយមើលទៅវា មានមុខងារបញ្ជា ច្រើនមែនទែន ហើយពូករបស់វា គឺជាស្បែក ដោយលោកអ្នកអាច ជ្រើសរើសប្រភេទ និងពណ៌ នៅពេលដែលកុម្ម៉ង់។ នៅខាងមុខមាន អេក្រង់ ២ ដាច់ដោយឡែកពីគ្នា  ដោយអេក្រង់មួយ ខាងលើសម្រាប់ មើលផែនទី និងកាមេរ៉ា ចំណែកអេក្រង់ខាងក្រោយ សម្រាប់បញ្ជាមុខងារនានា។

ហើយនៅកៅអីខាងក្រោយវិញ ក៏មានអេក្រង់បញ្ជា ដូចគ្នាផងដែរ ជាពិសេសនោះ គឺក្នុងឡានមានបាសបំពង សម្លេង ១,៧០០ វ៉ាត់ ដែលទ្រទ្រង់ជាមួយនឹង ប្រព័ន្ធសម្លេង Bang & Olufsen អាចបញ្ចេញសម្លេង បែប 3D (3D audio System) ទៀតផង។

ចំណែកគូទក្រោយ ក៏វាមានកន្លែងទូលាយ សម្រាប់ដាក់ឥវ៉ាន់ផងដែរ គឺមានទំហំ ២២ ហ្វីតគូប ហើយបើបត់កៅអី ខាងក្រោយទៀតនោះ វាក៏មានទំហំ កាន់តែធំដល់ទៅ ៥៦ ហ្វីតគូបឯណោះ។

អញ្ចឹងទាំងនេះគឺលក្ខណៈសម្បត្តិត្រួសៗអំពី Lamborghini Urus ស៊េរីឆ្នាំ ២០១៩ ដែលជារថយន្ដ ខ្នាត SUV ដ៏ទាក់ទាញពីក្រុមហ៊ុន រថយន្ដដ៏ល្បីល្បាញ របស់អ៊ីតាលី មួយនេះ។ ដោយវាមានរូបរាង ទាក់ទាញទាំងខាងក្រៅនិងខាងក្នុង មានប្រព័ន្ធទំនើបច្រើន ដែលក្រុមហ៊ុន មិនបង្ហាញអស់ ហើយក៏មានកម្លាំងម៉ាស៊ីនកប់ នៅក្នុងផ្នែករថយន្ដ SUV ផងដែរ។ បច្ចុប្បន្ន Lamborghini Urus ២០១៩ មានលក់ជាផ្លូវការហើយ នៅបែកអឺរ៉ុប និងសហរដ្ឋអាមេរិច ក្នុងតម្លៃត្រឹមតែ ២ សែនដុល្លារ តែប៉ុណ្ណោះ ដោយមានជម្រើសពណ៌លឿង, ក្រហម, ស, ខ្មៅ, និងទឹកប៊ិច។ យ៉ាងណាមិញ ក្រុមហ៊ុនបានផលិត វាចេញត្រឹមតែ ៣,៥០០ គ្រឿងប៉ុណ្ណោះ ដូចនេះសម្រាប់អ្នក ទិញមិនទាន់ គឺអស់ហើយ។

 

ទស្សនារូបភាព Lamborghini Urus 2019 មួយចំនួនទៀត៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Cnet Tag: យានយន្ត