CAMBO REPORT

Popup Advertising5 seconds

HP បញ្ចេញ​កុំព្យូទ័រ​យួរ​ដៃ​សម្រាប់​លេង​ហ្គេម លំដាប់​ថវិកា ប៉ុន្តែ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​សមរម្យ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះគឺជាកុំព្យូទ័រយួរដៃថ្មីពីក្រុមហ៊ុន HP ផ្ដោតសំខាន់ទៅលើការលេងហ្គេម ដែលមានរចនាបថ ស្រស់ស្អាត អេក្រង់ល្អ ស៊ីភីយូជំនាន់ចុងក្រោយ និងក្រាហ្វិចខ្ពស់ ផងដែរ។ វាមានឈ្មោះថា HP Pavilion Gaming Laptop ខ្នាតអេក្រង់ ១៥ អ៊ីញ ប្រសិនបើ ប្រិយមិត្តធ្លាប់ស្គាល់ HP Pavilion កន្លងមក អ្នកប្រាកដ ជាដឹងហើយថា Pavilion គឺជាត្រកូលកុំព្យូទ័រ យួរដៃបែប Business មានកម្លាំងមធ្យម និងបង្គួរប៉ុណ្ណោះ មិនមែនជាកុំព្យូទ័រយួរដៃ Gaming នោះទេ។ ប៉ុន្តែឆ្នាំនេះ HP Pavilion បានផ្លាស់ប្ដូរ ទាំងស្រុង ដែលប្រែរូបរាង និងកម្លាំងម៉ាស៊ីន រាប់ចូលជាត្រកូល Gaming វិញ និងមានរូបរាង ប្រហាក់ប្រហែលនឹងត្រកូល OMEN។

HP Pavilion Gaming Laptop ពិតជាមានរូបរាងស្រស់ស្អាតប្លែក ពីគេមែន វាអាចរាប់ថា ជាកូនកាត់រវាង Pavilion និង OMEN ដោយសារតែផ្នែក ខាងលើគម្រប Laptop វានៅរក្សាឡូហ្គោ បែបសាមញ្ញដដែល ប៉ុន្តែរូបរាង ត្រូវបានរចនាដូច OMEN គ្រាន់តែវាមាន ពណ៌បៃតង មិនមែនពណ៌ក្រហម នោះទេ។ មើលទៅពិតជា ប្លែកនិងទាក់ភ្នែក ព្រោះរូបរាង ជ្រុងរបស់វា និងភ្លើងពិតជាស៊ីគ្នា ដូចជាមនុស្សយន្ដ អញ្ចឹង។ តួខ្លួនទាំងមូល របស់វាត្រូវបាន ប្រើប្រាស់ជាជ័រ ពណ៌ខ្មៅស្រោបពេញ ដែលមានការរចនារន្ធ បញ្ចេញខ្យល់ក្ដៅ នៅពីក្រោម កាត់បន្ថយការ រំខាននៃកម្ដៅ បានយ៉ាងល្អ។

បើគម្របអេក្រង់ឡើង យើងឃើញមានអេក្រង់ទំហំ ១៥.៦ អ៊ីញ ដែលបង្ហាញរូបរាង ក្នុងកម្រិត ៣ ម៉ូឌែលខុសគ្នា យើងអាច ជ្រើសរើសបាន ដូចជា៖ កម្រិត 1080p មានល្បឿន Refresh Rate ៦០ ហឺត, កម្រិត 4K មានល្បឿន ៦០ ហឺត, និងចុងក្រោយ គឺអេក្រង់ 1080p មានល្បឿនដល់ ១៤៤ ហឺត ហើយគែមសងខាង របស់វានៅខ្លីត្រឹម ៩.៨ មីលីម៉ែត្រ។ មកខាងក្រោម គឺជារន្ធបំពងសម្លេង សងខាង ដោយក្រុមហ៊ុន HP តែងសហការ ជាមួយ Harman Kardon ហើយក្រោមទៀត មានក្ដារចុច រំលេចដោយភ្លើង Backlit ពណ៌បៃតង និងមាន Trackpad ធំល្អមានឆ្នូត ពណ៌បៃតង ព័ទ្ធជុំវិញដូចគ្នា។

កុំព្យូទ័រនេះយើងទទួលបានរន្ធដោតគ្រប់គ្រាន់ ដោយយើងទទួល បានដូចជា៖ រន្ធដោតកាស, រន្ធ Gigabit LAN, រន្ធ HDMI, រន្ធ USB-C, រន្ធសាកថ្ម, រន្ធ USB-A ចំនួន ៣ និងរន្ធដោត SD Card ផងដែរ។ មកដល់ផ្នែកកម្លាំង ម៉ាស៊ីនវិញ HP បានប្រើប្រាស់នូវឈីប ស៊ីភីយូជំនាន់ទី ៨ ប៉ុន្តែក៏មានម៉ូឌែល ខុសៗគ្នាសម្រាប់ជ្រើសរើសដែរ ដូចជាប្រើស៊ីភីយូ Core i7-8750H ដែលមាន Core ៦ គ្រាប់ និង thread ១២ ល្បឿនអតិបរមា ៤.១ ជីកាហឺត និង Cache ៩ មេកាបៃ។ ចំណែក ២ ម៉ូឌែលផ្សេងទៀត ប្រើប្រាស់ស៊ីភីយូកន្ទុយ U ប៉ុណ្ណោះ ដែលអ្នកដឹងថាកន្ទុយ U មាន Core ចំនួនតែ ៤ គ្រាប់ទេដូចជា Core i5-8300U និងមួយទៀត ជាម៉ូឌែលទាបជាងគេ Core i5-8250U។ រ៉េមមានទំហំ ៨ ជីកាបៃ DDR4 ភ្ជាប់មកជាស្រេច និងអាច តម្លើងទៅដល់ ១៦ ជីកាបៃផងដែរ ចំណែកឯក្រាហ្វិចក៏មាន ៣ ម៉ូឌែលដូចគ្នា គឺមាន GTX1050, GTX1060 Max-Q និងមួយទៀតគឺ AMD Radeon RX 560X ដែលយើងអាច ជ្រើសរើសបាន។ ទំហំផ្ទុកវា គឺយើងអាចដាក់ HDD និង SSD ដែលទ្រទ្រង់ SDD ប្រភេទ PCIe M.2 ដល់ទៅ ១ តេរ៉ាបៃឯណោះ។

កុំព្យូទ័រនេះ គឺនឹងចាប់ផ្ដើមដាក់លក់នាពេលឆាប់ៗ ខាងមុខនេះហើយ ដោយតម្លៃរបស់ម៉ូឌែល ប្រើប្រាស់ស៊ីភីយូ ខ្ពស់កន្ទុយ H វាមានតម្លៃចាប់ទី ៨០០ ដុល្លារ ឡើងទៅ។ ចំណែកម៉ូឌែល ប្រើស៊ីភីយូ Core i5 ទាំងពីរ មានតម្លៃមិនដល់ ៧០០ ដុល្លារទេ ពិតជាកុំព្យូទ័រលេងហ្គេម លំដាប់ថវិកា គួរឲ្យចាប់ អារម្មណ៍មែនទែន ហើយវាក៏នឹងអាច មានវត្តមាននៅក្នុង ទីផ្សារស្រុកយើង ផងដែរ នាពេល ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: Cnet Tag: កុំព្យូទ័រ