CAMBO REPORT

Popup Advertising5 seconds

Acer ត្រៀមចេញ​ថេប្លេត​អេក្រង់ ៨ អ៊ីង​ប៉ុន្តែ​មាន​តម្លៃ​ខ្ទង់ ១០០ ដុល្លារ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Acer យើងតែងតែស្គាល់ថា​ជាក្រុមហ៊ុន​អេឡិចត្រូនិចដ៏​ល្បីល្បាញ​របស់​តៃ​វ៉ាន់ ដែល​បាន​បញ្ចេញ​នូវ​កុំព្យូទ័រ​ស៊េរីថ្មីៗ​របស់​ខ្លួន​ជារៀងរាល់ឆ្នាំ ចាប់ពីទាំងម៉ូឌែលទាប ដល់ម៉ូឌែលកំពូលដូចជា Predator ជាដើម។ ប៉ុន្តែក្រុមហ៊ុន Acer ក៏មានផលិតផលស្មាតហ្វូន និងថេប្លេតសម្រាប់លក់ផងដែរ គ្រាន់តែវាមិនសូវជាពេញនិយមប៉ុន្មានទេនៅក្នុងស្រុកខ្មែរយើង ដោយសារមិនសូវមានអ្នកស្គាល់។ សម្រាប់ព្រឹត្តិការណ៍ MWC នាខែក្រោយនេះ ក្រុមហ៊ុនក៏នឹងត្រៀមបញ្ចេញនូវ ថេប្លេត​ស៊េរីថ្មីរបស់​ខ្លួន​មួយ​ម៉ូឌែលផងដែរ ដែលមានលក្ខណៈសម្បត្តិមធ្យមមួយ ហើយក៏មានតម្លៃទាបផងដែរ។

 

 

ថេប្លេតស៊េរីថ្មីនេះមានឈ្មោះថា  Acer Iconia One 8 ដែលនឹងត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2018។ វាប្រហែលអាចជាថេប្លេតដំបូងគេបង្អស់ប្រចាំឆ្នាំ ២០១៨ ដោយសារតែ​ក្រុមហ៊ុន​ភាគ​ច្រើន​បាន​បោះបង់ថេប្លេតទៅហើយ និងព្យាយាមពង្រឹងទៅលើស្មាតហ្វូនអេក្រង់ធំវិញ។ យ៉ាងណា​ក៏​ដោយ Iconia One 8 នេះបានទទួលស្គាល់គុណភាពផលិតពី FCC (Federal Communications Commission) រួចមកហើយ ថានឹងបំពាក់អេក្រង់ទំហំ ៨ អ៊ីងដែលមានកម្រិតបង្ហាញ 1280 x 800 ភិចស៊ែល។ ចំណែកកម្លាំងម៉ាស៊ីនរបស់វាស្ថិតនៅក្នុងលំដាប់ទាបមួយ ប្រហែលជាក្រុមហ៊ុនគិតថា ថេប្លេត​នាពេលបច្ចុប្បន្ន គ្រាន់តែបម្រើតែការកំសាន្ដតែប៉ុណ្ណោះ ដោយវាប្រើប្រាស់បន្ទះឈីប MediaTek MT6781A មានស៊ីភីយូ ៤ គ្រាប់ល្បឿន ១.៣ ជីកាហឺត, ទំហំរ៉េម ១ ជីកាបៃ, និងអង្គផ្ទុកទិន្នន័យ ១៦ ជីកាបៃ។ កម្លាំងម៉ាស៊ីននេះ យើងមិនអាចរំពឹងថាវាដំណើរការបានលឿន និងលេងហ្គេម ដែលមាន​ក្រាហ្វិច​ធំឡើយ ដែលវាអាចប្រើប្រាស់បានការងារទូទៅធម្មតាតែប៉ុណ្ណោះ ដូចជាប្រើប្រាស់កម្មវិធី និង​ទស្សនាវីឌីអូ ជាដើម។ វាក៏ភ្ជាប់មកជាមួយនឹងកាមេរ៉ាខាងក្រោយ ៥ មេហ្គាភិចស៊ែល និងកាមេរ៉ាមុខ ២ មេហ្គាភិចស៊ែល ហើយក៏មានថ្មធំសមល្មមផងដែរ ទំហំ ៤,៥០០ មីលីអំពែ ដែលកាន់បានយូរប្រសិន​បើ​ប្រៀបធៀប​ជាមួយនឹងកម្រិតបង្ហាញរូបភាព និងកម្លាំងម៉ាស៊ីននេះ។

 

 

Acer Iconia One 2018 នឹងបង្ហាញខ្លួននាខែក្រោយនេះហើយ ដែលតម្លៃរបស់វាមិនលើសពី ១៥០ ដុល្លារឡើយ បើមើលទៅលើលក្ខណៈសម្បត្តិរបស់វា និងមើលទៅលើថេប្លេត Acer ម៉ូឌែលមុនៗ។ សរុបមកវិញ យើងឃើញថា ក្រុមហ៊ុន Acer តែងតែផលិតនូវស្មាតហ្វូន និងថេប្លេត ដែលមាន​តម្លៃ​ទាប​សមរម្យ ស្របជាមួយនឹងគុណភាពរបស់វា សម្រាប់បម្រើការកម្សាន្ដរបស់អ្នកប្រើប្រាស់ ហើយ​ក៏​សង្ឃឹម​ថា ក្រុមហ៊ុន Acer នឹងនាំយកវត្ដមានរបស់វា មកដល់ទីផ្សារប្រទេសយើងដែរទៅចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ថេប្លេត