CAMBO REPORT

Popup Advertising5 seconds

Huawei ចេញ​កុំព្យូទ័រ​យួរ​ដៃ​ថ្មី មាន​កម្រាស់​ស្ដើង រូប​រាង​ដូច MacBook និង​បំពាក់​ស៊ីភីយូ​ជំនាន់​ទី ៨

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីពេលថ្មីនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវទូរសព្ទ Honor 10 លំដាប់កំពូលថ្មី មួយនៅក្នុងប្រទេសចិន ស្របជាមួយគ្នានោះដែរ ក្រុមហ៊ុនក៏បានបញ្ចេញ នូវកុំព្យូទ័រយួរដៃថ្មី មួយផងដែរ ដែលមានឈ្មោះថា Honor MagicBook ដែលនេះ គឺជាកុំព្យូទ័រយួរដៃ មានកម្រាស់ស្ដើង បែបកុំព្យូទ័រ Business ប្រណិត និងមានរូបរាង ប្រហាក់ប្រហែលនឹង MacBook និងលក្ខណៈសម្បត្តិ មួយចំនួនធំល្អច្រើន ជាពិសេសគឺផ្នែកកម្លាំង ម៉ាស៊ីនខាងក្នុងតែម្ដង។ អញ្ចឹងចង់ដឹងថា កុំព្យូទ័រនេះ តើវាអាចប្រជែងជាមួយនឹង ក្រុមហ៊ុនដ៏បានឬអត់នោះ យើងនឹងរៀបរាប់ ដូចខាងក្រោម។

មើលរូបរាងខាងក្រៅរបស់ Honor MagicBook វាហាក់ដូចជាស្រដៀងទៅនឹង MacBook ច្រើនដោយសារតែ វាមានពណ៌ប្រហាក់ប្រហែលគ្នា និងស្រោបខ្លួនដោយ អាលុយមីញ៉ូមពេញ តួខ្លួនដូចគ្នា។ កុំព្យូទូរនេះ មានកម្រាស់ត្រឹមតែ ១៥.៨ ប៉ុណ្ណោះ និងទំងន់ ១.៤៧ គីឡូក្រាម។ នៅផ្ទៃខាងលើគឺ ស្រលះស្អាតតែម្ដង មិនមានឡូហ្គោ អ្វីឡើយ មានតែអក្សរ Honor នៅជ្រុងកែងប៉ុណ្ណោះ។

សូម្បីតែផ្នែកខាងក្នុងវិញ ក៏មានរចនាស្រដៀងនឹង MacBook ដែរ ដោយយើងឃើញមាន ក្ដារចុចពណ៌ខ្មៅ ដែលមានគម្រាតពីគ្នា ១.៣ មីលីម៉ែត្រ និងមានភ្លើង Backlit ពណ៌ស, ប៊ូតុង Power ត្រូវបានដាក់នៅ ដោយឡែក ហើយក៏មានបង្កប់នូវ ស៊េនស័រស្កេនម្រាមដៃ នៅក្នុងនោះផងដែរ ដោយវាអាច ដោះសោរបាន ត្រឹមតែ ០.៩ វិនាទីតែប៉ុណ្ណោះ និងសងខាងមាន រន្ធបំពងសម្លេងចំនួន ២ គ្រាប់ អមតែម្ដង។ កុំព្យូទ័រនេះ ក៏បានបំពាក់នូវឈីប សម្លេងកម្រិតខ្ពស់ Dolby Sound System ធ្វើឲ្យការ បញ្ចេញសម្លេង និងការស្ដាប់ តាមកាស កាន់តែពិរោះមួយកម្រិតទៀត។

Honor MagicBook ត្រូវបានបំពាក់មកនូវអេក្រង់ទំហំ ១៤ អ៊ីញ ដែលមានគែមខ្លីមែនទែន ដែលគែមសងខាង ត្រឹមតែ ៥.២ មីលីម៉ែត្រប៉ុណ្ណោះ ធ្វើឲ្យអេក្រង់នេះ លាតដល់ ៨១% នៃតួខ្លួន និងមានកម្រិតបង្ហាញរូបភាព Full HD (1920 x 1080 ភិចស៊ែល) ដែលវាអាចឲ្យយើង បត់ផ្ដេកបាន ក្នុងទំហំមុំ ១៨០ ដឺក្រេ ម្យ៉ាងទៀតនេះ គឺជាអេក្រង់ការពារ ចំណាំងផ្លាត មានកម្រិតពណ៌ NTSC ៤៥ ភាគរយ កម្រិត contrast 800:1 និងមានពន្លឺ អតិបរមា ២៥០ នីត។ ដូចនេះការបង្ហាញ មិនភាពរំខាន ដោយពន្លឺផ្លាតនោះទេ បើទោះជាអ្នក ប្រើប្រាស់នៅ Outdoor ដូចជា នៅតាមហាងកាហ្វេក៏ដោយ។

កម្លាំងម៉ាស៊ីនអាចនិយាយបានថា វាស្ថិតនៅលំដាប់ខ្ពស់មួយ ដែលអាចឲ្យយើងលេង ហ្គេមមួយចំនួនធំបានទៀតផង ថ្វីត្បិតតែវាគឺជា កុំព្យូទ័រប្រភេទ Business ក៏ដោយ។ នៅក្នុងនោះ Huawei បានដាក់នូវឈីប ស៊ីភីយូរបស់ Intel ជំនាន់ទី ៨ Kaby Lake R ម៉ូឌែល Core i7-8550U ដែលឈីបមាន Core ចំនួន ៤ គ្រាប់, Thread ៨, និង Cache ទំហំ ៨ មេកាបៃ មានល្បឿនទូទៅ ១.៨ ជីកាហឺត និងល្បឿនអតិបរមា ៤.០ ជីកាហឺត ថែមទាំងមាន នូវក្រាហ្វិច Intel HD 620 ផងដែរ។ ឈីបនេះមិនកំពូល នោះទេ ប៉ុន្តែគេអះអាងថា ដំណើរការប្រសើរ ជាងជំនាន់ទី ៧ ប្រមាណ ៤០%។ លើសពីនេះទៀត ក្រុមហ៊ុនបានបន្ថែមនូវ ក្រាហ្វិចដាច់មួយ ទៀតគឺ NVIDIA MX150 ដែលមាន VRAM ទំហំ ២ ជីកាបៃប្រភេទ GDDR5 សម្រាប់រត់ក្រាហ្វិចបាន កាន់តែប្រសើរ ដែលវាដំណើរ បានប្រសើរជាង GeForce 940M ដល់ទៅ ៦០% ឯណោះ។ អមមកជាមួយនឹងរ៉េមទំហំ ៨ ជីកាបៃ ភ្ជាប់មកជាមួយស្រាប់ និងអង្គផ្ទុកទិន្នន័យ SSD ទំហំ ២៥៦ ជីកាបៃ។

នៅក្នុងនោះក្រុមហ៊ុនបានបំពាក់នូវកង្ហារបញ្ចេញខ្យល់តែមួយទេ ប៉ុន្តែមិនបាច់ បារម្មណ៍ទេ ព្រោះកុំព្យូទ័រស្ដើងបែបនេះ និងឈីបជំនាន់ថ្មី មិនងាយឡើង កំដៅឡើយ ណាមួយវាក៏ស្រូបនូវ ខ្យល់ត្រជាក់ចំនួន ៣ កន្លែង ដោយដែកត្រជាក់ និងបញ្ចេញទៅវិញ នូវខ្យល់ក្ដៅទៅក្រោយ តែមួយរន្ធ។ Honor MagicBook ក៏មានម៉ូឌែល ទាបមួយគ្រឿងផងដែរ ដោយវាប្រើប្រាស់ ត្រឹមស៊ីភីយូ Core i5-8250U និងរ៉េមទំហំ ៤ ជីកាបៃ ក្រៅពីនេះ គឺដូចគ្នាទាំងអស់ ដូចជាក្រាហ្វិច NVIDIA MX150 និង SSD ទំហំ ២៥៦ ជីកាបៃ។ កម្លាំងម៉ាស៊ីនដំណើរការ លឿនល្អ ដែល Huawei អះអាងថា យើងអាចចុចបើកវា Boost ដល់ផ្ទាំង Desktop ប្រើពេលត្រឹមតែ ៧.៦ វិនាទីប៉ុណ្ណោះ ជាមួយនឹង Windows 10 នេះ។

នេះគឺជាកុំព្យូទ័រដែលមានកម្រាស់ស្ដើង ដូចនេះយើងមិនសូវទទួលបានរន្ធដំណរ ភ្ជាប់ច្រើននោះទេ ពោលយើងទទួល បានតែរន្ធ USB 3.0 ចំនួន ២គ្រាប់, រន្ធ USB-C ជារន្ធ Thunderbolt 3, រន្ធ HDMI, និងរន្ធដោតកាស ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលពិសេស គឺវាបំពាក់នូវ អង់តែនចាប់ Wi-Fi ចំនួន ២ ដែលចាប់បានឆ្ងាយ និងមានល្បឿន។ ថាមពលថ្មរបស់វា ក៏ធំគួរសមដែរ ដល់ទៅ ៥៧ វ៉ាត់ម៉ោង ដែលគេអះអាងថា វាអាចចាប់ វីឌីអូដល់ ១២ ម៉ោង និងប្រើប្រាស់ អ៊ីនធើណេត Web Browsing បានដល់ ១២ ម៉ោងដូចគ្នា។

Honor MagicBook នឹងត្រូវដាក់ឲ្យ Pre-order នៅថ្ងៃទី ២៣ មេសាខាងមុខ នេះហើយ ដោយមានជម្រើស ៣ ពណ៌ដូចជា ពណ៌ប្រាក់ (Glacier Silver), ពណ៌ប្រផេះ (Star Grey), និង ពណ៌ស្វាយ (Nebula Violet) ដោយតម្លៃ របស់ម៉ូឌែល Core i7 រ៉េម ៨ ជីកាបៃ មានតម្លៃប្រហែល ៩០៨ ដុល្លារ។ ចំណែកម៉ូឌែល Core i5 រ៉េម ៤ ជីកាបៃ មានតម្លៃប្រហែល ៧៩៦ ដុល្លារ។

អញ្ចឹងសរុបមកវិញ នេះជាកុំព្យូទ័រមានរូបរាងស្រស់ស្អាត សម្រាប់បម្រើការងារ បានច្រើនមុខ ពិសេសការងារ ការិយាល័យ និងការកំសាន្ដតែម្ដង ហើយវាក៏អាចយក ទៅលេងហ្គេមអនឡាញ និងហ្គេមធំមួយចំនួនទៀត បានផងដែរ។ ចំណែកតម្លៃវិញ យើងប្រាកដជាជ្រើសរើស យកម៉ូឌែល Core i7 ហើយព្រោះខុសគ្នាខ្ទង់ ១០០ ដុល្លារប៉ុណ្ណោះ។ យ៉ាងណាមិញ វាមានលក់តែនៅ ស្រុកចិនប៉ុណ្ណោះ ហើយក៏មិនដឹងថាមានហាង កុំព្យូទ័រ ឬហាងទូរសព្ទណា អាចនឹងយកវាមក លក់ក្នុងប្រទេសកម្ពុជា យើងនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 4 weeks ago
ប្រភព: Gizmo China Tag: កុំព្យូទ័រ