CAMBO REPORT

Popup Advertising5 seconds

នេះជា A7 III ដែល​មាន​ស៊េនស័រ​ទំហំ ២៤ មេហ្គា​ភិចស៊ែល និង​អាច​ថត​វីឌីអូ​ដល់ 4K HDR

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាព្រឹត្តិការណ៍ MWC ២០១៨ នេះក្រុមហ៊ុន Sony មិនត្រឹមតែបានពាំនាំយកស្មាតហ្វូនកំពូលរបស់ខ្លួនមកដាក់បង្ហាញនោះទេ ប៉ុន្តែ​ក៏​បាន​ប្រកាស​ចេញ​នូវ​កាមេរ៉ា Full Frame ជំនាន់ថ្មី A7 III របស់ខ្លួនផងដែរ ធ្វើឱ្យប្រិយមិត្តដែលស្រលាញ់ការថត និង​ចូល​ចិត្ត​ផលិត​វីឌីអូ អាច​ពិចារណាទៅលើវាបានដោយសារតែវាមានតម្លៃសមរម្យ អមមកជាមួយនឹងលក្ខណៈសម្បត្តិខ្លាំងមិនធម្មតា អាចចាត់ចូល​ជា​កាមេរ៉ាលំដាប់ខ្ពស់បាន។ អញ្ចឹងយើងនឹងធ្វើការរៀបរាប់ពីលក្ខណៈសម្បត្តិត្រួសៗ របស់កាមេរ៉ាជំនាន់ថ្មីរបស់ Sony នេះ។



បើមើលទៅលើរូបរាងខាងក្រៅរបស់វាគឺមិនមានអ្វីប្លែកគួរចាប់អារម្មណ៍ច្រើនឡើយ ព្រោះវាមានលំនាំដូចកាមេរ៉ា DSLR និង Mirrorless កាមេរ៉ាដទៃទៀតរបស់ក្រុមហ៊ុន Sony ស្រាប់ទៅហើយ ដែលគេហៅរូបរាងវាថា SLR-style mirrorless និងអាច​ប្រើប្រាស់​ជាមួយនឹងកែវលេន Sony E-Mount ដទៃទៀតជាច្រើន។ វាមានរូបរាងតូចល្មម និងមានទំងន់ត្រឹមតែ ៦៥០ ក្រាម​ប៉ុណ្ណោះ ហើយក៏មានរន្ធដោតច្រើនផងដែរ ដូចជារន្ធ micro-HDMI, USB Type-C 3.1, រន្ធដោតឧបករណ៍ស្រូបសម្លេង និងរន្ធ​ដោត​កាស, ប្រើប្រាស់មេម៉ូរីប្រភេទ SD, SDHC, SDXC, និងជាច្រើនផ្សេងទៀត ហើយយើងក៏អាចភ្ជាប់​វាទៅកាន់​ឧបករណ៍​ដទៃ​ទៀត​តាមរយៈ Wi-Fi ឬក៏ NFC ផងដែរ។ កាមេរ៉ានេះប្រើថ្មមួយគ្រាប់ប្រភេទ NP-FZ100 li-ion ដែលអាចប្រើថតរូបបានដល់ ៧១០ ប៉ុស្ដ៍ពេលសាកមួយពេញ។


នៅខាងក្រោយមានអេក្រង់ LCD ជាអេក្រង់ប៉ះបញ្ជាបាន និងអាចបត់បានផងដែរ វាមានទំហំ ៣ អ៊ីញដែលមាន Dot អេក្រង់​ច្រើន​ដល់ ០.៩ លានគ្រាប់ និងរន្ធ Viewfinder ជាអេក្រង់ OLED ដែលមាន Dot អេក្រង់ច្បាស់ដល់ ២.៣ លានគ្រាប់។ មុខងារ​កំណត់​ម៉ូដ​នៃ​ការថតប៉ុស្ដ៍, វីឌីអូ, ថត Portrait និងមុខថតជាច្រើនទៀតនៅកងបង្វិលខាងលើ ហើយកងបង្វិលមួយទៀតគឺ​សម្រាប់​បង្វិល​កំណត់​ទៅ​លើ ISO, Shutter, Speed, Exposure, EV, និង White Balance ជាដើម ចំណែកឯ Focus យើងអាចប្រើនៅ​លើ​កែវ​លេនទូទៅ​ក៏​បាន ឬក៏ឱ្យម៉ាស៊ីនចាប់ក៏បានដែរ។ បើនិយាយឱ្យងាយទៅ វាមិនខុសពីការប្រើប្រាស់ម៉ាស៊ីនកាមេរ៉ា DSLR និង Mirrorless ដទៃទៀតឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺស៊េនស័រខាងក្នុង។



កាមេរ៉ានេះត្រូវបានប្រើប្រាស់នូវស៊េនស័រ Full frame ប្រភេទ Exmor-R CMOS មានទំហំ ៣៥.៨ x ២៣.៨ មីលីម៉ែត្រ អាចចាប់​រូបភាព​​ក្នុង​ទំហំ​សរុបអតិបរមា ៦,០០០ x ៤,០០០ ភិចស៊ែល ជាមួយនឹងស៊េនស័រទំហំ ២៤ មេហ្គាភិចស៊ែលរបស់វា និងមាន​បំពាក់​នូវ Image Processor ពពួក Bionz X ដែលយើងធ្លាប់បានឃើញនៅលើកាមេរ៉ាលំដាប់កំពូលដែរ អមមកជាមួយនឹងមុខងារ​ទប់​រំញ័រ ៥ អ័ក្សទៀត ដូចនេះការថតរូបភាពពង្រីកចូលជិតបែប Micro shot, ការថត Long Exposure និងការថតវីឌីអូកាន់​តែ​លេច​ធ្លោ។



ទៅលើការថតរូបប៉ុស្ដ៍ វាអាចចាប់រូបភាពនៅក្នុងល្បឿន ១០ ប៉ុស្ដ៍ក្នុងវិនាទីជាប្រភេទ File RAW ឬក៏ JPEGs ប៉ុន្ដែសម្រាប់​នៅ​ក្នុង​មេម៉ូរី​បណ្ដោះ​អាសន្ន វិញ វាអាចរក្សាទុកទៅដល់ ១៧៧ ប៉ុស្ដ៍សម្រាប់ JPEGs និងចំនួ ៨៩ សម្រាប់ RAW ក្នុងមួយវិនាទី។ យើង​អាច​ជ្រើសរើសប្លង់ថតបានតែ ២ ប៉ុណ្នោះគឺ 3:2 និង 16:9 Aspect Ratio ចំណែកឯការកំណត់បែប Manual យើងអាចកំណត់ ISO ទាបបំផុតត្រឹម ៥០ និងល្បឿន Shutter Speed យូរបំផុតដល់ ៣០ វិនាទី ហើយចំណុច Focus មានចំនួនដល់ទៅ ៦៩៣ ចំណុច​ឯណោះ ដូចនេះយើងក៏អាចកំណត់ឱ្យម៉ាស៊ីនចាប់ចំណុច Focus បានច្រើនប្រភេទផងដែរដូចជា៖ Phase Detect, Multi-area, Tracking, Selective, Face Detect, Continuous ជាមុខងារចាប់ជាច្រើនទៀត។ ចំណែកឯការ Zoom បែប Digital បាន​ដល់ ៤ ដងផងដែរ។


ទស្សនារូបភាពគំរូដែលបានថតចេញពី A7 III៖


ទៅលើការថតវីឌីអូវាអាចថតបាននៅក្នុងកម្រិតធំបំផុត 4K (3840 x 2160 ភិចស៊ែល) នៅក្នុងល្បឿន ៣០ ប្លង់ ឬ ២៤ ប្លង់ក្នុង​មួយ​វិនាទី ជាមួយនឹង File Format H.264 និងទាំងអាចបើថតវីឌីអូបែប HDR ទៀតផង រីឯការថតត្រឹមកម្រិត Full HD វាអាចថតនៅ​ក្នុង​ល្បឿនចាប់ពី ២៤ ប្លង់ឡើយទៅដល់ ១២០ ប្លង់ឯណោះក្នុងវិនាទី ជាប្រភេទ File Format H.264 ដូចគ្នា។ នៅក្នុងការថតវីឌីអូ វាក៏អាចទ្រាំទ្រជាមួយនឹង S-Log2 និង S-Log3 ផងដែរ ដើម្បីបើកឱ្យកម្រិតពន្លឺ HDR កាន់តែស្រូបច្បាស់ និងធ្វើឱ្យរូបភាព​អណ្ដែត​ថែម​មួយ​កម្រិត​ទៀត។ ហើយការចាប់ចំណុច Focus ក៏មានដូចនៅលើមុខងារ ថតរូបភាពសន្លឹកដែរ ប៉ុន្តែវាកាន់​តែ​លេច​ធ្លោ​ជាមួយ​នឹងមុខងារ AF tracking នៅពេលថត។


ទស្សនាវីឌីអូ 4K HDR ដែលបានថតចេញពីកាមេរ៉ា Sony A7 III៖



Sony A7 ជំនាន់ទី ៣ នេះនឹងត្រូវដាក់លក់នៅក្នុងខែមីនានេះហើយនៅទ្វីបអ៊ឺរ៉ុបមុនគេបង្អស់ ដែលតម្លៃរបស់វានឹងប្រហាក់ប្រហែល ២,០០០ ដុល្លារ គិតសម្រាប់តែខ្លួនវាប៉ុណ្ណោះ ចំណែកឯកែវលេន យើងនឹងត្រូវទិញបន្ថែមក្រៅទៀត។ អ្នកអាច​នឹង​គិត​ថា​វា​មាន​តម្លៃ​ថ្លៃ​បើ​មើលទៅលើតម្លៃ ប៉ុន្តែបើយើងប្រៀបធៀបវាជាមួយនឹងសមត្ថភាពដែលវាអាចធ្វើបាន និងគុណភាពនៃការថតរូប និងការ​ថតវីឌីអូ 4K HDR នេះគឺវាមិនថ្លៃនោះទេ ម្យ៉ាងទៀតវាក៏ប្រើស៊ីភីយូកម្រិតខ្ពស់ ដែលអនុញ្ញាតិឱ្យយើងកំណត់បានច្រើន និងមាន​មុខងារ​ជំនួយបន្ថែមទៀតផង។

ទស្សនាវីឌីអូខាងក្រោម៖


 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: The Verge Tag: កាមេរ៉ា