CAMBO REPORT

Popup Advertising5 seconds

HP ចេញ​កុំព្យូទ័រ​យួរ​ដៃ​ស្ដើង មាន​អេក្រង់​ប៉ះ​បញ្ជា​កម្រិត 4K មាន​ប៊ិច​គូស និង​ប្រើ​ប្រាស់​ស៊ីភីយូ​ជំនាន់​ទី ៨!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កុំព្យូទ័រយួរដៃ ភាគច្រើនយើងបានឃើញវាផ្ដោតសំខាន់ទៅលើកម្លាំង ម៉ាស៊ីនច្រើនជាងគេ ដោយពេលខ្លះយើងនឹង ពិបាករកកុំព្យូទ័រណា ដែលមាននូវ មុខងារសម្បូរបែប ដូចជាកុំព្យូទ័រ កូនកាត់ណាស់ អញ្ចឹងហើយទើបកុំព្យូទ័រ យួរដៃកូនកាត់ Microsoft Surface វាលេចធ្លោ ជាងគេបន្ដិច។ ប៉ុន្តែនាពេលនេះ ក្រុមហ៊ុនកុំព្យូទ័រនានា ក៏ព្យាយាមដេញ ស៊េរីមិនធម្មតាដែរ ដោយថ្មីនេះបានបញ្ចេញ នូវកុំព្យូទ័រយួរដៃមួយគ្រឿង ជាកុំព្យូទ័រ ជំនាន់ចុងក្រោយ បំពាក់នូវស៊ីភីយូ ជំនាន់ទី ៨ មានរូបរាងទាក់ទាញ អាចបត់បាន ៣៦០ ដឺក្រេ អេក្រង់បង្ហាញច្បាស់កប់ ស៊េនស័រ ស្កេនម្រាមដៃ និងមុខងារមួយចំនួនធំ សុទ្ធសឹងតែល្អៗ។

នេះគឺជា HP Spectre x360 ជាកុំព្យូទ័រទើបប្រកាសចេញក្ដៅៗ និងជាបដិវដ្ដថ្មី នៃកុំព្យូទ័រកូនកាត់របស់ HP វាត្រូវបែងចែក ចេញជា ២ ម៉ូឌែល គឺអេក្រង់ ១៥.៦ អ៊ីញ និងអេក្រង់ ១៣.៣ អ៊ីញ និងមានរចនាបថមួយចំនួន ប្លែកពីគ្នាផងដែរ។ កុំព្យូទ័រនេះត្រូវបានស្រោបខ្លួន ឡើងដោយសារធាតុស្ពាន់ ដែលមានពណ៌ប្រាក់ស និងពណ៌សំរិទ្ធខ្មៅ វាមានគែមអេក្រង់ សងខាងខ្លី ធ្វើឲ្យរូបរាង របស់វាតូចស្អាត ប៉ុន្តែនៅរក្សា Num Key ដដែល (ចំពោះម៉ូឌែល ១៥ អ៊ីញ)។ ម៉ូឌែល ១៣ អ៊ីញវាមានកម្រាស់ ស្ដើងជាង និងទម្ងន់ស្រាល ប៉ុន្តែរន្ធដោតតំណរភ្ជាប់ ដែលយើងទទួលបាន ក៏មានតិចផងដែរ មានដូចជា៖ វាមានរន្ធ USB Type-C ចំនួន ២ ដែលមួយជា USB-C 3.0 និងមួយទៀតជារន្ធ Thunderbolt 3 (ប្រើសម្រាប់សាកថ្ម និងបញ្ជូនទិន្នន័យ), រន្ធ USB Type-A 3.1, រន្ធដោតកាស និងរន្ធ Mic នៅជាមួយគ្នា, ចុងក្រោយជារន្ធដាក់ microSD ដូចជា ទូរសព្ទប៉ុណ្ណោះ។ បន្ថែមពីនោះ នៅចំហៀងវាក៏មាន ប៊ូតុងបញ្ជាសម្លេង, ទ្រនាប់ស្កេនម្រាមដៃ, និងប៊ូតុង Power ផងដែរ។

ចំណែកឯម៉ូឌែល ១៥ អ៊ីញមានរន្ធដោតច្រើន ជាងបន្ដិចមានដូចជា៖ រន្ធសាកថ្ម ដោយឡែក, USB 3.1, រន្ធបញ្ចេញខ្យល់ ក្ដៅសងខាង, រន្ធដោតកាស និង Mic, រន្ធដោត SD Card, រន្ធ USB-C ជាប្រភេទ Thunderbolt 3 ទាំងពីរ, និងរន្ធ HDMI។ បន្ថែមទៀត វាក៏មានប៊ូតុង Power, ប៊ូតុងបញ្ជាសម្លេង និងទ្រនាប់ ស្កេនម្រាមដៃនៅ ចំហៀងនោះផងដែរ។

បើកគម្របកុំព្យូទ័រឡើង យើងនឹងឃើញនូវអេក្រង់បង្ហាញរូបភាព មានទំហំ ១៥.៦ អ៊ីញ ឬអេក្រង់ ១៣.៣ អ៊ីញ ជាប្រភេទអេក្រង់ WLED មានគែមខ្លី ដែលក្រុមហ៊ុនហៅថា Micro-Edge Display មានកម្រិត បង្ហាញដល់ 4K (3840 x 2160 ភិចស៊ែល) មានចំណុច ភិចស៊ែលដល់ទៅ ៨.២ លានគ្រាប់ ដោយធ្វើឲ្យការ បង្ហាញបានម៉ត់ច្បាស់ ពណ៌ត្រឹមត្រូវល្អ ងាយស្រួលក្នុងការ កែច្នៃរូបភាព កាត់វីឌីអូ ឌីស្សាញ ក៏ដូចជា កិច្ចការនានា។ អេក្រង់នេះ យើងអាចប៉ះបញ្ជា បានដូចជាទូរសព្ទអញ្ចឹង វាក៏អាចប្រើប៊ិចបាន ដូចជា Galaxy Note ផងដែរ ពិសេសសម្រាប់ វិចិត្រករ ដែលនិយមគូសច្រើន ហើយវាក៏ត្រូវបានការពារ ដោយកញ្ចក់ Corning Gorilla Glass 4 ផងដែរ ដើម្បីការពារ ការសឹកឆ្កូត។

ចំណែកខាងក្រោម វាមានរន្ធបំពងសម្លេង ៤ គ្រាប់សងខាង មកក្រោមបន្ដិចជាងក្ដារចុច ដែលមានភ្លើង Backlit បំភ្លឺ នៅពីក្រោមនិងមាន Trackpad រាងធំបន្ដិច។ នៅក្នុងនោះក្រុមហ៊ុន HP ក៏បានសហការជាមួយនឹង ក្រុមហ៊ុន B&O (Bang & Olufsen) ទៀតផង ដែលជាអ្នកជំនាញ ប្រព័ន្ធសម្លេង ធ្វើការបញ្ចេញ សម្លេងមានគុណភាព ហើយបើប្រើកាស មានគុណភាពទៀតនោះ កាន់តែពិសេស។

មកដល់ផ្នែកកម្លាំងម៉ាស៊ីនខាងក្នុងវិញ វាបានប្រើប្រាស់នូវបន្ទះឈីប ស៊ីភីយូរបស់ Intel ជំនាន់ទី ៨ Coffee Lake ដែលជាប្រភេទ Core i7 8550U ដែលមាន ល្បឿនអតិបរមា ៤ ជីកាហឺត។ ស៊ីភីយូនេះមានចំនួន ៤ Core ប៉ុណ្ណោះ Thread ៨ និងមានមេម៉ូរី Cache ៨ មេកាបៃ។ វាមិនមែនជាស៊ីភីយូ លំដាប់ខ្ពស់ លើសគេនោះទេ ប៉ុន្ដែដោយសារតែវា ជាកុំព្យូទ័រយួរដៃបែប Business អញ្ចឹង វាជាកម្លាំងល្អហើយ។ ឯរ៉េមរបស់វា វិញមានចំនួន ២ Slot ដែលយើងអាចដាក់ បានដល់ ១៦ ជីកាបៃ ជាប្រភេទ DDR4 ល្បឿន Bus ២៤០០ មេកាហឺត។ ក្រាហ្វិចយើងអាច ជ្រើសរើសបាន ២ មួយគឺ NVIDIA GeForce MX150 ដែលមាន VRAM ទំហំ ២ ជីកាបៃ ឬមួយទៀត ជាផលិតផលរបស់ AMD ស៊េរី RADEON RX Vega M និងមានអង្គផ្ទុក ទិន្នន័យជាប្រភេទ SSD NVMe M.2 ចាប់ពីទំហំ ២៥៦ ជីកាបៃ ឡើងទៅដល់ ១ តេរ៉ាបៃឯណោះ តែវាមិនមាន HDD ២.៥ អ៊ីញបំពាក់នោះទេ។

ចំណុចលេចធ្លោចុងក្រោយគេ គឺថាមពលថ្ម ដោយសារតែកុំព្យូទ័រនេះ ស៊ីថ្មតិច ហើយក្រុមហ៊ុន អះអាងថា ថ្មរបស់វាអាច ប្រើប្រាស់ចាប់ពី ១០ ទៅ ១២ ម៉ោងឯណោះ ម្យ៉ាងទៀតវា ក៏ប្រើប្រាស់នូវ បច្ចេកវិទ្យាសាកថ្មលឿន HP Fast Charge ផងដែរ ដោយម៉ូឌែល ១៥ អ៊ីញវាសាកចាប់ពី ០ ទៅ ៩០% ប្រើពេល ៩០ នាទី ចំណែកម៉ូឌែល ១៣ អ៊ីញសាកចាប់ពី ០ ទៅដល់ ៥០% ប្រើពេលប្រហែល ៣០ នាទីប៉ុណ្ណោះ។

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: HP Tag: កុំព្យូទ័រ