CAMBO REPORT

Popup Advertising5 seconds

​រថយន្ដ Jaguar I-PACE ស៊េរី ២០១៩ មាន​កម្លាំង​ខ្លាំង​កប់ ប៉ុន្តែ​ស៊ី​ភ្លើង​តិច! សាក​ម្ដង​អាច​ជិះ​បាន​ដល់ ៣៨០ គីឡូម៉ែត្រ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Jaguar ជាក្រុមហ៊ុនមានកេរ្ដិ៍ឈ្មោះល្បីល្បាញណាស់នៅប៉ែកអឺរ៉ុប ហើយក៏ល្បីល្បាញណាស់ដែរ ក្នុងប្រទេសកម្ពុជាយើង ដែលជាទូទៅយើងបានស្គាល់ វាដោយសារតែវា ជាក្រុមហ៊ុនតែមួយជាមួយនឹង រថយន្ដ Land Rover ពពួករថយន្ដ Discovery។ ពាក្យថា Jaguar នេះគឺជាប្រភេទខ្លារខិន ដូចទៅនឹងឡូហ្គោ សម្គាល់របស់ក្រុមហ៊ុន Jaguar អញ្ចឹងដែរ។

 

ថ្មីៗនេះដែរ ក្រុមហ៊ុន Jaguar បានបញ្ចេញនូវរថយន្ដស៊េរីរបស់ខ្លួន មួយម៉ូឌែលគឺ I-PACE ស៊េរី ២០១៩ ដែលជារថយន្ដទំនើប SUV ប៉ុន្តែមើលទៅរូបរាងរបស់វា ទាបស្អាតជាង និងមានផ្ទៃខាងក្នុង ទូលាយជាងផងដែរ ហើយអ្វីដែរពិសេសនោះ គឺវាមានកម្លាំង ម៉ាស៊ីនខ្លាំង។

ម៉ាស៊ីនខាងក្នុងរបស់វាត្រូវបានប្រើប្រាស់នូវថាមពលអគ្គិសនី មិនមែនប្រើសាំងនោះទេ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ កម្លាំងម៉ាស៊ីនអគ្គិសនី របស់វានេះ ខ្លាំងជាងរថយន្ដប្រើសាំង មួយចំនួនធំទៅទៀត។ ម៉ាស៊ីនរបស់ I-PACE ២០១៩ ត្រូវបានប្រើម៉ាស៊ីនចំនួន ២ ធ្វើឱ្យវាអាចរត់ដោយ ប្រើកង់ទាំង ៤ បានព្រមគ្នា ឬហៅថា All-Wheel Drive ដោយម៉ាស៊ីននីមួយៗ មានកម្លាំង ១៩៧ សេះ (ដូចនេះបូកបញ្ចូលគ្នា វាមានកម្លាំងដល់ទៅ ៣៩៤ សេះឯណោះ) មានកម្លាំងបង្វិល ៥១២ ហ្វីតផោន ដែលអាចជាន់ពី ០ ទៅដល់ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រើពេលត្រឹម ៤.៥ វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្លាំងម៉ាស៊ីនរបស់វានេះ គឺខ្លាំងកប់ចំពោះរថយន្ដប្រើ ថាមពលអគ្គិសនី ហើយក្រុមហ៊ុន បញ្ចេញមក ដើម្បីបំបាក់រថយន្ដ Tesla Model X តែម្ដង។

ពិសេសជានេះទៅទៀត វាក៏បានភ្ជាប់មកនូវទំហំថ្ម ៩០ គីឡូវ៉ាត់ម៉ោង ជាប្រភេទ Lithium-ion ហើយក្រុមហ៊ុនបានអះអាងថា ដោយសារតែម៉ាស៊ីន របស់វាស៊ីថ្មតិចនោះ អញ្ចឹងវាអាចរត់ដល់ ៣៨០ គីឡូម៉ែត្ររាល់ពេល សាកមួយពេញម្ដង។ ចំណែកឯការសាកថ្ម របស់វាវិញ គឺប្រើពេលប្រហែល ១៣ ម៉ោងប្រសិនបើយើងប្រើប្រាស់ ចរន្ដភ្លើងឆ្លាស់ (អគ្គិសនីទូទៅរបស់យើង) កម្លាំង ២៤០ វ៉ុល ប៉ុន្តែប្រសិនបើយើង ប្រើសាកជាចរន្ដស្របកម្លាំង ១០០ គីឡូវ៉ាត់វិញ វាអាចសាកឡើងដល់ ៨០% ប្រើពេលត្រឹមតែ ៤០ នាទីប៉ុណ្ណោះ។

ចំណែកឯរចនាបថរូបរាងរបស់រថយន្ដនេះវិញ ក៏ស្អាតខ្លាំងណាស់ដែរ វាមានរូបរាងតូចស្រដៀងទៅនឹងរថយន្ដខ្នាត Sedan ប៉ុន្តែផ្ទៃខាងក្នុង របស់វាទូលាយល្អ។ នៅផ្នែខាងមុខរបស់វាមាន ភាពរៀបរយស្អាត ហើយមើលទៅលើ សំណាញ់ម៉ាស៊ីនខាងមុខ របស់វាវិញស្រដៀងទៅនឹង រថយន្ដ Bentley ដែរ និងមុខកាចបន្ដិច ដោយសារតែចង្កៀង ភ្នែកត្រីឆ្លាមនេះ។ រីឯចង្កៀងខាងក្រោយវិញ មានចង្កៀងទ្រវែង រចនាបែបស្រួច ដែលដេញពីភ្នែកខាងក្រោយ មកដល់ចំហៀងតែម្ដង។ ចំណែកឯយ៉ាន់របស់វា ត្រូវរចនាដូចជាកងចក្រ និងមានសំបកកង់ស្ព័រ។

ក្រុមហ៊ុន Jaguar បានអះអាងថា រាងរបស់វាតូចប៉ុន្ដែផ្ទៃខាងក្នុងរបស់ទូលាយល្អ មានមានកន្លែងដាក់ជើងនៅកៅអី ខាងមុខទំហំ ៣៥ អ៊ីញ និងផ្ទៃកណ្ដាលទំហំ ១.២ ម៉ែត្រគុប ចំណែកឯគូទដាក់ អីវ៉ាន់ខាងក្រោយរបស់វា មានទំហំ ០.៧ ម៉ែត្រគុប ហើយយើងក៏អាចបត់កៅអី ខាងក្រោយដើម្បីយកផ្ទៃបន្ថែម ផងដែរ ដែលសរុបបានដល់ ១.៤ ម៉ែត្រគុបឯណោះ។

ផ្នែកពិសេសៗរបស់រថយន្ដ I-PACE នេះវិញ មានដូចជា៖

 

•    ប្រព័ន្ធសុវត្ថិភាពហ្វ្រាំង ២ Level
•    អាចត្រួតពិនិត្យនូវការគ្រប់គ្រងទូទៅនៅលើទូរសព្ទបាន តាមរយៈកម្មវីធី
•    មានអេក្រង់បញ្ជានៅខាងមុខ ដែលមានមុខងារវៃឆ្លាត Alexa និងអាចមើលជាត្រីវិស័យ
•    មាន GPS និងស៊េនស័រសម្រាប់ចាប់ទីតាំង និងត្រួតពិនិត្យមើលស្ថានភាពផ្លូវខាងមុខ ព្រមទាំងបង្ហាញពីសណ្ឋានដី ។ល។

Jaguar I-PACE ស៊េរី ២០១៩ នេះនឹងចេញលក់ជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ ២០១៨ នេះហើយ ចំណែកតម្លៃរបស់វិញ គឺនឹងប្រកាសចេញនៅក្នុង ការដាក់បង្ហាញ ពិពណ៌ Geneva Motor Show 2018 នាថ្ងៃស្អែកនេះ ព្រោះក្រុមហ៊ុន Jaguar ក៏នឹងពាំនាំវាយក ទៅដាក់បង្ហាញនាព្រឹត្តិការណ៍ នោះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Slash Gear Tag: យានយន្ត