CAMBO REPORT

Popup Advertising5 seconds

កាមេរ៉ា Galaxy S9+ យក​ឈ្នះ​កាមេរ៉ា Google Pixel 2 និង iPhone X បាន​ហើយ! ត្រៀម​លុយ​ឱ្យ​ហើយ​ទៅ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

វាមិនមែនជារឿងចម្លែកនោះទេ នៅពេលដែលកំពូលស្មាតហ្វូន Galaxy S9+ ទទួល​បាន​ពិន្ទុ​ខ្ពស់​បែប​នេះ​ពី DxOMark ដោយ​សារតែ​សមត្ថភាព​របស់​វា កប់តាំង​ពី​មិនទាន់​ប្រកាស​ចេញ​មកម្ល៉េះ ហើយយើងក៏ធ្លាប់​បានចុះផ្សាយព័ត៌មាន​អំពីកាមេរ៉ា​ថ្មីនេះ​ជា​ច្រើន​មក​ហើយ។ ក្រុមហ៊ុន Samsung ពិតជាលេងខ្លាំងមែនទែនជាមួយនិងស៊េនស័រកាមេរ៉ាថ្មី ទាំងការបំពាក់នូវលេន ដែលអាចប្ដូរកម្រិត Aperture បានដូចជាភ្នែកមនុស្ស, បំពាក់នូវមុខងារទប់លំនឹង OIS នៅលើលេនទាំង ២ គ្រាប់, ស៊េនស័រ Dual-pixel ជំនាន់ថ្មី, អាចថតរូបភាពពង្រីកចូលបានច្បាស់ជាងមុនច្រើន, អាចថតវីឌីអូ 4K ដល់ ៦០ ហ្វ្រេមក្នុងមួយវិនាទី, វីឌីអូយឺតៗដល់ ៩៦០ ហ្វ្រេម​ក្នុងមួយវិនាទីក្នុងកម្រិត HD, បូករួមជាមួយនឹងការច្នៃមុខងារជាច្រើនទៀតនៅក្នុងមីនុយកាមេរ៉ា ធ្វើកាមេរ៉ារបស់ Galaxy S9+ ​គឺខ្លាំងហួសនិស្ស័យតែម្ដង។



ដំបូងយើងទៅមើលលើលក្ខណៈសម្បត្តិកាមេរ៉ារបស់ Galaxy S9+ ជាមុនសិន ដោយវាបានបំពាក់មកនូវ៖

  • កាមេរ៉ាគោល ប្រើស៊េនស័រទំហំ 1/2.55 អ៊ីញ អាចចាប់រូបភាពក្នុងទំហំ ១២ មេហ្គាភិចស៊ែល មានកម្រិត Aperture ធំបំផុត f/1.5 និងអាចប្ដូរទៅដល់តូចបំផុត f/2.4 ។
  • កាមេរ៉ាមួយទៀតប្រើស៊េនស័រទំហំ 1/3.6 អ៊ីញ អាចចាប់រូបភាពក្នុងទំហំ ១២ មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.4 ប្រើប្រាស់ជាលេន Telephoto អាចពង្រីកបែប Optical បាន ២ ដងដោយរក្សាគុណភាពដើមមិនបាត់បង់ និងអាចពង្រីកបែប Digital បានដល់ ១០ ដង។
  • លេនទាំង ២ សុទ្ធតែមានមុខងារទប់លំនឹង OIS ដូចគ្នាល្អបំផុតសម្រាប់ការថតពង្រីក និងវីឌីអូ
  • មានបច្ចេកវិទ្យា Dual Pixel PDAF នៅលើកាមេរ៉ាគោល
  • មានភ្លើង Flash LED ជំនួយបន្ថែម
  • អាចថតវីឌីអូដល់កម្រិត 4K ក្នុងល្បឿន ៦០ ហ្វ្រេម
  • វីឌីអូ Full HD ក្នុងល្បឿន ៤៨០ ហ្វ្រេម
  • វីឌីអូកម្រិត HD ដល់ល្បឿន ៩៦០ ហ្វ្រេមឯណោះ។


1.    រូបភាព Outdoor កាលៈទេសៈមានពន្លឺគ្រប់គ្រាន់



ការថតរូបភាពនៅទិដ្ឋភាពខាងក្រៅ និងមានពន្លឺគ្រាប់គ្រាន់ យើងអាចមើលឃើញថា រកចំណុចខ្វះខាតមិនឃើញនោះទេ ព្រោះ​វា​ផលិត​រូបភាពចេញបាន Sharp ល្អ (មានកម្រិតភាពច្បាស់ខ្ពស់), កម្រិត Dynamic Range ទៅលើកន្លែងមានពន្លឺជះខ្លាំង និង​ស្រមោល​មានសភាពច្បាស់ល្អ មិនកុងគ្នា, ការចាក់ពណ៌បានត្រឹមត្រូវបំផុត។


2.    រូបភាព Indoor



ទៅលើរូបភាពនៅទិដ្ឋភាពខាងក្នុង វានៅតែរក្សាគុណភាពបានល្អ ដោយសារតែវាមានកម្រិត Aperture ធំដល់ f/1.5 ដូចនេះ​វា​ថត​បាន​ភ្លឺជាងកាមេរ៉ាស្មាតហ្វូនដទៃ ជាពិសេសកម្រិតភាពច្បាស់ទៅលើ Object នីមួយគឺច្បាស់ល្អ ហើយក៏មិនសូវមានគ្រាប់ Noise ដែរ។


3.    រូបភាពងងឹត និងបើក LED Flash



នៅពេលបើក Flash នៅស្ថានភាពងងឹតស្លុប​វិញ វាធ្វើការចាប់យក Object បានច្បាស់ល្អដដែលអាចយកប្រើជាការបាន ហើយ​អ្វី​ដែល​គួរឱ្យសរសើរនោះ គឺការចាក់ពណ៌ ព្រោះវាមិនធ្វើឱ្យពណ៌នៃ Object បាត់បង់ ឬខ្វាក់ពណ៌ណាមួយឡើយ ហើយការជះពន្លឺ Flash ក៏មិនខ្លាំងធ្វើឱ្យស្ញាញរូបភាពដែរ។


4.    រូបភាពពង្រីកចូល ៤ ដង



Galaxy S9+ ថតបានទូលាយជាង iPhone X និង Google Pixel 2 ទៅលើការពង្រីកចូល ៤ ដងវាធ្វើការបានល្អជាងគេដែរ គឺនៅ​រក្សា​​ភាពច្បាស់ឱ្យនៅតែច្បាស់ដដែល ហើយការចាក់ពណ៌ក៏មិនប្រែឡើយ។ បើយើងមើលទៅរូបភាពរបស់ iPhone X វារាងស្លេកពណ៌ ចំណែកឯរូបភាពរបស់ Google Pixel 2 វាបាត់បង់គុណភាពច្រើន ដោយចេញព្រាលនៅលើអាវ ជាពិសេស​នៅ​លើ​ស្មៅ​ខាង​ក្រោយ។



ចំពោះរូបភាពពង្រីកពីចំងាយឆ្ងាយ អ្នកនឹងទទួលបានរូបភាពច្បាស់ល្អមែនទែន ហើយក៏មិនចេញគំនូរច្រើនឡើយ និយាយ​ទៅ​កាមេរ៉ា​របស់​វា​គឺមិនចាប់កម្រិតភាពច្បាស់បានឆ្ងាយមែនទែន។


5.    រូបភាពថតព្រាលផ្ទៃខាងក្រោយ (bokeh)



ការថតព្រាលផ្ទៃខាងក្រោយ វាកាត់ស្មាមបានដាច់ល្អជាងគេ ដែលយើងអាចឃើញទៅលើសក់ និងកម្រិតព្រាលបានប្រសើរជាងគេ​ផង​ដែរ ប៉ុន្តែការគ្រប់គ្រងកម្រិតពន្លឺ Exposure វាស្ទើរជាង iPhone X និង Google Pixel 2 នៅឡើយទេ។



រីឯការថតព្រាលខាងក្រោយ នៅទិដ្ឋភាពខាងក្នុងវិញ វាថតបានភ្លឺច្បាស់ជាងគេ ដោយអ្នកនឹងទទួលបានរូបភាពមានពន្លឺគ្រប់គ្រាន់ សាច់ឈាមស្រស់ថ្លា ថតព្រាលបានស្អាតល្អ កាត់បានស្អាតជាងគេ និងមានពណ៌ប្រសើរផងដែរ។ ប៉ុន្តែកម្រិតភាពព្រាលរបស់វា មិនសូវព្រាលខ្លាំងដូចជា iPhone X ទេ ហើយការចាក់ពណ៌ក៏មិនដិតច្បាស់ដូច Google Pixel 2 ដែរ។


6.    ការផលិតពណ៌



ទៅលើរូបភាពខាងលើនេះ វាអាស្រ័យទៅលើការចូលចិត្តរបស់មនុស្សម្នាក់ៗ ទៅលើរូបភាពរបស់ Galaxy S9+ អ្នកនឹងឃើញក​ន្លែង​មាន​ស្រមោល​បាន​ភ្លឺច្បាស់ ប៉ុន្ដែការដាក់ពណ៌ខៀវ និងពណ៌ផ្កាឈូកវាចេញស្រាលជាងគេបន្ដិច ដោយឡែក Google Pixel ធ្វើការ​ប្រសើរ​ជាង​គេ ចំណែកឯ iPhone X ចាប់រូបភាពរាងព្រាល ទៅលើស្លឹកឈើ។


សរុបជារួម កាមេរ៉ារបស់ Galaxy S9+ ទទួលបានពិន្ទុទៅលើការថតរូបភាពបានដល់ ១០៤ ដែល​ជា​ពិន្ទុខ្ពស់​ជាង​កំពូលស្មាតហ្វូន​នានាទាំងអស់នាពេលបច្ចុប្បន្ននេះ ចំណែកឯការថតវីឌីអូវិញទទួលបានពិន្ទុ ៩១ ក៏ជាពិន្ទុខ្ពស់ជាងគេផងដែរ ប៉ុន្ដែនៅទាបជាង Google Pixel 2។



អញ្ចឹងទាំងនេះ គឺជាសមិត្ថផលដែលក្រុមហ៊ុន Samsung ព្យាយាមធ្វើទៅលើកំពូលស្មាតហ្វូន Galaxy S ជំនាន់ថ្មីនេះ ឃើញ​ថា​វា​សាកសម​នឹងទទួលបានល្អហើយ ព្រោះវាមានសមត្ថភាពខ្លាំងលេនកាមេរ៉ា Dual Aperture ដែលអ្នកមិនធ្លាប់ឃើញពីមុនមក ហើយ​កម្រិត Aperture ឡើងទៅដល់ f/1.5 ចំណែការថតវីឌីអូក៏កាន់តែលេចធ្លោជាមួយមុខងារទប់រំញ័រលើលេនទាំង ២។ ដូចនេះ​តើ​ប្រិយមិត្តយល់យ៉ាងណាដែរទៅលើសមត្ថភាពថតរបស់ Galaxy S9+ ខាងលើនេះ? បើចង់កាន់តែច្បាស់អ្នកអាចរង់ចាំទស្សនា​​ការ​បង្ហាញលក្ខណៈលំអិតអំពីវា ពីក្រុមការងារខេមបូរីផត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: DxOMark Tag: ទូរស័ព្ទ