CAMBO REPORT

Popup Advertising5 seconds

នេះ​ជា Xperia XZ2 Premium! បំពាក់​អេក្រង់ 5.8 អ៊ីញ​កម្រិត 4K HDR រ៉េម 6GB និង​កាមេរ៉ា​ភ្លោះ ដែល​ឡើង​កម្រិត ISO ដល់ 51,200

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតកំពូលទូរសព្ទ Xperia XZ2 Premium ជាបងធំរបស់ Xperia XZ2 និង XZ2 Compact ត្រូវបានបង្ហាញខ្លួន ជាផ្លូវការហើយ កាលពីថ្ងៃទី ១៦ មេសានេះ។ រូបរាងរបស់ Xperia XZ Premium វាប្រហាក់ប្រហែលនឹង XZ2 ដែរ ប៉ុន្តែបានបន្ថែមចំណុច ពិសេសធំៗចំនួន ២ បន្ថែមលើស Xperia XZ2 ធម្មតា ទីមួយគឺកម្រិត បង្ហាញរូបភាព និងទីពីរគឺកាមេរ៉ាភ្លោះ ខាងក្រោយ ដែលមានសមត្ថភាព ចាប់រូបភាពបានភ្លឺជាងភ្នែក របស់មនុស្សទៅទៀត ហើយក៏បន្ថែមរ៉េម ឡើងដល់ ៦ ជីកាបៃផងដែរ ដែលទាំងនេះ សុទ្ធសឹងតែជាចំណុច ពិសេសប្លែក ដែលក្រុមហ៊ុនគិតថា វាអាចប្រជែងជាមួយ ក្រុមហ៊ុនដទៃបាន។ អញ្ចឹងចង់ដឹងថា តើ Xperia XZ2 Premium នេះមានចំណុចលេចធ្លោ ក៏ដូចជាចំណុច អវិជ្ជមានអ្វីខ្លះនោះ យើងនឹងរៀបរាប់ អំពីវាដូចតទៅ។

1.    រចនាបថ

 

រូបរាងរបស់ Xperia XZ2 Premium មើលទៅស្រដៀងច្រើននឹង Xperia XZ2 គ្រាន់តែទូរសព្ទនេះហាក់ដូចជា ធាត់ជាងបន្ដិច។ ខ្នងខាងក្រោយរបស់វា ត្រូវបានរចនា ទាលកោងដដែល ដោយប្រើប្រាស់នូវសារធាតុ កញ្ចក់ 3D ដូចជា XZ2 និង HTC U11 ដែរ។ ផ្នែកខាងក្រោយនេះ យើងទទួលបាននូវ ស៊េនស័រស្គេនម្រាមដៃ កាមេរ៉ាភ្លោះ ខាងលើជា Laser ចាប់ចំណុច Focus របស់កាមេរ៉ា និងភ្លើង LED Flash ក៏ដូចជាមាន NFC នៅក្បែរនោះផងដែរ។ XZ2 Premium ក៏នៅតែបន្ដបំពាក់ អាវក្រោះការពារទឹកកម្រិត IP68 អញ្ចឹងវាអាចត្រាំ លេងក្នុងទឹកបានជម្រៅ ១.៥ ម៉ែត្របាន ៣០ នាទីដោយគ្មានបញ្ហា។ នេះមិនមែនជាទូរសព្ទ ស្ដើងស្រាលនោះទេ ដោយវិមាត្ររបស់វាគឺ បណ្ដោយ ១៥៨ x ទទឹង ៨០ x កម្រាស់ ១១.៩ មីលីម៉ែត្រ និងមានទំងន់ ដល់ទៅ ២៣៦ ក្រាមឯណោះ។ រាល់ប៊ូតុងបញ្ជាទាំងអស់ គឺស្ថិតនៅខាងឆ្វេង យ៉ាងមានរបៀប មានគម្រាតឆ្ងាយពីគ្នា ដោយកណ្ដាលជា ប៊ូតុងបិទបើក ខាងលើជាប៊ូតុងបញ្ជាសម្លេង និងខាងក្រោម ជាប៊ូតុង កាមេរ៉ាដោយឡែក។

2.    អេក្រង់

 

មកដល់ផ្នែកខាងមុខនេះវិញ យើងទទួលបានអេក្រង់ទំហំ ៥.៨ អ៊ីញ ត្រូវបានក្រាលដោយកញ្ចក់ Gorilla Glass 5 ផុស 2.5D នៅពីលើ ការពារការសឹកឆ្កូតផងដែរ។ នេះគឺជាអេក្រង់ប្រភេទ LCD ជំនាន់ថ្មី ប៉ុន្តែមិនមែនជាអេក្រង់ ទ្រវែងខ្នាត 18:9 Ratio នោះទេ គឺវានៅប្រើប្រាស់ អេក្រង់ខ្នាត 16:9 Ratio តាមទម្លាប់ចាស់ដដែល។ នេះអាចជាចំណុច ដែលប្រិយមិត្តមួយចំនួន អាចនឹងហួសចិត្តបន្ដិច ប៉ុន្តែវាមិនមែនជាចំណុច អវិជ្ជមានខ្លាំងនោះទេ ព្រោះបច្ចុប្បន្នការ បង្ហាញរបស់វីឌីអូ និងហ្គេមក៏ទ្រទ្រង់ជាមួយ អេក្រង់នេះ ពេញបានល្អដែរ មិនចាំបាច់ពិបាកទាញ Stretch ឬ Crop រូបភាពនោះទេ។ ម្យ៉ាងទៀតក្រុមហ៊ុនបានដំឡើង កម្រិតបង្ហាញរូបភាព នៅលើ XZ2 Premium ទៅដល់កម្រិត 4K (2160 x 3840 ភិចស៊ែល) ឯណោះ និងដង់ស៊ីតេអេក្រង់ 760 ppi ដែលជាទូរសព្ទមាន កម្រិតបង្ហាញបានច្បាស់កប់ ជាងគេនាពេលបច្ចុប្បន្ន ថែមទាំងទ្រទ្រង់នូវ បច្ចេកវិទ្យា TRILUMINOS HDR បន្ថែមទៀត កាន់តែច្បាស់ ពណ៌កាន់តែដិតស្រស់ អាចឲ្យការទស្សនា ពេញអារម្មណ៍តែម្ដង។

3.    កាមេរ៉ា

 

នេះគឺជាលើកទីមួយហើយ ដែល Sony Xperia បានចូលរួមក្នុងឆាកប្រយុទ្ធនៃយុគសម័យ កាមេរ៉ាភ្លោះ ហើយវាពិតជាធ្វើបាន ល្អគួរឲ្យសរសើរ ក៏ដោយសារតែក្រុមហ៊ុននេះ មានបទពិសោធន៍ផលិតម៉ាស៊ីនកាមេរ៉ា DSLR ជាច្រើនរួចមកហើយ។ កាមេរ៉ាក្រោយមានចំនួន ២ គ្រាប់ដែលហៅថា Motion Eye ដែលមួយគ្រាប់មានទំហំ ១៩ មេហ្គាភិចស៊ែល ប្រើប្រាស់ស៊េនស័រ Exmor RS RGB ទំហំ ១/២.៣ អ៊ីញ ចាប់ភាពច្បាស់ទំហំ ១.២ មីក្រូនភិចស៊ែល និងមានលេន Aperture f/1.8 ដែលមានសមត្ថភាព តម្លើងកម្រិត ISO ដល់ទៅ 12,800 សម្រាប់ការថតវីឌីអូ និង 51,200 ឯណោះ សម្រាប់ការថតរូបភាព។ ចំណែកមួយគ្រាប់ទៀត គឺជាស៊េនស័រ Monochrome ទំហំ ១/២.៣ អ៊ីញដូចគ្នា សម្រាប់ថតពណ៌សខ្មៅ ទាំងរូបភាព និងវីឌីអូ ហើយសមត្ថភាព របស់វាគឺ មិនធម្មតានោះទេ ដោយកាមេរ៉ានេះមានទំហំ ១២ មេហ្គាភិចស៊ែល Aperture f/1.6 និងចាប់ភាពច្បាស់ ដល់ទៅទំហំ ១.៥៥ មីក្រូនភិចស៊ែលឯណោះ។ ក្រុមហ៊ុនអះអាងថា កម្រិត Aperture របស់លេនទាំង ២ នេះអាចចាប់រូបភាពបាន ភ្លឺច្បាស់ជាភ្នែករបស់មនុស្ស យើងទៅទៀត ដោយនៅក្នុងនោះ ក៏បានបំពាក់នូវបច្ចេកវិទ្យា Aube Fusion ISP ផងដែរ ដើម្បីកាត់បន្ថយគ្រាប់ Noise រំខាន និងមិនធ្វើឲ្យរូបភាព ចេញជាគំនូរឡើយ បើទោះជានៅស្ថានភាព ងងឹតខ្លាំង ក៏វានៅស្រូបពន្លឺបានភ្លឺ ជាងការមើលឃើញ របស់យើងដែរ។ លើសពីនេះ កាមេរ៉ាទាំង ២ គ្រាប់ក៏បានភ្ជាប់នូវមុខងារថតព្រាល Bokeh ដែលជាមុខងារ ដ៏ស្វាគមន៍របស់ Xperia និងអាចថតវីឌីអូធំបំផុត ដល់កម្រិត 4K បែបវីឌីអូ HDR ថែមទាំងមានមុខងារទប់លំនឹង EIS និង 5-axis OIS បានយ៉ាងប្រសើរ ប្រើប្រាស់ប្រព័ន្ធស្រូបសម្លេង ២៤ ប៊ីត ហើយក៏អាចថតវីឌីអូ slo-mo ល្បឿន ៩៦០ ហ្វ្រេមក្នុងកម្រិត Full HD ផងដែរ។

 

មិនត្រឹមតែកាមេរ៉ា ក្រោយនោះទេ កាមេរ៉ាខាងមុខក៏តម្លើងបន្ថែមដែរ គឺវាប្រើប្រាស់នូវស៊េនស័រ Exmor RS ទំហំ ១/៣ អ៊ីញ ចាប់រូបភាពក្នុងទំហំ ១៣ មេហ្គាភិចស៊ែល Aperture f/2.0 និងមានមុខងារទប់លំនឹង 5-axis OIS ដូចកាមេរ៉ាក្រោយអញ្ចឹង ដូចនេះគុណភាពនៃ ការផលិតវីឌីអូ កាន់តែប្រសើរ ងាយស្រួលដើម្បី បង្កើតជាវីឌីអូនានា ដូចជា Vlog ជាដើម។

4.    កម្លាំងម៉ាស៊ីន

 

កម្លាំងម៉ាស៊ីនសឹងតែមិនបាច់និយាយនោះទេ ព្រោះយើងអាចដឹងរួចទៅហើយថា XZ2 Premium វាប្រើប្រាស់នូវឈីប Snapdragon 845 ដែលនៅក្នុងនោះ យើងទទួលបានស៊ីភីយូចំនួន ៨ គ្រាប់  (៤ គ្រាប់ល្បឿន ២.៧ ជីកាហឺត និង ៤ គ្រាប់ទៀតល្បឿន ១.៧ ជីកាហឺត) និងមានអង្គក្រាហ្វិច Adreno 630។ ទំហំរ៉េមគឺ ៦ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ ជាប្រភេទ UFS 2.1 ហើយក៏អាចបន្ថែម មេម៉ូរីកាតបានដល់ ៤០០ ជីកាបៃ និងដំណើរការដោយ Android Oreo។ នេះគឺជាកម្លាំង ម៉ាស៊ីនកប់ហើយ សម្រាប់ឆ្នាំ ២០១៨ ហើយយើងក៏មិនអាចរំពឹង ខ្ពស់ជាងនេះបានដែរ ម្យ៉ាងទៀតក៏សរសើរដល់ Sony ដែលតែងបញ្ចេញ កំណែអាប់ដេត Android បានលឿនជាងគេ ចំណែកផ្ទៃប្រើប្រាស់របស់វា ក៏មានភាពសាមញ្ញ ដំណើរការលឿនល្អដូច Stock Android ផងដែរ។

5.    ថាមពលថ្ម

 

ដោយសារតែ XZ2 Premium បានបំពាក់នូវអេក្រង់កម្រិតដល់ 4K អញ្ចឹងថាមពលថ្ម ក៏ត្រូវបានបន្ថែមឲ្យ សមល្មមផងដែរ ទើបធ្វើឲ្យទូរសព្ទរាងធាត់ ជាងមុនបន្ដិច។ ថាមពលថ្មនៅក្នុងនេះគឺទំហំ ៣,៥៤០ មីលីអំពែ ដែលវាគ្រប់គ្រាន់ ហើយសម្រាប់ការប្រើ ព្រោះវាធំជាង XZ Premium កាលពីឆ្នាំមុនគួរសមដែរ ម្យ៉ាងទៀត ក្រុមហ៊ុនក៏បាន Optimize នូវផ្ទៃប្រើប្រាស់ ឲ្យសន្សំថ្មផងដែរ។ លើសពីនេះវាក៏ប្រើរន្ធ សាកថ្ម USB-C ប្រភេទ 3.1 ដែលទ្រទ្រង់នឹងបច្ចេកវិទ្យា សាកលឿន Quick Charge 3.0 តាមរយៈក្បាលសាក Qnovo របស់វាក៏បាន និងប្រើប្រាស់ការសាកថ្ម ឥតខ្សែប្រភេទ Qi ក៏បាន។

6.    បច្ចេកវិទ្យាល្អបន្ថែម

 

នៅក្នុង XZ2 Premium ក៏នៅមានចំណុចមួយចំនួនទៀតគួរឲ្យចាប់អារម្មណ៍ផងដែរ។ ទីមួយគឺរន្ធបំពងសម្លេង Stereo នៅខាងមុខទាំងគូ អាចជះសម្លេងមកចំ មុខបានល្អបែប Surround Sound និងមានបច្ចេកវិទ្យា Hi-Res Audio ក៏ដូចជាឈីបសម្លេង DSEE HX និង LDAC ដែលអ្នកនឹងទទួលបាន គុណភាពសម្លេងពិរោះ បើទោះជាប្រើប្រាស់កាស ឥតខ្សែក៏ដោយ។ ទីពីរគឺល្បឿនអ៊ីនធើណេត ព្រោះវាបានបំពាក់នូវ LTE cat18 ថ្មីទ្រទ្រង់សេវា 4G បានលឿនល្អ ដែលល្បឿន Download របស់វាអាចលោត ទៅដល់ ១.២ ជីកាប៊ីតក្នុងមួយវិនាទី។

7.    ចំណុចអវិជ្ជមាន

 

Xperia XZ2 Premium មិនមែនជាទូរសព្ទល្អឥតខ្ចោះនោះទេ វាក៏មានចំណុចអវិជ្ជមាន ផងដែរ ជាពិសេសគឺអេក្រង់។ ថ្វីត្បិតតែវាគឺជាទូរសព្ទ ដែលបង្ហាញបានច្បាស់កប់ ប៉ុន្តែវាជាអេក្រង់ខ្នាត 16:9 Ratio ប៉ុណ្ណោះ ហើយគែមលើក្រោម ក៏សល់ច្រើនផងដែរ អញ្ចឹងប្រិយមិត្តមួយចំនួន អាចនឹងមិនពេញចិត្ត។ ម្យ៉ាងទៀតទូរសព្ទនេះ ហាក់ដូចជាធំ និងក្រាស់លើស ពីការរំពឹងទុក ថែមទាំងមានទំងន់ធ្ងន់ ទៀតផង ដល់ទៅ ២៣៦ ក្រាម ហើយអ្វីដែលកាន់តែ ពិសេសទៀតនោះ គឺវាបានបំបាត់រន្ធ ដោតកាស ៣.៥ មីលីម៉ែត្រចោលបាត់ហើយ បើទោះជាវាមាន កម្រាស់ដល់ ១១.៩ មីលីម៉ែត្រ និងសល់កន្លែងទំនេរច្រើនក្ដី។

អញ្ចឹងសរុបមកវិញ នេះគឺជាលក្ខណៈសម្បត្តិមួយចំនួនរបស់ Xperia XZ2 Premium ដែលទើបតែបានប្រកាស ចេញជាផ្លូវការ ប៉ុន្ដែគួរឲ្យស្ដាយ ដោយក្រុមហ៊ុនមិនទាន់ បានប្រាប់អំពីថ្ងៃចេញលក់ ជាផ្លូវការ និងតម្លៃរបស់វា នៅឡើយទេ។ បើតាមការរំពឹងទុក វាមិនមានតម្លៃទាបនោះទេ ព្រោះមើលទៅលើ Xperia XZ2 តម្លៃនៅបែក អឺរ៉ុបប្រហែល ៨០០ ដុល្លារទៅហើយ អញ្ចឹង XZ2 Premium នេះអាចនឹងលោតដល់ ខ្ទង់ ៩០០ ដុល្លារជាង។ Xperia XZ2 Premium មានចំនួន ២ ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ Chrome Black, និង Chrome Silver ហើយមើលទៅទូរសព្ទនេះ វាមានចំណុចលេចធ្លោច្រើន ដែលក្រុមហ៊ុនដទៃ មិនទាន់អាចធ្វើបាន គ្រាន់តែរូបរាងខាងក្រៅ របស់វាមិនសូវ ទាក់ទាញប៉ុណ្ណោះ។ 

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Sony Tag: ទូរស័ព្ទ